អន្តរជាតិ
អ្នករត់​តាក់ស៊ី​ម្នាក់​រើស​បាន​ជាង​១៨​ម៉ឺន​ដុល្លារ ម្ចាស់​លុយ​ឲ្យ​រង្វាន់​តែ​១០០​ដុល្លារ​
09, Jul 2016 , 4:59 pm        
រូបភាព
ដោយ: ធីតា
 
​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​នៅ​ទីក្រុង​ប៊ូ​ស្តុ​ន រដ្ឋ​ម៉ាសា​ឆូ​ស​សេត សហរដ្ឋអាមេរិក ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ប្រាក់រង្វាន់ ១០០ ដុល្លារ​ដែល​គាត់​បានទទួល សម្រាប់​ការយក​ប្រាក់​ចំនួន ១៨៧ ០០០ ដុល្លារ​ទៅ​ប្រគល់ជូន​ម្ចាស់​ដើម​។ គាត់​សង្ឃឹមថា យ៉ាងហោចណាស់ ក៏បាន​ទទួល​ប្រាក់រង្វាន់ ៥០០ ឬ ១ ០០០ ដុល្លារ ឬមួយ​ផ្នែក​នៃ​កញ្ចប់​ប្រាក់​នោះដែរ​។ តែ​ក្តីសង្ឃឹម​ត្រូវ​រលាយ​ដូច​ផ្សែង​។​

 
​លោក Mac Causland អាយុ ៧២ ឆ្នាំ​បាន​បើកឡាន​ជូន​បុរស​អនាថា​ម្នាក់​ទៅកាន់​សណ្ឋាគារ​មួយ​។ ក្រោយពី​បុរស​រូបនោះ​ចុះ​ពី​រថយន្ត អ្នកបើក​តាក់ស៊ី​រូបនេះ​ក៏​ប្រទះឃើញ​កាបូប​មួយ​នៅលើ​អង្គុយ​ខាងក្រោយ​។ នៅពេល​បើក​កាបូប គាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ឃើញ​ក្រដាសប្រាក់​យ៉ាងច្រើន​នៅ​ខាងក្នុង​។ គាត់​មិនដែល​ឃើញ​លុយ​ច្រើនយ៉ាង​នេះ​ទេ​។ គាត់​ចង់យក​លុយ​ទាំងនោះ​ទៅ​ទុក​នៅផ្ទះ​របស់គាត់ តែ​ខ្លាចក្រែង​ថា បុរស​នោះ​ជា​មនុស្ស​គ្រោះថ្នាក់​។ នៅ​ទីបំផុត គាត់​សម្រេចចិត្ត​យក​កាបូប​លុយ​នោះ​ទៅ​ប្រគល់​ឲ្យ​ប៉ូលិស​។​
 
​បន្ទាប់ពី​ប្រគល់​លុយ​រួច បុរស​ដែលជា​ម្ចាស់​លុយ​បាន​ឲ្យ​ប្រាក់រង្វាន់​លោកតា​បើក​តាក់ស៊ី​តែ ១០០ ដុល្លារ​ប៉ុណ្ណោះ​។ រួច​បុរស​នោះបាន​ពឹងពាក់​លោកតា​ឲ្យ​ជូនទៅ​សណ្ឋាគារ​វិញ​។ ម្តងនេះ លោកតា​បើក​តាក់ស៊ី​លួច​បន់ស្រន់​សូម​ឲ្យ​បុរស​រូបនោះ​ភ្លេច​កាបូប​លុយ​ជា​លើក​ទី​ពីរ​។ ប៉ុន្តែ វា​មិនអាច​មានរឿង​ល្អ​បែបនេះ​កើតឡើង​ផ្ទួនៗ​ទេ​៕

​ប្រភព​៖ Daily News 
 

© រក្សាសិទ្ធិដោយ thmeythmey.com