អន្តរជាតិ
ចិន មិន​ឲ្យ​លោក គីម ជុង​អ៊ុន ឯកា​ឡើយ
08, Jul 2016 , 4:44 pm        
រូបភាព
ដោយ:
​ទណ្ឌកម្ម​ឯកតោភាគី​ប្រឆាំង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ខឹងសម្បារ​ជាខ្លាំង និង​ថែមទាំង​ហៅ​ចំណាត់ការ​នោះ ថា​ជាការ​ប្រកាសសង្គ្រាម​ទៀតផង​។ រដ្ឋ​បងប្អូន និង​ជា​អ្នកជិតខាង កូរ៉េខាងត្បូង បាន​សាទរ​ចំពោះ​ការដាក់​សម្ពាធ​មួយ​នេះ ខណៈ​ចិន មើលឃើញថា​ជាស​កម្ម​ភាពមិន​សមគួ​រ​។​



​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​០៦ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ បានប្រកាស​ទណ្ឌកម្ម​ជា​ឯកតោភាគី​ទៅលើ​បុគ្គល​សំខាន់​២៣​រូប ដែល​ក្នុងនោះ ក៏​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។ តាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ក្រសួងការបរទេស​អាមេរិក ទណ្ឌកម្ម​លើ​លោក គីម ជុង​អ៊ុន ដោយសារ​លោក​គឺជា​អ្នកទទួលខុសត្រូវ​ក្នុង​របប​ដឹកនាំ​ដែលមាន​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ការចាប់ខ្លួន និង​ឃុំខ្លួន​ខុសច្បាប់ និង​ការធ្វើ​ទា​រុ​ណ្ឌ​កម្ម​ជាដើម​។​

​ភ្លាមៗ​នោះ ក្រសួងការបរទេស​កូរ៉េខាងជើង បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA ដោយបាន​បញ្ជាក់ថា «​អាមេរិក ហ៊ាន​ប្រមាថ​ចំពោះ​កិត្តិនាម​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដែល​សកម្មភាព​នេះ ប្រៀបប្រដូច​ទៅនឹង​កូន​ឆ្កែ​ដែល​មិន​ខ្លាចខ្លា​ដូច្នេះ​ឯង​»​។ ក្រសួង ក៏បាន​បញ្ជាក់​ផងដែរ​ថា​ការធ្វើ​បែបនេះ គឺជា​រឿង​មួយ​ដ៏​ផុយស្រួយ​បំផុត និង​ជាការ​ប្រកាសសង្គ្រាម​យ៉ាង​ចំហរ​ប្រឆាំង​កូរ៉េខាងជើង ដែល​នេះ គឺ​វា​បាន​ចាក​ឆ្ងាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ទៅទៀត​។

​អ្វី​គួរកត់សម្គាល់​នោះ ក្រោយ​ការប្រកាស​នេះ​មួយថ្ងៃ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បានចេញ​សេចក្តីថ្លែងការណ៍​ដោយបាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការដាក់​សម្ពាធ​ក្រុង​ព្យុងយ៉ាង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​ថ្លែងថា វា ពិតជា​សំខាន់​ណាស់​ក្នុង​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ដើម្បី​ផ្លាស់ប្តូរ​គោលជំហរ និង​ងាក​មករក​ការចរចា​វិញ​។

​ដោយឡែក​សម្រាប់​ក្រុង​ប៉េកាំង បើទោះបីជា​នៅ​រយៈពេល​ចុងក្រោយ​នេះ ហាក់ដូចជា​មិនសូវមាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ក៏ដោយ ក្រុង​ប៉េកាំង មិនដែល​បោះបង់​ឲ្យ​ក្រុង​ព្យុងយ៉ាង​រង​គំនាប​ផ្ទួនៗ​នោះទេ​។​ការមិនអាច​ជិតស្និទ្ធ​រវាង​ភាគី​ទាំងពីរ​នោះ​គឺ ក្រុង​ព្យុងយ៉ាង​មិនសូវ​ស្តាប់​ការណែនាំ​របស់​ក្រុង​ប៉េកាំង លើ​សកម្មភាព​នៃ​ការសាកល្បង​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ហុង ឡី នៅ​ថ្ងៃទី​០៧ ខែកក្កដា ម្សិលមិញ បាន​អះអាងថា​បញ្ហា​សិទ្ធិមនុស្ស គួរតែ​ដោះស្រាយ​តាម​កិច្ចសន្ទនា​បែប​ស្ថាបនា និង​កិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើ​គោលការណ៍​សមភាព និង​ការគោរព​គ្នា​ទៅវិញទៅមក​។ លើសពីនេះទៅទៀត លោក ក៏បាន​ជំទាស់​លើ​ការដាក់​សម្ពាធ​ជា​លក្ខណៈ​សាធារណៈ ការប្រឈមមុខគ្នា ការប្រើប្រាស់​ដំណោះស្រាយ​ចុងក្រោយ​តាមរយៈ​ទណ្ឌកម្ម​ឯកតោភាគី​ប្រឆាំង​ប្រទេស​ដទៃ​ដោយ​ផ្អែក​តាមច្បាប់​ក្នុងស្រុក​របស់ខ្លួន និង​បំផ្លាញ​ភាពស្របច្បាប់ និង​ផលប្រយោជន៍​ប្រទេស​ដទៃ​ផងដែរ​។​

​អ្នកនាំពាក្យ​រូបនោះ ក៏បាន​អះអាងថា ស្ថានភាព​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន គឺជា​មាន​លក្ខណៈ​ស្មុគស្មាញ និង​រសើប​ខ្លាំង ដូច្នេះ ភាគី​ពាក់ព័ន្ធ​គួរតែ​ចៀសវាង​ការបង្កើត​សកម្មភាព​បង្កហេតុ​ដែល​អាច​បញ្ឆេះ​ភាព​តានតឹង និង​ធ្វើ​សកម្មភាព​ឲ្យ​កាន់តែច្រើន​ដើម្បី​បង្កើត​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​៕


Tag:
 កូរ៉េខាងជើង​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com