អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នក​ជាតិនិយម​មី​យ៉ាន់​ម៉ា ទាមទារ​ឲ្យ​ហៅ​ជន​រ៉ូ​ហ៊ីង​យ៉ា​ថា «​បេង​ហ្កា​លី​»
11, Jul 2016 , 8:19 pm        
រូបភាព
​ការប្រើប្រាស់​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា នៅតែ​បញ្ហា​ប្រឈម​មិន​ដាច់ស្រេច និង​ស្មុគស្មាញ នៅ​មី​យ៉ាន់​ម៉ា​។ ក្រុម​អ្នក​ជាតិនិយម​មី​យ៉ាន់​ម៉ា ដែលមាន​និន្នាការ​រើសអើង​ក្រុម​មូស្លីម​ភាគតិច​នេះ បានធ្វើ​បាតុកម្ម ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ប្រើប្រាស់​ពាក្យថ្មី​ជំនួស ក្នុងពេល​និយាយ​សំដៅ​ដល់​សហគមន៍​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​រស់នៅក្នុង​រដ្ឋ Rakhine​។​



​ក្រុម​ជាតិនិយម​នៅ​មី​យ៉ាន់​ម៉ា បានទាមទារ​ឲ្យ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ប្រើប្រាស់​ពាក្យ «​បេង​ហ្កា​លី (Bengalis)» ជំនួស​ពាក្យ​រ៉ូ​ហ៊ីង​យ៉ា ដែល​សំដៅ​ដល់​ជន​មូស្លីម​ភាគតិច របស់​នៅក្នុង​រដ្ឋ Rakhine​។ ក្នុង​បាតុកម្ម ដែល​ធ្វើ​នៅ​ថ្ងៃទី​១០ ខែ​កក​ក្កដា ក្រុមបាតុករ​ទាំងនោះ ក៏​ព្រមាន​ដែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ធ្វើតាម​ខ្លួន​ទេ ការតវ៉ា​នេះ នឹង​បន្តធ្វើ​រហូត​។​

​ក្រុមបាតុករ ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រកាស​ជា​សារ​ធាណៈ​ថា រដ្ឋាភិបាល នឹង​ស្ដាប់​តាម​ប្រជាជន​។ លោក Win Ko Ko Latt ដែល​ប្រធាន​បណ្ដាញ​ជាតិ​មី​យ៉ាន់​ម៉ា និយាយថា បាតុករ​កំពុង​ជួយ​រដ្ឋាភិបាល ហើយ​មិនបាន​បង្កបញ្ហា​អ្វី​ទេ​។ យ៉ាងណាក្ដី បាតុកម្ម ដែល​ធ្វើ​នៅ​ក្រុង​យ៉ាំង​ហ្គោ​ន បាន​ប្រទះ​ការតានតឹង​ជាមួយ​មន្ត្រីប៉ូលិស​ផងដែរ មុននឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​បាតុកម្ម​ទៀត​។ 

​កន្លងមក ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា ចៀស វាង ការប្រើប្រាស់​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ឬ «​បេង​ហ្កា​លី​» ដើម្បី​រៀបរាប់​ពី​ជន​មូស្លីម​នៅ​រដ្ឋ Rakhine ដ្បិត​ពាក្យ​នេះ មានន័យ​អាចធ្វើ​ឲ្យ​មាន​ស្ថាន​ការរំជើបរំជួល​។ ប៉ុន្តែ​លោកស្រី ចង់​ឲ្យ​ហៅ​ពួកគេ​ទាំងនោះ​ថា «​អ្នក​ដែល​ជឿ​លើ​សាសនា​ឥស្លាម​រស់នៅក្នុង​រដ្ឋ Rakhine​។​

​ជាងនេះទៅទៀត នៅ​អំឡុងពេល​ទស្សនកិច្ចរ​បស់​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស លោកស្រី ស៊ូ​ជី ក៏បាន​ហាម​មន្ត្រី​មី​យ៉ាន់​ម៉ា ប្រើប្រាស់​ពាក្យ​ដែលមាន​លក្ខណៈ​ប្រមាថមើលងាយ​នេះ​ផងដែរ​។ នេះ​ក៏​ដើម្បី​ចៀសវាង ការបង្ក​ការរើសអើង​ណាមួយ ក្នុងប្រទេស​ដែលមាន​ជនជាតិ​ផ្សេងៗ​ជាច្រើន​។ នេះ​បើ​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia​។  

​ការប្រើប្រាស់​រ៉ូ​ហ៊ីង​យ៉ា ធ្វើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្រពុល​ខ្លាំង ខណៈដែល​ក្រុម​ជាតិនិយម ដែល​ភាគច្រើន​ជា​ពុទ្ធសាសនិក ក៏​ដាក់បន្ទុក​ធ្ងន់ៗ​ផងដែរ​។ ក្រៅពីនេះ មន្ត្រី​សិទ្ធិមនុស្ស ទាំង​ក្នុងស្រុក និង​អន្តរជាតិ ក៏បាន​រិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ចំពោះ​សកម្មភាព​ខ្លួន​លើ​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ជាពិសេស​ពេល​ប៉ះទង្គិច​គ្នា​នាពេល​កន្លងមក​។

​ជន​មូស្លីម​ភាគតិច​ដែល​រស់នៅ​រដ្ឋ Rakhine ដែលមាន​ប្រភព​មកពី​បង់​ក្លា​ដែ​ស ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​អាណត្តិ​មុនៗ ចាត់ទុកថា ជា​ជន​គ្មាន​រដ្ឋ គ្មាន​ទឹកដី​។ លើសពីនេះ ជន​មូស្លីម​ទាំងនោះ ក៏​មិន​ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​ជនភាគតិច រស់នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​ដែរ​។ ពួកគេ រស់នៅ​ដោយ​លំបាក ក្នុង​ជំរំ និង​ខ្លះទៀត​រត់​ភៀសខ្លួន​ទៅ​រដ្ឋ​ដទៃទៀត​៕  


Tag:
 មី​យ៉ាន់​ម៉ា​
  ​រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com