អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា​ប្រញាប់​ទៅ Dallas ក្រោយ​ខ្មាន់កាំភ្លើង​សម្លាប់ ប៉ូលិស​៥​នាក់​
09, Jul 2016 , 3:48 pm        
រូបភាព
​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា សម្រេច​បញ្ចប់​ទស្សនកិច្ច​នៅ​អឺរ៉ុប​នៅ​ថ្ងៃអាទិត្យ​ដើម្បី​ទៅកាន់​ក្រុង Dallas នៃ​រដ្ឋ​តិច​សាស​វិញ​។ ការផ្លាស់ប្តូរ​កាលវិភាគ​ទស្ស​កិច្ច​ក្រៅប្រទេស​នេះ​ធ្វើឡើង ក្រោយ​ខ្មាន់​ស្បែក​ខ្មៅ​ម្នាក់​សម្លាប់​មន្ត្រីប៉ូលិស​៥​នាក់​។ ហើយ​វា​បង្ក​ឲ្យ​បញ្ហា​ខ្វែងគំនិត​គ្នា​រឿង​ពូជសាសន៍​និង​ពណ៌​សម្បុរស្បែក​កាន់តែ​ចម្រូងចម្រាស​ខ្លាំង​។


​តាម​កាលវិភាគ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវ​ចាក​ចេញពី​កិច្ចប្រជុំ​ណា​តូ​នៅ​ប៉ូឡូញ​ថ្ងៃ ចន្ទ ប៉ុន្តែ​ដោយសារ​បញ្ហា​ចលាចល​នៅ​ក្រុង Dallas ប្រធានាធិបតី​រូបនេះ​ត្រូវ​ផ្លាស់ប្តូរ​កាលវិភាគ​ដោយ​ត្រូវ​ចាកចេញ​មកវិញ​ថ្ងៃអាទិត្យ​វិញ​។ 
 
​នៅ​ដើម្បី​សប្តាហ៍ ក្រោយ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​នេះ​ទៅ​ទស្សនកិច្ច​នៅ​ក្រុង Dallas នៃ​រដ្ឋ​តិច​សាស ជាទី​កន្លែង​ដែល​មន្ត្រី​ប៉ូលីស​៥​នាក់​បាន​ស្លាប់​ដោយ​ស្នាដៃ​ខ្មាន់កាំភ្លើង​ម្នាក់​ជា​ជន​ស្បែក​ខ្មៅ​។ ខណៈដែល​លោក​កំពុង​ស្ថិតនៅ​ប្រទេស​ប៉ូឡូញ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជា​ឲ្យ​មន្ត្រី​សេត​វិមាន​ទម្លាក់​ទង់ជាតិ​ពាក់កណ្តាល​ដង ដើម្បី​កាន់ទុក្ខ​ប្រាំ​ថ្ងៃជន​ជា​ខ្មាន់កាំភ្លើង​ជា​អតីតយុទ្ធជន​មានឈ្មោះ Micah Johnson មាន​វ័យ ២៥​ឆ្នាំ​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជន​ជា​ខ្មាន់កាំភ្លើង​នេះ​បាន​ថ្លែង​មុនពេល​ស្លាប់​ដោយ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ថា គេ​ចង់​សម្លាប់​ប៉ូលិស​ស្បែ​កស ដើម្បី​សងសឹក​ចំពោះ​ការបាញ់ប្រហារ​លើ​ជន​ស្បែក​ខ្មៅ​ពីររូប​កាលពី​ថ្មីៗ​នេះនោះ​។​
 
​យ៉ាងណាមិញ ការបាញ់ប្រហារ​នេះ​បាន​បង្ក​ឲ្យ​មានការ​បែកបាក់​គ្នា​ខ្លាំង​រវាង​ប្រជាជន​ស្បែ​កស និង​ប្រជាជន​ស្បែក​ខ្មៅ​។​អ្នកនយោបាយ​ឱកាសនិយម​អាមេរិក​មួយចំនួន​បាន​ព្យាយាម​លាប​ពណ៌​ពូជសាសន៍​និង​ពណ៌​សម្បុរ​ខ្មៅ​ស ដើម្បី​កេងចំណេញ​នយោបាយ​និង​បណ្តុះ​គំនិត​ស្អប់ខ្ពើម​ជាដើម​។​
 
​យ៉ាងណាក៏ដោយ សេត​វិមាន​បានប្រកាសថា​ជន​ជា​ខ្មាន់កាំភ្លើង​នេះ​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ក្រុម​ភេរវជន​ឡើយ ទោះ​មានការ​អះអាងថា ជននេះ​មាន​ចំណង​ទំនាក់ទំនង​ជាមួយ​ចលនា​សកម្មជន​ស្បែក​ខ្មៅ​ជ្រុលនិយម​ក៏ដោយ​។ ចំណែក​ប៉ូលិស​អះអាងថា ជន​ជា​ខ្មាន់កាំភ្លើង​មាន​ធ្លាប់មាន​ជាប់​បទ​ពិរុទ្ធ​អ្វី​កន្លងមក​ទេ ប៉ុន្តែ​គេ​បាន​រកឃើញ​សម្ភារៈ​ផលិត​គ្រាប់បែក​នៅក្នុង​ផ្ទះ​ជន​ខាងលើ​នេះដែរ​។​
 
​ភាព​តានតឹង​និង​ការ​ស្អប់ខ្ពើម​រវាង​ប្រជាជន​ស្បែ​កស និង​ស្បែក​ខ្មៅ​នោះ​នៅតែ​ជា​បញ្ហា​ធំ​នៅក្នុង​សង្គម​អាមេរិក​។ ក្រោយ​មានការ​បាញ់ប្រហារ​លើ​ប៉ូលិស មេដឹកនាំ​បាតុករ​នៃ​ចលនា​ក្រុម Black Lives Matters  បាន​ថ្កោលទោស​ហិង្សា​ប្រដាប់អាវុធ​នៅ​ក្រុង  Dallas នេះ​ប៉ុន្តែ​ពួកគេ​បាន​អះអាងថា​គេ​នៅ​បន្ត​រក្សា​សិទ្ធិ​ជួបជុំគ្នា​នៅ​ចុង​សប្តាហ៍​នេះ​នៅ​តំបន់​សំខាន់ៗ​មួយចំនួន​។​តាមពិតទៅ ប្រជាជន​ស្បែក​ខ្មៅ​ទាំងនោះ​តស៊ូ​មតិ​ដើម្បី​បញ្ចប់​ការរើសអើង​ក្នុងការ​អនុវត្ត​ច្បាប់​ក្នុងសង្គម​អាមេរិក​និង​បញ្ហា​ប្រឈម​ផ្សេងទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com