អន្តរជាតិ
អ្នក​ឆ្ពិន​ភ្នែក​ម្នាក់​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ពិធី​ការិនី​ត្រូវរបួស​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​
08, Jul 2016 , 8:39 am        
រូបភាព
ដោយ: ធីតា
 ​ក្នុង​លោក​នេះ តើ​ពិត​ជាមាន​មនុស្ស​ចេះ​វេទមន្ត​មែនឬ ? បើ​ចេះ​ប្រើ​វេទមន្ត ពិតជា​មិនអាច​មានការ​ភ្លាត់ស្នៀត​ទេ ប៉ុន្តែ បើជា​វិជ្ជា​ឆ្ពិន​ភ្នែក គឺ​ពិតជា​អាច​ភ្លាត់ស្នៀត​។ បុរស​ម្នាក់​ដែល​ចេះ​វិជ្ជា​ឆ្ពិន​ភ្នែក ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​មួយ​របស់​ប៉ូឡូញ​អញ្ជើញ​ឲ្យ​មក​សម្តែង​នៅក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​មួយ​។ ជា​អ​កុស​កល នៅថ្ងៃនោះ វិជ្ជា​ឆ្ពិន​ភ្នែក​របស់គាត់​ហាក់ដូចជា​ប្រើ​ការមិន​បានទេ ទើប​ធ្វើ​ឲ្យ​ពិធី​ការិនី​ម្នាក់​ត្រូវរបួស​បាតដៃ​យ៉ាងធ្ងន់ធ្ងរ​។​

 
​វា​ជាការ​សម្តែង​មួយ​ដ៍​មាន​គ្រោះថ្នាក់​។ បុរស​បានដាក់​ដែក​ដ៏​មុត​ស្រួច​មួយ​នៅក្នុង​ថង់​ក្រដាស​មួយ​ក្នុងចំណោម​ថង់​ចំនួន ៤ ដែល​ដាក់​នៅលើ​តុ​។ គាត់​អះអាងថា អាចធ្វើ​ឲ្យ​ដែក​ស្រួច​នោះ​បាត់​ពី​ក្នុង​ថង់​បាន ដោយ​មិនចាំបាច់​ប៉ះ​ថង់​ទេ​។ គាត់​បានស្នើ​ឲ្យ​ពិធី​ការិនី​យកដៃ​វ៉ៃ​ថង់​នោះ​។ ពិធី​ការិនី​ស្ទាក់ស្ទើរ តែ​នៅ​ទីបំផុត​ក៏​យល់ព្រម​ធ្វើតាម​សំណូមពរ​។ នាង​យក​បាតដៃ​វ៉ៃ​ថង់​ពេញ​មួយ​ទំហឹង​។ រំពេច​នោះ ពិធី​ការិនី​ស្រែកថ្ងូរ​ដោយ​ការឈឺចាប់ ឈាម​ក៏​ហូរ​ចេញមក​។ ដែកគោល​បាន​មុត​យ៉ាងជ្រៅ​ចូលក្នុង​បាតដៃ​របស់​នាង​។​
 
​កម្មវិធី​ត្រូវ​ផ្អាក​ទាំងស្រុង​ភ្លាមៗ ដោយសារតែ​ពិធី​ការិនី​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ភ្លាត់ស្នៀត​ពេលណា​មិន​ភ្លាត់ បែរជា​មក​ចំពេល​ផ្សាយ​បន្ត​ផ្ទាល់​ទៅវិញ​៕
 
​ប្រភព​៖ Direct Matin
 

© រក្សាសិទ្ធិដោយ thmeythmey.com