អន្តរជាតិ
ហ្កំ​ប៊ី ហាមឃាត់​ការរៀប​ការ​ជាមួយ​ក្មេង​មិន​គ្រប់​អាយុ​
10, Jul 2016 , 7:39 pm        
រូបភាព
 
 
​រដ្ឋ​អាហ្វ្រិក​ហ្កំ​ប៊ី បានចេញ​សេចក្ដីប្រកាស​ហាមឃាត់​ការ​រៀបការ​ជាមួយ​ក្មេង​មិន​គ្រប់​អាយុ ដោយ​នឹង​ដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​លើ​អ្នកណា​ដែល​ល្មើស ឬ​ជាប់​ពាក់ព័ន្ធ​នឹង​ការរៀប​ការ​នេះ ដោយ​រួមទាំង​ឪពុកម្ដាយ​របស់​ក្មេងស្រី​ផងដែរ​។ រដ្ឋាភិបាល​ប្រទេស​ដែលមាន​ជន​មូស្លីម​ភាគច្រើន​នេះ ប្រកាស​ដែរ​ថា ការ​រៀបការ​បែបនេះ មិនមាន​ក្នុង​សាសនា​ឥស្លាម​ទេ​។

 
​ប្រធានាធិបតី​ហ្កំ​ប៊ី លោក Yahya Jammeh បានប្រកាសថា នឹង​គ្មាន​ការ​រៀបការ​ជាមួយ​ក្មេង​គ្រប់​អាយុ​ទៀត​ទេ នៅក្នុង​ប្រទេស​របស់លោក​។ ថ្លែង​ទៅកាន់​ក្រុម​មូស្លីម ក្នុង​រដ្ឋធានី បង់​ហ្ស៊ុ​ល លោក​ប្រធានាធិបតី Jammeh និយាយថា ចាប់ពី​ថ្ងៃទី​៦ ខែកក្កដា​ទៅ ការ​រៀបការ​ជាមួយ​ក្មេង​មិន​ពេញវ័យ គឺជា​អំពើ​ខុសច្បាប់ និង​ត្រូវ​ហាមឃាត់​ដាច់ខាត​។​
 
​លោក Jammeh បន្ថែមទៀតថា​៖ «​អ្នកណា​ដែល​រៀបការ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម​១៨​ឆ្នាំ នឹង​ជាប់ទោស​ធ្ងន់ធ្ងរ​ដល់​ទៅ​២០​ឆ្នាំ​។ ចំណែក​ឪពុកម្ដាយ​របស់​ក្មេងស្រី​នោះ នឹង​ជាប់ទោស​២១​ឆ្នាំ ខណៈដែល​អ្នក​ដែល​ដឹង​ពី​រឿងនេះ តែ​មិនបាន​រាយការណ៍​ទៅ​អាជ្ញាធរ នឹង​ជាប់គុក​១០​ឆ្នាំ​ផងដែរ​»​។​
 
​ជាមួយគ្នា​នោះ ប្រធានាធិបតី Yahya Jammeh ក៏​ព្រមាន​ទៀតថា អាចារ្យ ឬ​អ្នកណា​ដែល​ដឹកនាំ​កម្មវិធី​រៀបការ ក៏​នឹងត្រូវ​បញ្ជូនទៅ​ពន្ធ​ធនាគារ​ផងដែរ​។ លោក​បន្តថា ប្រសិនបើ​ពួកគេ​ចង់ដឹងថា លោក​និយាយ​ពិត ឬ​មិន​ពិត ពួកគេ​អាច​សាកល្បង​បាន​។ លើសពីនោះ លោក Jammeh ក៏បាន​ប្រាប់​ឲ្យ​សភា អនុម័ត​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ការសម្រេច​នេះ ឲ្យ​បាន​មុន​ថ្ងៃទី​២១ ខែកក្កដា ផងដែរ​។​
 
​សូម​រម្លឹក​ដែរ​ថា កាលពី​ខែធ្នូ ឆ្នាំ​២០១៥ សភា​ហ្កំ​ប៊ី បានអនុម័ត​ច្បាប់​ប្រឆាំងនឹង​ការ​កាត់​ស្បែក​អង្គជាត​ស្ត្រី​ផងដែរ ហើយ​អ្នកណា​ដែល​ល្មើ​សនឹង​ច្បាប់​នេះ នឹងត្រូវ​ជាប់ទោស​រហូត​ដល់​បី​ឆ្នាំ​ទៀតផង​។ ការអនុម័ត​ច្បាប់​នេះ ធ្វើឡើង​តែមួយ​ខែ​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី Yahya Jammeh ចាត់ទុក​សកម្មភាព​បែ​ប​នេះ​ថា ហួស​សម័យ និង​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ជាបន្ទាន់​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្កំ​ប៊ី ប្រធានាធិបតី​រូបនេះ ប្រកាស​ក្នុង​ខែវិច្ឆិកា​ថា ការធ្វើ​របៀបនេះ មិនមែនជា​របស់​សាសនា​ឥស្លាម​ទេ ខណៈដែល​ឥស្លាម ត្រូវបាន​គោរព​ដោយ​ប្រជាជន​៩៥​ភាគរយ នៃ​ប្រជាជន​ហ្កំ​ប៊ី​សរុប​១.៨​លាន​នាក់​៕    
 
 

Tag:
 ហ្កំ​ប៊ី​
 ​អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com