អន្តរជាតិ
អូស្ត្រាលី​នៅតែ​ជឿថា ការសម្រេចចិត្ត​ឈ្លានពាន​អ៊ីរ៉ាក់​ជាមួយ​អាមេរិក​ជា​រឿង​ត្រឹមត្រូវ​
07, Jul 2016 , 9:19 pm        
រូបភាព
​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក John Howard បាន​អះអាងថា លោក​នៅតែ​ចាត់ទុក​ការឈ្លានពាន​អ៊ីរ៉ាក់​ឆ្នាំ ២០០៣ ជាមួយ​អាមេរិក​និង​អង់គ្លេស​ជា​រឿង​ដែល​សមស្រប​មួយ​។ ការបញ្ជាក់​បែបនេះ​ធ្វើឡើង​ក្រោយ​ពេលដែល របាយការណ៍ Chilcot របស់​អង់គ្លេស​បកអាក្រាត​ថា​ការសម្រេចចិត្ត​ធ្វើសង្គ្រាម​នៅ​អ៊ីរ៉ាក់ របស់លោក តូ​នី ប្ល៊ែ​រ​(Tony Blair) ធ្វើឡើង​ដោយ​ពឹង​លើ​ព័ត៌មាន​ចារកម្ម​ខុស​។​



​ការអន្តរាគមន៍​នៅ​អ៊ីរ៉ាក់ ទោះ​កើតឡើង​ជាង​១០​ឆ្នាំមុន​ក៏ដោយ វា​នៅតែ​ជា​រឿងចម្រូងចម្រាស​និង​ស្មុគស្មាញ​បំផុត​ដែរ​។ សំណុំ​រឿងនេះ​កាន់តែ​ចម្រូងចម្រាស​ខ្លាំង​នៅពេលដែល​របាយការណ៍​អង់គ្លេស Chilcot ចេញផ្សាយ​ថា ការសម្រេចចិត្ត​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​កាលនោះ​គឺ​លោក តូ​នី ប្ល៊ែ​រ  ពឹង​លើ​របាយការណ៍​ចារកម្ម​ខុស ហើយ​លោក​មិនបាន​ប្រើប្រាស់​ឲ្យ​អស់​រាល់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​អ៊ីរ៉ាក់​ឡើយ​។​

​ចំណែក នៅ​អូស្ត្រាលី​វិញ អតីត​នាយករដ្ឋមន្ត្រី​លោក John Howard ក៏​ត្រូវគេ​សួរនាំ​ផងដែរ​ជុំវិញ​ការបញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​និង​អង់គ្លេស ខណៈដែល​លោក​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រុង Sydney ថ្ងៃ​ពុធ​ទី ៦​កក្កដា​។ លោក John Howard  ដែល​កាន់តំណែង​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ ២០០៧ នោះ នៅតែ​ការពារ​អ្វីដែល​លោក​បានធ្វើ​ដោយ​បញ្ជាក់ថា ការសម្រេចចិត្ត​ចូលរួម​ជាមួយ​អាមេរិក​និង​អង់គ្លេស​ដើម្បី​ឈ្លានពាន​អ៊ីរ៉ាក់​ជា​រឿង​សមស្រប​មួយ​។ តែ​លោក​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​ប្រជាជន​និង​កង​ម្លាំ​ង​យោធា​ដែរ​ព្រោះ​អូស្ត្រាលី​បញ្ជូន​ទ័ព​ប្រហែល ២០០០​នាក់​ទៅ​ចូលរួម​ក្នុង​អន្តរាគមន៍​នេះដែរ​។​

​អតីត​នាយករ​ដម​ន្ត្រី​អូស្ត្រាលី​រូបនេះ​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា​ការសម្រេចចិត្ត​ទៅធ្វើ​សង្គ្រាម​ប្រឆាំង​អ៊ីរ៉ាក់​គឺជា​រឿង​សមស្រប​កាលនោះ ហើយ​ខ្ញុំ​មិន​ប្តូរ​ជំហ​របស់ខ្ញុំ​ឡើយ​ព្រោះ​ខ្ញុំ​គិត​ច្បាស់​ហើយ​ថា​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​»​។​

​ក្នុងពេលនោះ​មាន​អ្នកសារព័ត៌មាន​សាកសួរ​លោក​ផងដែរ​ថា​តើ​លោក​អាច​សុំ​អភ័យ​ចំពោះ​ក្រុមគ្រួសារ​យោធា​អូស្ត្រាលី​ឬ​អត់ ហើយ​លោក​ឆ្លើយតប​ថា​លោក​ពិតជា​សោកស្តាយ តែ​មិន​សុំ​អភ័យទោស​ចំពោះ​ការសម្រេចចិត្ត​ឡើយ​។ លោក​លើកឡើងថា​៖« តាមពិតទៅ​ខ្ញុំ​សោកស្តាយ​ចំពោះ​ការស្លាប់​និង​របួស ប៉ុន្តែ​បើសិនជា​ឲ្យ​ខ្ញុំ​សុំ​អភ័យទោស​ចំពោះ​ការចូលរួម​ក្នុង​អន្តរាគមន៍​នៅ​អ៊ីរ៉ាក់​នោះ ខ្ញុំ​សូម​និយាយថា​អ្វី​ខ្ញុំ​ការពារ​ការសម្រេច​ចូលរួម​ក្នុង​អន្តរាគមន៍​នេះ​»​។​

​តាមពិតទៅ​ការអន្តរាគមន៍​យោធា​ក្នុង​ឆ្នាំ ២០០៣ ដោយ​ឈ្លានពាន​អ៊ីរ៉ាក់ ធ្វើឡើង​ក្នុង​គោលដៅ​តាម​ប្រមាញ់​អាវុធ​មហា​ប្រល័យ​ដែល​លោក សា​ដាម ហ៊ូ​សេន លាក់ទុក ហើយ​មួយទៀត​គេ​ក៏​ចង់​គាស់​រំលើង​របប​ផ្តាច់ការ​និង​បណ្តុះ​លទ្ធិប្រជាធិបតេយ្យនៅ​មជ្ឈិមបូព៌ា​ផង​។ ប៉ុន្តែ​ក្រោយ​ការអន្តរាគមន៍ គេ​រក​មិនឃើញ​អាវុធ​មហា​ប្រល័យ​សោះ ហើយ​គេ​មិន​ត្រឹមតែ​មិនអាច​ជួយ​សាប​ព្រួស​ប្រជាធិបតេយ្យ​ឡើយ អាមេរិក​និង​សម្ព័ន្ធមិត្ត​ក៏​ចូល​រូ​ម​បង្កើត​ចលនា​ហិង្សា​សាសនា រហូត​លេចចេញ​ជា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​នេះ​ទៀត​៕


Tag:
 អ៊ីរ៉ាក់​
 ​ អូស្ត្រាលី​
  John Howard
© រក្សាសិទ្ធិដោយ thmeythmey.com