អន្តរជាតិ
តើ​ការលាលែង​តំណែង​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​អ្នកនយោបាយ​អង់គ្លេស​?
08, Jul 2016 , 10:19 pm        
រូបភាព
​បន្ទាប់ពី​រៀបចំ​ប្រជាមតិ​កំណត់​ជោគវាសនា​ចក្រភព​អង់គ្លេស អ្នកនយោបាយ​ជាច្រើន​ដែលមាន​ទាំង​អ្នក​ដែល​គាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប និង​អ្នកគាំទ្រ​ឲ្យ​អង់គ្លេស​នៅក្នុង​អឺរ៉ុប បាន​លាលែង​ពី​តំណែង និង​ខ្លះទៀត​បាន​ដកខ្លួន​ចេញ​ឈប់​ពាក់ព័ន្ធ​បញ្ហា​នេះ​។ ការលាលែង​ពី​តំណែង​ក្ដី ឬ​ការដកខ្លួន​ក្ដី សុទ្ធតែ​ជះ​ផល​អវិជ្ជមាន ទៅលើ​នយោបាយ​ក្នុងស្រុក ក៏ដូចជា​ធ្វើ​ឲ្យ​ស្ថាន​ភាពមិនច្បាស់លាស់​ក្នុង​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប កាន់តែ​អូសបន្លាយ​ទៅមុខទៀត ។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​គិត​ត្រឹម​ពេលនេះ វា​មាន​រយៈពេល​ពីរ​សប្ដាហ៍​ហើយ បន្ទាប់ពី​ដឹង​លទ្ធផល​នៃ​ប្រជាមតិ​។ ក្នុង​រយៈពេល​នេះ ថ្នាក់ដឹកនាំ​សំខាន់ៗ បានប្រកាស​ចេញ​តំណែង​របស់ខ្លួន ក្រោយពី​នាំគ្នា​ធ្វើ​ឲ្យ​អនាគត​ទំនាក់ទំនង​រវាង​អង់គ្លេស និង​អឺរ៉ុប​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​នោះ​។ មូលហេតុ​នៃ​ការលាលែង​ពី​តំណែង ទំនងជា​ការបង្ហាញ​ពី​ការទទួលខុសត្រូវ ប៉ុន្តែ​ទាំង​នាយករដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន និង​មនុស្ស​មួយចំនួន​ដែល​ចេញពី​តំណែង សុទ្ធ​តែមាន​ចំណែក​ក្នុង​រុញច្រាន​ឲ្យ​អង់គ្លេស​ធ្លាក់​ក្នុងស្ថានភាព​ដូច​បច្ចុប្បន្ន​។​

​មួយថ្ងៃ​ក្រោយ​ការធ្វើប្រជាមតិ គឺ​ថ្ងៃទី​២៤ ខែមិថុនា នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក ដេវីដ ខេ​មេ​រ៉ូ​ន បានប្រកាស​លាលែង​ពី​តំណែង​។ លោក ខេ​មេ​រ៉ូ​ន ដែលជា​អ្នក​ផ្ដួចផ្ដើម​ការធ្វើប្រជាមតិ​នោះ បាន​ជំទាស់​យ៉ាង​ដាច់ខាត ចំពោះ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស ប៉ុន្តែ​លោក​មិនអាច​ជំទាស់​ចិត្ត​ពលរដ្ឋ​អង់គ្លេស ដែល​ជ្រើសរើស​ការចាកចេញ​បានទេ​។

​នរណាៗ​ក៏​ដឹង​ដែរ​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា គឺជា​លទ្ធផល​នៃ​ល្បែង​នយោបាយ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន ខ្លួនឯង​។ នេះ​ក៏​ដោយសារតែ​លោក​ជា​អ្នក​សន្យា​ជាមួយ​ប្រជាជន​អង់គ្លេស ក្នុងអំឡុងពេល​យុទ្ធនាការ​បោះឆ្នោត​សភា ក្នុង​ឆ្នាំ​២០១៥​។   

១. ដើរចេញ​ដើម្បី​ទទួលខុសត្រូវ ឬ​ជាការ​គេចវេស​ពី​ទំនួល​ខុសត្រូវ​?
​គេ​អាច​យល់បាន​ថា ការលាលែង​ពី​តំណែង និង​ប្រគល់​ភារកិច្ច​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដល់​នាយករដ្ឋមន្ត្រី​ថ្មី ជា​អ្នកសម្រេច​នោះ ប្រៀប​ដូច ដុត​ភ្លើង​ហើយ ទុក​ឲ្យ​អ្នកដទៃ​ជា​អ្នក​ពន្លត់​ដូច្នោះ​ដែរ​។ ជាការ​ពិត​លោក ខេ​មេ​រ៉ូ​ន ចាក​ចេញពី​តំណែង ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ ព្រោះ​លោក​មិនអាច​បញ្ចុះបញ្ចូល​ពលរ​ដ្ឋ​អង់គ្លេស ឲ្យ​ជ្រើសរើស​ការបន្ត​ជា​សមាជិក​អឺរ៉ុប​បាន​។ ប៉ុន្តែ​រឿងរ៉ាវ ដែល​ឈានដល់​ដំណាក់កាល​នេះ ក៏​បណ្ដាលមកពី​លោក​ផ្ទាល់​ដែរ​។   

​ត្រលប់​ទៅ​មើល លោក Nigel Farage ដែលជា​អ្នកនយោបាយ​ស្ដាំនិយម និង​មាន​និន្នាការ​ប្រឆាំងនឹង​សមាជិកភាព​របស់​អង់គ្លេស​នៅក្នុង​អឺរ៉ុប​វិញ​នោះ បែរជា​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​អង់គ្លេស​ឯករាជ្យ (UKIP) ដែរ​។ លោក​បាន​អះអាងថា លោក​សម្រេចចិត្ត​ចាកចេញ​ពី​គណបក្ស ព្រោះ​គោលដៅ​របស់លោក​បានសម្រេច​ហើយ​។ នោះ​គឺ​ចក្រភព​អង់គ្លេស បានជ្រើសរើស​យក​ការចាកចេញ​ពី​អឺរ៉ុប តាម​បំណង​របស់លោក​។ ប៉ុន្តែ​គេ​មិន​យល់ថា ហេតុអ្វី​នៅពេល​ចុងក្រោយ លោក​បែរជា​ដើរចេញ​ទៅវិញ​។

​ក្រៅពី​លោក Farage អតីត​អភិបាលក្រុង​ឡុង​ដ៍ លោក បូរី​ស ច​ន​សុន (Boris Johnson) ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​បេក្ខជន​នាំមុខ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក ខេ​មេ​រ៉ូ​ន បែរជា​ដកខ្លួន​ចេញពី​ការ​ប្រជែង​តំណែង​នេះ​ទៅវិញ​។ នេះ​ប្រហែលជា​លោក​ដឹង​មុន​ថា ធ្វើជា​នាយករដ្ឋមន្ត្រី នឹងរង​បន្ទុក​ការងារ​ធ្ងន់ៗ​មិនខានឡើយ ជាពិសេស​នោះ គឺ​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​តែម្ដង​។​

២.​អ្នកថ្មី នឹងរង​ថ្ម​បាក់​ជំនួស​អ្នក​ដែល​ចាកចេញ​
​នៅពេលនេះ គណបក្ស​អភិរក្ស កំពុងតែ​រៀបចំ​ជ្រើសរើស​អ្នក​បន្តវេន​ពី​លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន ដែល​នឹង​ចេញពី​តំណែង​ក្នុងអំឡុង​ខែតុលា​ខាងមុខ​។ សមាជិកសភា មកពី​គណបក្ស​នេះ កំពុងតែ​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី ជំនួស​លោក ខេ​មេ​រ៉ូ​ន ឬ​អាច​និយាយថា រក​អ្នក​ដែល​មក​រង​ថ្ម​បាក់​ជំនួស​គេ​។

​បន្ទាប់ពី​ការបោះឆ្នោត​ពីរ​ជុំ​កន្លងទៅ ក្នុងចំណោម​សមាជិកសភា​របស់​គណ​បក្ស​អភិរក្ស គេ​ជ្រើស​បាន​បេក្ខភាព​ពីររូប សម្រាប់​ការបោះឆ្នោត​ជុំ​ចុងក្រោយ ដែល​អ្នកឈ្នះ​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស​។ រដ្ឋមន្ត្រី​មហាផ្ទៃ លោកស្រី Theresa May និង​រដ្ឋមន្ត្រី​ថាមពល លោកស្រី Andrea Leadsom នឹង​ប្រជែង​គ្នា​សម្រាប់​កៅអី​នាយករដ្ឋមន្ត្រី ដែល​លោក ខេ​មេ​រ៉ូ​ន បោះបង់​។ បើតាម​សារព័ត៌មាន BBC សមាជិក​បក្ស​អភិរក្ស នឹង​សម្រេច​ចុងក្រោយ​លើ​បេក្ខភាព​ទាំងពីរ ខណៈ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី​៩ ខែកញ្ញា​។​

​លោកស្រី Theresa May ដែលជា​អ្នកគាំទ្រ​ឲ្យ​ចក្រភព​អង់គ្លេស​បន្ត​ជា​សមាជិក​អឺរ៉ុប ត្រូវគេ​មើលឃើញថា ជា​បេក្ខភាព​នាំមុខ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​។ ប្រសិនបើ​ជាប់ឆ្នោត លោកស្រី នឹងត្រូវ​រងបន្ទុក​ដ៏​ធំ ក្នុងការ​ដោះស្រាយ​បញ្ហា​ការចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប និង​អនាគត​របស់​ចក្រភព​អង់គ្លេស នៅក្រោយ​ការចាកចេញ​ពី​អឺរ៉ុប​ផងដែរ​៕


Tag:
 ​អឺរ៉ុប​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com