អន្តរជាតិ
មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ពង្រឹង​ឥទ្ធិពល​ប្រជែង​ចិន​នៅ​ទ្វីបអាហ្វ្រិក​
08, Jul 2016 , 9:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អាហ្វ្រិក​ចំនួន ៤​ដើម្បី​ពង្រឹង​ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ទ្វីបអាហ្វ្រិក​។​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នេះ​ហាក់ដូចជា​កំពុង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ប្រជែង​ឥទ្ធិពល​មហា​យក្ស​ចិន​ដែលមាន​ឥទ្ធិពល​គ្របដណ្តប់​អាហ្វ្រិក​ទៅហើយនោះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖



​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​៤​នៅ​ទ្វីបអាហ្វ្រិក​របស់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ កក្កដា​។ វត្តមាន​ប្រមុខ​រដ្ឋាភិបាល​មហា​យក្ស​អាស៊ី​ខាងត្បូង​នៅលើ​ទឹកដី​អាហ្វ្រិក​នេះ​បញ្ជាក់​ច្បាស់​ថា ឥណ្ឌា​ចាប់ផ្តើម​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ទៅកាន់​អាហ្វ្រិក​ដើម្បី​ប្រជែង​ចិន​ហើយ​នៅពេលនេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក នា​រិ​ន្ទ្រា​ម៉ួ​ឌី ចាប់ផ្តើម​ទស្សនកិច្ច​របស់លោក​ដោយ​អញ្ជើញ​ទៅ​ប្រទេស​ម៉ូ​សំ​ប៊ិក    មុន​បន្តទៅ​ប្រទេស​ផ្សេងទៀត​ដូចជា​អាហ្វ្រិក​ខាងត្បូង តង់​ហ្សា​នី និង​កេ​ន​យ៉ា​។ ទស្សនកិច្ច​នេះ​មាន​គោលដៅ​សំខាន់​ផ្តោតលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម សន្តិសុខ​សមុទ្រ ពាណិជ្ជកម្ម និង​វិនិយោគ សន្តិសុខ​ស្បៀង ជាដើម​។​

​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដំបូង​បំផុត​ដែល​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ូ​សំ​ប៊ិក ក្នុង​រយៈពេល​ជាង ៣​ទស្សវត្សរ៍​កន្លងមក​នេះ​។ ពេល​អញ្ជើញ​ទៅដល់​ប្រទេស​ម៉ូ​សំ​ប៊ិក លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី បាន​អះអាងថា ម៉ូ​សំ​ប៊ិក​នេះ​ជា «​មិត្ត​គួរ​ឲ្យ​ទុកចិត្ត​»​របស់​ឥណ្ឌា ហើយ​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ដែរថា ឥណ្ឌា​ចង់ឃើញ​ការលូតលាស់​របស់​ប្រទេស​ម៉ូ​សំ​ប៊ិក​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មេដឹកនាំ​ប្រទេស​ទាំងពីរ​បានប្រកាស​ប​ង្កើ​ត​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាច្រើន​ផងដែរ ក្នុងពេលដែល​លោក​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី Filipe Nyusi  ។

​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ូ​សំ​ប៊ិក លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី បន្តដំណើរ​ទៅកាន់​អាហ្វ្រិក​ខាងត្បូង​ទៀត​។ នៅ​អាហ្វ្រិក​ខាងត្បូង គេ​ឃើញ​មាន​ប្រជាជន​ឥណ្ឌា​រស់នៅ​ប្រហែល ១.៣ លាន​នាក់​ឯណោះ​។ នាយករដ្ឋមន្ត្រី​ឥណ្ឌា​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Jacob Zuma ផងដែរ ដោយ​កិច្ចពិភាក្សា​ផ្តោតលើ​បញ្ហាសំខាន់​ជាច្រើន​ជាពិសេស​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រួមទាំង​បញ្ហា​សាកល​ដូចជា បញ្ហា​សន្តិសុខ និង​ការ​កំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ស​ប្រជាជាតិ​ផងដែរ​។​



​តាមពិតទៅ ឥណ្ឌា កំពុង​ប្រឹងប្រែង​ពង្រឹង​ឥទ្ធិពល និង​តួនាទី​របស់ខ្លួន​នៅក្នុង​តំបន់​អាហ្វ្រិក ដូច​ចិន​ដែលជា​ម្ចាស់ជំនួយ​ដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋ​អាហ្វ្រិក​ដែរ​។ អាច​ថា ឥណ្ឌា​ចង់​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​រប​ស់​ចិន ដោយ​ឥណ្ឌា​នឹង​ស្វះស្វែង​លើកស្ទួយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​បង្កើន​ការវិនិយោគ​នៅ​អាហ្វ្រិក​។  ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច ទំហំ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​និង​ប្រទេស​អាហ្វ្រិក​កើនឡើង​ដល់ ២០០​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ​២០១៥​។ ហើយ​ទាក់ទង​បញ្ហានយោបាយ និង​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល កាលពី​ឆ្នាំមុន ឥណ្ឌា​បានសម្រេច​រៀបចំ​សន្និសីទ​កំពូល​ប្រមុខរដ្ឋ​អាហ្វ្រិក​នៅ​ទីក្រុង ញ៉ូ​ដេលី​ផងដែរ ដោយ​កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ឥណ្ឌា​និង​អាហ្វ្រិក និង​ការកសាង​ទំនុកចិត្ត​នយោបាយ​ជាដើម​។

​ប៉ុន្តែ​ថ្វីបើ​ឥណ្ឌា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​រដ្ឋ​អាហ្វ្រិក​ក៏ដោយ បញ្ហា​មួយចំនួន​បាន​កើតឡើង​បណ្តាល​ឲ្យ​ទំនាក់ទំនង​នេះ​ល្អក់​ករក​ផងដែរ​។ នោះ​គឺ​ការផ្ទុះ​ឡើង​នៅ​ការ​ស្អប់ខ្ពើម​ប្រជាជ​អាហ្វ្រិក​រហូតដល់​មានការ​ប្រើប្រាស់​ហិង្សា​ប្រឆាំង​ជនជាតិ​អាហ្វ្រិក​ក្នុងប្រទេស​ឥណ្ឌា​ថែម​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com