អន្តរជាតិ
Malia កូនស្រី​លោក អូ​បា​ម៉ា ទៅ​ចុះ​កម្មសិក្សា​នៅ​ស្ថានទូត​អាមេរិក​នៅ​អេ​ស្ប៉ា​ញ​
09, Jul 2016 , 8:39 pm        
រូបភាព
 
​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ កូនស្រី​ច្បង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ Malia នឹង​ចាក​ចេញពី​គេហដ្ឋាន​នៅ Pennsylvania Avenue ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ ដើម្បី​ហាត់​ការងារ​នៅ​ស្ថានទូត​អាមេរិក ប្រចាំ​ក្រុង​ម៉ា​ឌ្រី​ដ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ ABC​។

 
Malia ដែល​ទើបតែ​អាយុ​១៨​ឆ្នាំ នឹងត្រូវ​បែក​ពី​ឪពុក​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ធ្វើដំណើរ​ទៅកាន់​អេ​ស្ប៉ា​ញ​។ Malia មាន​គម្រោង​ចុះ​កម្មសិក្សា​រដូវក្ដៅ​នៅ​ស្ថានទូត​អាមេរិក​។ នេះ​ក៏​ដោយសារតែ​លោក​ប្រធានាធិបតី អូ​បា​ម៉ា និង​អគ្គរដ្ឋទូត​អាមេរិក ប្រចាំ​ក្រុង​ម៉ា​ឌ្រី​ដ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។​
 
​កូនស្រី​ប្រធានាធិបតី​រូបនេះ ត្រូវគេ​រាយការណ៍​ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា Sidwell Friends នាង​អាច​ឈប់សម្រាក​មួយរយៈ​សិន នៅ​មុនពេល​ចាប់ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី នៅ​សកល​វិទ្យាល័យ Harvard នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៧​។ នេះ​មានន័យថា នាង​មាន​ពេល​ក្នុង​ការចុះ​កម្មសិក្សា​បាន​។​
 
​តាម​ធម្មតា ស្ថានទូត​អាមេរិក តែងតែ​ទទួល​អ្នក​ចុះ​កម្មសិក្សា ជាពិសេស​អ្នក​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្មី​។ បើតាម​សារព័ត៌មាន ABC ការសម្រេចចិត្ត​ធ្វើការ​នៅ​អេ​ស្ប៉ា​ញ ទំនងជា​បណ្ដាលមកពី​មិត្តភាព​រវាង​លោក អូ​បា​ម៉ា និង​ទូត​អាមេរិក​ប្រចាំ​អេ​ស្ប៉ា​ញ​លោក James Costos និង​ដៃគូ​របស់លោក Michael S. Smith​។​
 
​សូមបញ្ជាក់ថា លោក Costos ជា​អ្នក​ឧបត្ថម្ភ​ដ៏​ធំ​មួយ​របស់លោក អូ​បា​ម៉ា ក្នុង​យុទ្ធនា​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​។ នៅ​មុនពេល​ធ្វើជា​ទូត លោក Costos ជា​ប្រធាន​ប្រតិបត្តិ​ក្នុង​ឧស្សាហកម្ម​លក់រាយ និង​ការកំសាន្ត ចំណែក​លោក Smith គឺជា​អ្នក​រចនា​ម៉ូត​បន្ទប់​ក្នុង​សេត​វិមាន​។ 
 
​មួយវិញទៀត​នោះ Malia ជ្រើសរើស​អេ​ស្ប៉ា​ញ ព្រោះ​កម្រិត​ភាសា​អេ​ស្ប៉ា​ញ​របស់​នាង ក៏​ប្រើ​បាន​គួរសម​ផងដែរ​។ បើ​គេ​ចាំ​មិន​ភ្លេច ក្នុង​ទស្សនកិច្ចរ​របស់លោក អូ​បា​ម៉ា ទៅកាន់​គុយបា​ក្នុង​ខែមីនា Malia គឺជា​អ្នកបកប្រែ​មិន​ផ្លូវការ​របស់​ឪពុក​នាង​ផងដែរ​។ Malia អាច​នឹង​ចាប់ផ្ដើម​ការងារ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ បន្ទាប់ពី​លោក អូ​បា​ម៉ា បញ្ចប់​ទស្សនកិច្ច​នៅ​អេ​ស្ប៉ា​ញ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកក្កដា​ខាងមុខ​៕
 
 

Tag:
 Malia Obama
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com