អន្តរជាតិ
បក្ស​កាន់អំណាច​អូស្ដ្រាលី ឈ្នះ​ការបោះឆ្នោត​សភា​ទាំង​លំបាកលំបិន​
11, Jul 2016 , 5:04 pm        
រូបភាព
​បន្ទាប់ពី​ការប្រកួតប្រជែង​ស្វិតស្វាញ​រួចមក នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull បានប្រកាស​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សភា ខណៈដែល​មេបក្ស​ប្រឆាំង បានប្រកាស​ទទួលស្គាល់​បរាជ័យ​រួចមក​។ លោកនាយក​រដ្ឋមន្ត្រី Turnbull នឹង​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ថ្មី ជាមួយនឹង​ក្រុម​សម្ព័ន្ធភាព​អភិរក្ស​របស់លោក​។​



​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​១០ ខែកក្កដា នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បានប្រកាសថា ក្រុមចម្រុះ​របស់លោក ទទួលបាន​ជ័យជម្នះ​ហើយ​។ ការប្រកាស​របស់លោក Turnbull ធ្វើឡើង ខណៈដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​អូស្ត្រាលី ប៉ាន់​ស្មានថា ក្រុម​សម្ព័ន្ធភាព​អភិរក្ស ដែល​ដឹកនាំ​ដោយ​បក្ស​សេរីនិយម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Malcolm Turnbull នឹង​ទទួលបាន​សំឡេងគាំទ្រ​៧៦​កៅអី ដែលជា​សំឡេង​ភាគច្រើន​ក្នុង​សភា​។​

​លោកនាយក​រដ្ឋមន្ត្រី Turnbull ក៏​សារភាព​ដែរ​ថា ការបោះឆ្នោត​លើក​នេះ ពិតជា​តឹងតែង​មែនទែន​។ ជាមួយ​ការរាប់​សន្លឹកឆ្នោត ដែល​ជិត​នឹង​បញ្ចប់​ដែរនោះ គណបក្សប្រឆាំង​របស់​ប្រទេស​នេះ ក៏​ប្រកាស​ទទួល​បរាជ័យ​ផងដែរ​។

​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​១០ កក្កដា​ដែរនោះ ប្រធាន​បក្ស​ពលករ លោក Bill Shorten និយាយថា វា​គឺ​ច្បាស់​ណាស់​ថា លោក Turnbull និង​ក្រុម​សម្ព័ន្ធភាព​របស់លោក នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ប្រធាន​បក្សប្រឆាំង​រូបនេះ ក៏​សង្ឃឹម​ដែរ​ថា លោក Turnbull នឹង​ដឹកនាំ​រដ្ឋាភិបាល​ល្អ​មួយ​។ លោក​បន្តថា លោក​បាន​សាទរ​ដល់​លោក Turnbull ចំពោះ​ជ័យជម្នះ​នេះ​ផងដែរ​។ 

​នៅ​បន្ទាប់ពី​យុទ្ធនាការ​បោះឆ្នោត​៨​សប្ដាហ៍ ដែល​បញ្ចប់​នៅ​ថ្ងៃទី​២ ទាំង​បក្ស​ពលករ និង​សម្ព័ន្ធភាព​អភិរក្ស សុទ្ធតែ​មិនទាន់​ប្រកាស​បរាជ័យ​នោះទេ ដ្បិត​គេ​មិន​ច្បាស់លាស់ ថា គណបក្ស​ណា​ទទួល​សំឡេង​នាំមុខ​នោះទេ​។ បើតាម​សារព័ត៌មាន The New York Times គណបក្ស​ពលករ​ត្រូវ​ទស្ស​ទាយ​ថា ទទួលបាន​សំឡេង​៦៩ ខណៈ​គណបក្ស​បៃតង បាន​មួយ​សំឡេង​។ ចំណែក លទ្ធផល​ចុងក្រោយ​នៃ​ការរាប់​សន្លឹក ទំនងជា​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែកក្កដា​។

​ថ្វីបើ​ទទួល​ជ័យជម្នះ​សភា​ក៏ដោយ រដ្ឋាភិបាល​ថ្មី​របស់លោក Turnbull ត្រូវ​ដោះស្រាយ​ជាមួយ​ព្រឹទ្ធសភា ដែល​ទីនោះ​ក្រុម​ឯករាជ្យ​ស្ដាំនិយម និង​ឆ្វេងនិយម ក៏ដូចជា​បក្ស​សំឡេង​តិច មាន​ឥទ្ធិពល​។ ក្រុម​បក្ស​ទាំងនោះ អាច​នឹង​រារាំង​ការអនុម័ត​ច្បាប់ នៅក្នុង​សភា​បាន​ដែល​បញ្ហា​នេះ អាច​នឹង​បណ្ដាល​ឲ្យ​មានការ​ជាប់គាំង​មិនខានឡើយ​៕


Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com