ជាតិ
បទវិភាគ
ចេះច្បាប់ ត្រូវគោរពច្បាប់!
× នៅក្នុងសង្គមនីមួយៗ ក្រៅតែពីនិស្សិតដែលសិក្សាមុខវិជ្ជាច្បាប់ ដែលគេហៅថា លោកបរិញ្ញាបត្រច្បាប់ លោកបណ្ឌិតផ្នែកច្បាប់នោះ ក៏មានក្រុមមនុស្សមួយចំនួនទៀតដែរ មានដូចអ្នកតំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាដើម ដែលគេចាត់ទុកថា ជាអ្នកចេះច្បាប់ ឬអាចស្វែងយល់ពីច្បាប់បានច្រើនជាងពលរដ្ឋធម្មតា។ តែកន្លងមកអ្នកចេះច្បាប់ខ្លះ ត្រូវគេមើលឃើញថា មិនបានគោរពច្បាប់ទៅតាមការចេះដឹងរបស់ខ្លួនទេ។
ប្រជាជនដែលរស់នៅក្នុងសង្គមខ្វះយុត្តិធម៌ ប្រាកដជាធ្លាប់ឮពាក្យថា អ្នកចេះច្បាប់មិនគោរពច្បាប់ យកច្បាប់មកទ្រាប់អង្គុយ យកច្បាប់មកជាន់ឈ្លី។ ពាក្យទាំងនេះ កើតឡើងនៅពេលដែលពួកគេឃើញអ្នកចេះច្បាប់ អ្នកនយោបាយ អ្នកតំណាងរាស្ត្រ អ្នកធ្វើការងារផ្នែកច្បាប់ខ្លះ នៅក្នុងប្រទេសណាមួយ យកច្បាប់ធ្វើឈ្នាន់ ហើយបកស្រាយតាមការយល់ឃើញ ដើម្បីតែប្រយោជន៍សម្រាប់ខ្លួន និងបក្សពួកខ្លួន ដោយបង្ខំឲ្យភាគីទន់ខ្សោយអនុវត្តតាម។
នៅក្នុងសង្គមដែលគ្មាននីតិរដ្ឋ អ្នកដែលយកច្បាប់មកជាន់ឈ្លីទាំងនោះ ចាំឆ្មក់យកតែកន្លែងចន្លោះប្រហោងនៃច្បាប់ ហើយទាញមកការពារខាងខ្លួន ឬក្រុមខ្លួនថា ជាអ្នកធ្វើត្រឹមត្រូវតាមច្បាប់ ចំណែកក្រុមផ្សេងទៀត ធ្វើផ្ទុយពីច្បាប់ជានិច្ច។ ពេលខ្លះទៀត ច្បាប់ ក៏បានចែងច្បាស់ដែរថា ទង្វើរបស់ពួកគេ ខុសនឹងច្បាប់ទាំងស្រុង តែដោយសារអំណាចពួកគេនៅតែអាចបកស្រាយថា ទង្វើរបស់ពួកគេត្រឹមត្រូវតាមច្បាប់បានដែរ ហើយអ្នកដែលធ្វើត្រឹមត្រូវពិតប្រាកដ ត្រូវក្លាយជាអ្នកខុស ជាឧក្រិដ្ឋជន ត្រូវជាប់ទោសទណ្ឌយ៉ាងអយុតិ្តធម៌។
នៅក្នុងស្ថាប័នតុលាការ ដែលជាអំណាចសំខាន់របស់ជាតិ សុទ្ធសឹងតែក្រុមបញ្ញវន្ត ដែលចេះដឹងច្បាប់ មានដូចជា ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ជាដើម បានចោទប្រកាន់ ឬកាត់ក្តី ឲ្យមនុស្សល្អក្លាយជាឧក្រិដ្ឋជន ហើយឲ្យឧក្រិដ្ឋជនពិតប្រាកដក្លាយជាទេវតា ដោយសារតែបុណ្យសក្តិ និងលុយ។
ជារួមមកនៅក្នុងប្រទេសណាក៏ដោយ ប្រសិនបើច្បាប់ត្រូវបានមនុស្សមានអំណាច ឬអ្នកចេះច្បាប់ យកទៅទ្រាប់យអង្គុយ យកច្បាប់ទៅជាន់ឈ្លី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍របស់ក្រុមខ្លួន សង្គមនោះ នឹងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ ដោយសារតែភាពឈឺចាប់របស់អ្នកទន់ខ្សោយ ដែលត្រូវបានអ្នកខ្លាំងរំលោភនោះមានច្រើនពេក និងទ្រាំលែងបាន។ ពីព្រោះអ្នកទន់ខ្សោយ ឬអ្នកដែលរងទុក្ខចំពោះភាពអយុត្តិធម៌ការបកស្រាយនៃច្បាប់នោះ អាចលែងខ្វល់ខ្វាយពីការស្លាប់រស់របស់ពួកគេហើយ ពីព្រោះតែទំហំនៃការលំបាកហួសគណនា។
ដូច្នេះបញ្ញវន្តទាំងអស់ ជាពិសេសអ្នកចេះច្បាប់ អ្នកកាន់ការងារផ្នែកយុត្តាធិការ នៅលើបណ្តាប្រទេសនីមួយៗ ដែលមិនទាន់មាននីតិរដ្ឋពេញលេញ ត្រូវចាប់ផ្តើមគោរពច្បាប់ ឈប់យកច្បាប់មកទ្រព្យអង្គុយ។ ពីព្រោះថា ក្នុងនាមជាអ្នកចេះច្បាប់មួយរូប ត្រូវប្រកាន់យកនូវគុណធម៌ សីលធម៌ និងមានស្មារតីស្រឡាញ់ប្រទេសជាតិ និងពលរដ្ឋរបស់ខ្លួន។ សូមលោក លោកស្រី បរិញ្ញាបត្រច្បាប់ លោក លោកស្រី បណ្ឌិតច្បាប់ លោក លោកស្រី ចៅក្រម លោក លោកស្រីព្រះរាជអាជ្ញា លោក លោកស្រី ក្រឡាបញ្ជី លោកមន្ត្រី ឈប់យកប្រាក់ យកអំណាច ជាធំ ធ្វើបាបមនុស្សល្អ ឬពលរដ្ឋស្លូតត្រង់៕
© រក្សាសិទ្ធិដោយ thmeythmey.com