អន្តរជាតិ
ហ្វីលីពីន​-​ចិន រាប់​ថយក្រោយ​នៃ​ម៉ោង​ប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង
11, Jul 2016 , 2:41 pm        
រូបភាព
ដោយ:
​ហ្វីលីពីន និង​ចិន ទំនងជា​កំពុងតែ​រាប់​ថយក្រោយ​លើ​ពេល​កំណត់​នៃ​ការប្រកាស​សាលក្រម​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃស្អែក​នេះហើយ​។ សាលក្រម​នេះ អាច​នឹងធ្វើ​ឲ្យ​ស្ថានភាព​នៅក្នុង​តំបន់​កាន់តែ​តានតឹង ឬ​អាច​នឹងធ្វើ​ឲ្យ​ធូរស្រាល​វិញ​ប្រសិនបើ តុលាការ បកស្រាយ​ទៅ​មិន​ប៉ះពាល់​ខ្លាំង​លើ​ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​។​



​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ម៉ោង​១១ ថ្ងៃ​អង្គារ​ទី​១២ ខែកក្កដា​ស្អែក​នេះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ ក្រុងឡាអេ (PCA) នឹង​ប្រកាស​សាលក្រម​តាម​បណ្តឹង​ហ្វីលីពីន​ប្រឆាំង​ចិន​ពាក់ព័ន្ធ​នឹង​ការបកស្រាយ​ស្ថានភាព និង​ឋានៈ​របស់​សមុទ្រ​ចិន​ខាងត្បូង​ហើយ​។ មន្ទិលសង្ស័យ​រយៈពេល​បី​ឆ្នាំ​មកនេះ នឹងត្រូវ​បានបង្ហាញ​នៅពេលនោះ​ហើយ​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ PCA ដែល​បាន​ចុះ​នៅ​ថ្ងៃទី​២៩ ខែមិថុនា​កន្លងទៅ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ បាន​ជូនដំណឹង​ទៅកាន់​ភាគី​នៃ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ហើយ ថា តុលាការ នឹង​ប្រកាស​សាលក្រម​នៃ​ម​ជ្ឈ​ត្ត​ការដែល​បង្កើតឡើង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន ដោយ​យោងតាម​ឧបសម្ព័ន្ធ​៧ នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ (UNCLOS)​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ តុលាការ នឹង​ប្រកាស​សាលក្រម​តាមរយៈ​សារ​អេឡិចត្រូនិក​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ជាមុនសិន ហើយ ប្រទេស​ដែលជា​អ្នក​អង្កេត​ការណ៍ និង​ភាគី​នៃ​ស្ថាប័ន​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ នឹង​ទទួលបាន​សាលក្រម​នោះ ជា​បន្តបន្ទាប់​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ម​ជ្ឈ​ត្ត​ការ​នៃ​សំណុំរឿង ហ្វីលីពីន និង​ចិន បានចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៣ តាមរយៈ​បណ្តឹង​ហ្វីលីពីន ដែល​ពេលនោះ ហ្វីលីពីន បញ្ជាក់​ទៅកាន់​ចិន​តាមរយៈ​ការជូនដំណឹង និង​សេចក្តីថ្លែងការណ៍​ទាមទារ ដោយ​យោងតាម​បទបញ្ញត្តិ​នៃ​អនុសញ្ញា​ពាក់ព័ន្ធ និង​នីតិវិធី​ដែល​កំណត់ដោយ​ឧបសម្ព័ន្ធ​៧​នៃ​អនុសញ្ញា​។ អនុសញ្ញា សំដៅលើ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៨២ (UNCLOS)​។​

​នៅ​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០១៣ ចិន បាន​បដិសេធ និង​បញ្ជូន​សេចក្តីជូនដំណឹង​ទៅកាន់​ហ្វីលីពីន​វិញ​។ ក្រោយមក​ចិន បាន​បន្ត​អះអាង​ម្តង​ហើយ​ម្តងទៀត​ពី​គោលជំហ មិន​ទទួល​(non-acceptance) និង មិន​ចូលរួម​(non-participation)​នៅក្នុង​ម​ជ្ឈ​ត្ត​ការ​នោះទេ​។ យ៉ាងណាក៏ដោយ យោងតាម​ឧបសម្ព័ន្ធ​៧​នៃ​អនុសញ្ញា បើទោះបីជា អវត្តមាន​នៃ​ភាគី​ម្ខាង ឬ​បរាជ័យ​នៃ​ភាគី​ម្ខាង​ក្នុងការ​ការពារ​លើ​សំណុំរឿង​នោះ​ក៏ដោយ ក៏​មិនអាច​បញ្ឈប់​នីតិវិធី​បានឡើយ​។​

​សាលាក្តី​ដើម្បី​ជំនុំជម្រះ ត្រូវបាន​បង្កើត​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​យោងតាម​នីតិវិធី ដែល​បានកំណត់​ក្នុង​ឧបសម្ព័ន្ធ​៧​នៃ​អនុសញ្ញា​ដើម្បី​សម្រេច​ពី​ជម្លោះ​ដោយ​ប្តឹង​ដោយ​ហ្វីលីពីន​។​

​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤ ហ្វីលីពីន បានដាក់​កំណត់ហេតុ​ជា​លម្អិត និង នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៥ បានដាក់​កំណត់ហេតុ​បន្ថែម​ជា​លាយលក្ខណ៍អក្សរ (Supplemental Written Submission) ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​សាលាក្តី​ដែល​បានទាមទារ​ពី​ការ​អំ​ណេះ​អំ​ណា​ង​ជា​លាយលក្ខណ៍អក្ស​រលើប​ញ្ហា​ជាក់លាក់ ។ បើទោះបីជា ចិន មិនបាន​ចូលរួម​ផ្លូវការ​ក្នុង​នីតិវិធី​ក៏ដោយ នៅ​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ​២០១៤ ចិន បាន​ចុះផ្សាយ​ពី​សេចក្តីថ្លែងការណ៍​ពី​គោលជំហ (Position Paper) របស់ខ្លួន ដោយបាន​បញ្ជាក់ថា សាលាក្តី ខ្វះ​យុត្តាធិការ​ដើម្បី​ពិចារណា​លើ​ការទាមទារ​របស់​ហ្វីលីពីន ដ្បិត​ការទាមទារ​នោះ ពាក់ព័ន្ធ​នឹង​បញ្ហា​អធិបតេយ្យ និង​ការកំណត់​ដែន​សីមា និង​ព្រោះ​ហ្វីលីពីន និង​ចិន បាន​ព្រមព្រៀង​ដើម្បី​ដោះស្រាយ​ជម្លោះ​រួម​តាមរយៈ​ការចរចា​ប៉ុណ្ណោះ​។​

​ក្រោយ​បាន​បើកសវនាការ​លើ​ស្តីពី «​យុត្តាធិការ និង​ការទទួលយក​សំណុំរឿង​មក​ដោះស្រាយ​» នៅ​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥, សាលាក្តី បានប្រកាស សាលក្រម ពាក់ព័ន្ធ​នឹង «​យុត្តាធិការ និង​ការទទួលយក​សំណុំរឿង​» នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​។ ក្នុង​សាលក្រម​នោះ បានបង្ហាញ​ពី​ការជំទាស់​ដែល​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​គោលជំហ ដែល​រួមមាន (​ក​). ជម្លោះ​ដែល​ប្តឹង​ដោយ​ហ្វីលីពីន មិន​ពាក់ព័ន្ធ​អធិបតេយ្យ​លើ​ដែនដី​នោះទេ​, (​ខ​). ជម្លោះ​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​មិន​ពាក់ព័ន្ធ​នឹង​ការកំណត់​ដែន​សីមា​នោះទេ​, (​គ​). សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ចិន​-​អាស៊ាន​ឆ្នាំ​២០០២ មិនបាន​យក​កិច្ចព្រមព្រៀង​ផ្នែក​ច្បាប់ ដែល​មិនបាន​កំណត់​ពី​ម​ជ្ឈ​ត្ត​ការ​នោះទេ​។​

​យ៉ាងណាក្តី សាលាក្តី បានសម្រេច ថា សាលាក្តី​មាន​យុត្តាធិការ​ដើម្បី​ពិចារណា​លើ​«​សំណើ​ប្រាំពីរ​ចំណុច​របស់​ហ្វីលីពីន​»  ក៏ប៉ុន្តែ​ប្រាំពីរ​ចំណុច​ផ្សេងទៀត តុលា​ការមិន​ទទួល​ចាត់ការ​នោះទេ​។​

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net ចំណុច​ទាំងពីរ​ប្រាំ​ដែល​សាលាក្តី​ទទួល​ចាត់ការ​នោះ រួមមាន​ទាក់ទង​នឹង​ការបកស្រាយ​ពី​ស្ថានភាព​នៃ (​ចំណុច​ទី​១) តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​២)​តំបន់ Mischief Reef, Second Thomas Shoal និង Subi Reef, (​ចំណុច​ទី​៣) តំបន់​ថ្ម​ប៉ប្រះ​ទឹក​Gaven Reef និង McKennan Reef, (​ចំណុច​ទី​៤)​តំបន់​ថ្ម​ប៉ប្រះ​ទឹក Johnson Reef, Cuarteron Reef និង Fiery Cross Reef, (​ចំណុច​ទី​៥) ចិន​បាន​រារាំង​អ្នកនេសាទ​ហ្វីលីពីន​ដោយ​ខុសច្បាប់​ក្នុងការ​សកម្មភាព​នេសាទ​បែប​ប្រពៃណី​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​៦) ចិន បាន​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែល​កំណត់​ក្នុង​អនុសញ្ញា​ក្នុងការ​ការពារ​និង​អភិរក្ស​បរិស្ថាន​សមុទ្រ​នៅ​តំបន់ Scarborough Shoal និង Second Thomas Shoal (​ចំណុច​៧) ចិន បាន​បំពាន​កាតព្វកិច្ច​ខ្លួន ដែល​កំណត់ដោយ​អនុសញ្ញា​ដោយបាន​ប្រតិបត្តិការ​នាវាចម្បាំង​ដែលមាន​ច​រិ​ក​លក្ខណៈ​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​តំបន់​ក្បែរ​នៃ Scarborough Shoal​។​

​អ្វី​គួរកត់សម្គាល់​នោះ សាលាក្តី​បាន​សង្កត់ធ្ងន់ ថា «​សាលាក្តី នឹងមិន​បកស្រាយ​លើ​សំណួរ​នៃ​អធិបតេយ្យ​(​ម្ចាស់​)​លើទឹក​ដី និង មិន​កំណត់​ដែន​សីមា​សមុទ្រ​ឲ្យ​ភាគី​ណាមួយ​ឡើយ​»​។​


Tag:
 ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com