អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ណា​តូ​នឹង​ពង្រាយ​ទ័ព ៤ វរ​សេនា​តូច​ទៅ​ការពារ​រដ្ឋបាល់​ទិ​ក និង កំញើញ​រុស្ស៊ី​
09, Jul 2016 , 7:39 pm        
រូបភាព
​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បានសម្រេច​បញ្ជូន​កងទ័ព​របស់ខ្លួន​ចំនួន​៤ វរ​សេនា​តូច​ទៅកាន់​អឺរ៉ុប​ខាងកើត​ដើម្បី​ការពារ​រដ្ឋបាល់​ទិ​ក​ចំនួន ៤​ពី​ការគំរាមកំហែង​របស់​រុស្ស៊ី​។  សហរដ្ឋអាមេរិក អង់គ្លេស កាណាដា អាល្លឺម៉ង់​សុទ្ធតែ​ប្រកាស​បញ្ជូន​ទ័ព​រៀង​ខ្លូន​តាម​លទ្ធភាព​របស់​ខ្លូន​។  អាមេរិក ប្រកាសថា ខ្លួន​នឹង​ពង្រាយ​កងទ័ព ១០០០​នាក់​ទៅកាន់​ប្រទេស​ប៉ូឡូញ​។


​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ នៅ​ប្រទេស​ប៉ូឡូញ អគ្គលេខាធិកា​អង្គការ​ណា​តូ​លោក Jens Stoltenberg​បានប្រកាសថា ណា​តូ​នឹង​បញ្ជូន​កងទ័ព​របស់​ខ្លូន​ចំនួន ៤​វ​វ​សេនា​តូច​ទៅកាន់​ប្រទេស​ប៉ូឡូញ និង​ប្រទេស​៣​ផ្សេងទៀត​នៅ​តំបន់​បាល់​ទិ​ក​។ លោក​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​ពង្រាយ​ទ័ព​ទៅ​ប៉ូឡូញ​, កា​ណា​តូ បញ្ជូន​ទ័ព​ប្រទេស Latvia, អាល្លឺម៉ង់​បញ្ជូន​ទ័ព​ទៅ Lithuania និង អង់គ្លេស​បញ្ជូន​ទ័ព​ទៅកាន់​ប្រទេស Estonia ចាប់ពី​ឆ្នាំក្រោយ​ទៅ​។ 
 
​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​កំពុង​ស្ថិតនៅក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ប៉ូឡូញ​ដែរនោះ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ទ័ព​របស់ខ្លួន ១០០០​នាក់​ទៅកាន់​ប្រទេស​ប៉ូឡូញ​។ ទ័ព​អាមេរិក​១០០០​នាក់​នេះ​ត្រូវ​ពង្រាយ​ទៅ​ប្រទេស​ប៉ូឡូញ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​បក្សសម្ព័ន្ធ​ណា​តូ​ក្នុងការ​ការពារ​អតីត​រដ្ឋ​សហភាពសូវៀត និង​កំញើញ​រុស្ស៊ី​ថែមទៀត​ផង​។​
 
​ក្រៅពី​កងទ័ព សហរដ្ឋអាមេរិក​ក៏​ប្តេជ្ញា​ថា នឹង​ផ្តល់​ធនធាន​សម្រាប់​បម្រើ​លើ​វិស័យ​យោធា ៣.៤​ពាន់​លាន​ដុល្លារ​ទៅ​អឺរ៉ុប​ផងដែរ​។ ទាក់ទិន​ការបញ្ជូន​ទ័ព​អាមេរិក​នេះ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ពន្យល់ថា កងទ័ព​នេះ​នឹងធ្វើ​ការងារ​ប្រកៀក​ស្មារ​ជាមួយ​ទាហាន​ប៉ូឡូញ ហើយ​ពួកគេ​នឹងមាន​តួនាទី​ចម្បង​ជួយផ្តល់​ប្រឹក្សា​និង​ផ្តល់​ការហ្វឹកហ្វឺន​ថែម​ទៀតផង​។ យ៉ាងណាក៏ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនបាន​ប្រកាស​ប្រាប់ថា កងទ័ព​ទាំងនោះ នឹងត្រូវ​បញ្ជូនទៅ​តំបន់​ណាមួយ​ឡើយ​។​
 
​ចំណែក កាណាដា អាល្លឺម៉ង់ និង​អង់គ្លេស​ក៏បាន​ប្តេជ្ញា​បញ្ជូន​ទ័ព​ទៅកាន់​អឺរ៉ុប​ខាងកើត​តាម​លទ្ធភាព​របស់ខ្លួន​ផងដែរ​។​អង់គ្លេស ថ្វីបើ​កំពុង​រៀបចំ​គម្រោង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ក្តី ប្រទេស​នេះ​នៅតែ​ប្រកាសថា ខ្លួន​នៅតែ​ប្រឹងប្រែង​ការពារ​អឺរ៉ុប​ដដែល ហើយ​អង់គ្លេស​នឹង​បញ្ជូន​ទ័ព ៦៥០ នាក់ ទៅកាន់​អឺរ៉ុប​ខាងកើត​ផងដែរ​។  
 
​ការពង្រឹង​កម្លាំង​ណា​តូ​នៅ​អឺរ៉ុប​ខាងកើត​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ឆ្លើយតប​ចំពោះ​សកម្មភាព​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​ដើម្បី​កំញើញ​ប្រទេស​នេះ​កុំ​ឲ្យ​បន្ត​គំរាមកំហែង​ប្រទេស​តូចតាច​ជាពិសេស​អតីត​រដ្ឋ​សហភាពសូវៀត​ទៀត​។ ក្រៅពី​ពង្រាយ​កងទ័ព អាមេរិក​ក៏បាន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅក្នុង​ប្រទេស​ប៉ូឡូញ​ដែរ ហើយ​សកម្មភាព​នេះ​បាន​បង្ក​ឲ្យ​រុស្ស៊ី​ខឹងសម្បារ​ជាខ្លាំង ហើយក៏​ព្រមាន​តបត​វិញ​ដែរ​ព្រោះ​ការអត់ធ្មត់​របស់​រុស្ស៊ី​ក៏មាន​កំណត់​ដែរ​។​
 
​ការបន្ត​ពង្រឹងសមត្ថភាព​ទ័ព​រៀង​ខ្លូន​របស់​រុស្ស៊ី​និង​ណា​តូ កំពុង​ក្លាយជា​ក្តីបារម្ភ​ខ្លាំង​។  ហើយ​វាយតម្លៃថា ការប្រណាំង​ប្រជែង​សព្វាវុធ​និង​ពង្រឹងកម្លាំង​រៀងខ្លួន​នេះ​កំពុង​អូស​ឲ្យ​ភាគី​ធ្លាក់​ចូលក្នុង​សង្គ្រាមត្រជាក់​ជាថ្មី​ថែមទៀត​ផង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com