អន្តរជាតិ
ការដណ្តើម​អំណាច​នៅ​ស៊ូដង់​ខាងត្បូង​អាច​ជំរុញ​ឲ្យ​រដ្ឋ​ថ្មីថ្មោង​នេះ​ធា្ល​ក់​ចូល​សង្គ្រាម​ជាថ្មី
11, Jul 2016 , 9:39 pm        
រូបភាព
ដោយ:
​មនុស្ស​ប្រមាណ​ជាង​៣០០​នាក់ ត្រូវបាន​រាយការណ៍​ថា ត្រូវបាន​សម្លាប់ នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាថ្មី​នៅ​រដ្ឋធានី Juba នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​។ ក្រុមប្រឹក្សា​សុខ​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​បញ្ឈប់​ការបាញ់ប្រហារ​នោះ​ជាបន្ទាន់​។



​កងកម្លាំង​ខាង​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​លោក Salva Kiir និង​កងកម្លាំង​នៃ​បដិបក្ខ​របស់លោក​គឺ​លោក​អនុ​ប្រធានាធិបតី Riek Machar បានចាប់ផ្តើម​ប៉ះទង្គិច​គ្នា​តាំង​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​សុក្រ និង​បាន​រីក​រាល​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ថ្ងៃទី​១០ ខែកក្កដា ម្សិលមិញ​នៅ​កណ្តាល​រដ្ឋធានី Juba​។ ការផ្ទុះអាវុធ​នេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នោះទេ ដ្បិត​ភាគី​ទាំងសងខាង បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា បាន​បើក​ការវាយប្រហារ​មុន​។ គេ កំពុង​ព្រួយបារម្ភ​ថា សង្គ្រាមស៊ីវិល នឹង​វិល​ត្រលប់​មករក​ប្រទេស​ដែល​ទើបតែ​ទទួលបាន​ឯករាជ្យ​ថ្មីថ្មោង​មួយ​នេះ​។

​សូម​រំលឹក​បន្តិច​ដែរ​ថា ស៊ូដង់​ខាងត្បូង បានប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃ ៩​ខែកក្កដា​ឆ្នាំ ២០១១ ក្រោយ​មានការ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​ក្នុង​សង្គ្រាមស៊ីវិល​អស់​រា​ប់ទ​ស​វត្សរ៍​រវាង​ក្រុម​ជនជាតិ​អារ៉ាប់​-​ស៊ូដង់​ដែល​ស្ថិតនៅ​ភាគ​ខាងជើង និង​ប្រជាជន​ស៊ូដង់​ភាគខាងត្បូង​។

​ក្រោយ​ការប្រកាស​ឯករាជ្យ​ប្រហែលជា​២​ឆ្នាំ សង្គ្រាមស៊ីវិល​ផ្ទុះឡើង បន្ទាប់ពី​អនុ​ប្រធានាធិបតី Riek Machar បានរៀបចំ​រដ្ឋប្រហារ​មួយ​ដើម្បី​ទម្លាក់​លោក Salva Kiir ប៉ុន្តែ​បរាជ័យ​។  សង្គ្រាម​បានអូសបន្លាយ​ប្រហែល​៣ ឆ្នាំ​ដោយ​បណ្តាល​ឲ្យ​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ស្លាប់ និង​ច្រើនជាង ២​លាន​នាក់​នេះ​ទៀត​ត្រូវ​ភៀសខ្លួន​។ ប៉ុន្តែ​ក្តីសង្ឃឹម​តិចតួច​មួយ​ផុស​រូបរាង ឡើង  ព្រោះ​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម បាន​ចរចា​គ្នា​និង​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅ​ឆ្នាំមុន​។ ក្នុង​ខែមេសា មេដឹកនាំ​ក្រុម​ឧទ្ទាម លោក Riek Machar បាន​ត្រលប់មក​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ​ដើម្បី​កសាង​សន្តិភាព​និង​កសាង​ប្រទេស​។​

​យ៉ាងណាក៏ដោយ ការប៉ះទង្គិច​គ្នា បាន​វិល​ត្រលប់​មកវិញ​ទៀតហើយ​រវាង​ភាគី​ទាំងពីរ​។ ហើយ​ការប៉ះទង្គិច កំពុងតែ​រីក​រាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ មានការ​រាយការណ៍​នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ ថា រថ​គ្រោះជា​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​វិថី​នៅ​កណ្តាល​រដ្ឋធានី Juba និង​ការប៉ះទង្គិច​គ្នា​នៅក្បែរ​ព្រលានយន្តហោះ និង​បន្ទាយ​អង្គការសហប្រជាជាតិ​ទៀតផង​ដែរ​។

​ឆ្លើយតប​បញ្ហា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​តក់ស្លុត​យ៉ាងខ្លាំង និង​បានទាមទារ​ឲ្យ​ភាគី​ទាំងពីរ អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​បាន​ពេញលេញ​ដែល​រាប់បញ្ចូល​ទាំង​បទ​ឈប់​បាញ់​អចិន្ត្រៃយ៍ និង​ការពង្រាយ​កម្លាំង​នៅ​រដ្ឋធានី Juba ផងដែរ​៕


Tag:
 ស៊ូដង់​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com