អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ផ្តល់ជំនួយ​មនុស្សធម៌​បន្ថែម​២៣​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​
09, Jul 2016 , 7:10 am        
រូបភាព
ដោយ: VOA
 
​សហរដ្ឋអាមេរិក​នឹង​ផ្តល់ប្រាក់​បន្ថែមចំនួន​២៣​លាន​ដុល្លារ​ដែលជា​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​ប្រទេស​នេះ​ដោះស្រាយ​វិបត្តិ​នៅក្នុង​តំបន់​ភាគ​ខាងកើត​របស់ខ្លួន​។​


​លោក John Kerry រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បានប្រកាស​កម្មវិធី​ជំនួយ​ថ្មី​នេះ​នៅក្នុង​ក្រុង Kyiv កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នៅ​ទីនោះ​លោក បាន​ជួប​ជាមួយ​ក្រុមមន្ត្រី​កំពូល រួមមាន​ប្រធានាធិបតី Petro Poroshenko និង​លោក Volodymyr Groysman នាយករដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​កំណែទម្រង់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ហើយនឹង​ភាពផុយស្រួយ​នៃ​ការឈប់​បាញ់​គ្នា​នៅក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​
 
​ជំនួយ​មនុស្សធម៌​រប​ស់​សហរដ្ឋអាមេរិក​ដ​ល់​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការចាប់ផ្តើម​មាន​វិបត្តិ​មក​ឥឡូវនេះ​មាន​ចំនួន​សរុប​ទាំងអស់​១៣៥​លាន​ដុល្លារ​។​
 
​ថវិកា​ទាំងនោះ នឹង​គាំទ្រ​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) និង​អង្គការ​មនុស្សធម៌​ផ្សេងៗ​ទៀត​ដើម្បី​ផ្តល់​សេចក្តីត្រូវការ​សំខាន់ៗ​ដល់​មនុស្ស​រាប់ពាន់នាក់​ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ​ដែល​កំពុង​កើតមានឡើង​រវាង​កង​ទ័ព​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ពួក​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅក្នុង​តំបន់ Donetsk​និង Luhansk នៅ​ផ្នែក​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​
 
​យោងតាម​អង្គការសហប្រជាជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​មនុស្ស​ងាយ​ទទួលរង​គ្រោះ​ជាង​១​លាន​៣​សែន​នាក់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួមមាន​កុមារ ជនពិការ​និង​ចាស់ជរា​ជាច្រើន​។​
 
​ថ្លែង​ទៅកាន់​ពួក​អ្នកយកព័ត៌មាន​នៅក្នុង​រដ្ឋធានី Kyiv លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិកាំង បាន​មានប្រសាសន៍ថា មាន​ភាពចាំបាច់​ជាបន្ទាន់​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្កិ៍ (Minsk) ដើម្បី​បញ្ចប់​នៅ​ផ្នែក​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​៕

​ដោយ VOA News

© រក្សាសិទ្ធិដោយ thmeythmey.com