អន្តរជាតិ
សន្តិសុខ និង​ការប្រឈមមុខ​យោធា​តំបន់​អាស៊ី​កាន់តែ​ផុយស្រួយ​ខ្លាំង​
11, Jul 2016 , 10:19 pm        
រូបភាព
ដោយ:
​សកម្មភាព​ដ៏​គឃ្លើន​នឹង​បម្រាម​សហគមន៍​អន្តរជាតិ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារជាតិ និង​សកម្មភាព​វាតទី​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ឯកតោភាគី រួមជាមួយ​នឹង​អន្តរាគមន៍​ភាគី​ខាងក្រៅ បាននិងកំពុង​តែ​ជំរុញ​ឲ្យ​សន្តិសុខ​នៅក្នុង​តំបន់​កាន់តែ​ផុយស្រួយ​ខ្លាំង​។ នោះ​ក៏​ព្រោះតែ នឹងមាន​វត្តមាន​តួអង្គ​កាន់តែច្រើន និង​ស្មុគស្មាញ ចូល​ពាក់ព័ន្ធ ក្រោមលេស​ដើម្បី​ការពារ​សន្តិសុខ (​ភាគី​ខាងក្រៅ​) និង​ការពារ​ដែន​អធិបតេយ្យ​(​ភាគី​ពាក់ព័ន្ធ​)​។ ជាពិសេស​នោះ វា នឹង​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​សព្វាវុធ​ទៀតផង​។



​ការ​ត្អួ​ញ​ត្អែ​រ និង​ព្រួយបារម្ភ​របស់​កូរ៉េខាងត្បូង​ពី​ការគំរាមកំហែង​ដោយ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដែលជា​មហិច្ឆតា​មិនអាច​បញ្ឈប់​បាន​របស់​កូរ៉េខាងជើង បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​។​នោះ​គឺ​អាមេរិក និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​០៨ ខែកក្កដា កន្លងទៅ បាន​ឯកភាពគ្នា​លើ​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទំនើប​របស់​អាមេរិក THAAD ទៅកាន់​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ ក្រុមការងារ​រួម​របស់​ប្រទេស​ទាំងពីរ​កំពុង​សិក្សា​ដើម្បី​ឈានទៅ​កំណត់​ទីតាំង​សមស្រប​សម្រាប់​ដំឡើង​អាវុធ​នេះ និង​ពេលវេលា​សមរម្យ​ដែល​អាច​បញ្ជូន​អាវុធ​នេះ​ទៅបាន​ផងដែរ​។​

​នឹងមាន​ការប្រកួតប្រជែង​សព្វាវុធ​កាន់តែខ្លាំង​ពី​មហាអំណាច និង​ប្រទេស​ក្នុង​តំបន់​?
​ភ្លាមៗ​ជាមួយនឹង​កិច្ចព្រមព្រៀង​អាមេរិក និង​កូរ៉េខាងត្បូង​ពី​ការដាក់​ខែល​ការពារ​មី​ស៊ី​ល​មួយ​នេះ ចិន និង​រុស្ស៊ី បាន​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង និង​ថែមទាំង​ព្រមាន​ពី​ផលប៉ះពាល់ និង​វិធានការ​អវិជ្ជមាន​ទៀតផង​។ ក្រសួងការបរទេស​រុស្ស៊ី បានបង្ហាញ​ការព្រួយបារម្ភ និង​ជំទាស់​យ៉ាងខ្លាំង ដោយ​ព្រមាន​ថា​នឹងមាន​ការឆ្លើយតប​មួយ​ដ៏​គ្រោះ​ថា្នក់ ប្រសិនបើ​ការពង្រាយ​នោះ នៅតែ​បន្ត​ទៅមុខ​។​

​បន្ថែម​ពីនេះ គណៈកម្មាធិការ​កងទ័ព នៃ​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី នៅ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​ផ្លូវការ​ដដែល​នោះ ក៏បាន​ព្រមាន​ដែរ​ថា អង្គភាព​មី​ស៊ី​ល អាច​នឹងដាក់​ពង្រាយ​នៅ​ភាគី​ខាងកើត​រុស្ស៊ី​ដើម្បី​ជា ការឆ្លើយតប​ទៅ​ការដាក់​ពង្រាយ THAAD ផងដែរ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​បន្ថែម​ដែរ​ថា គណៈកម្មាធិការ នឹង​ពិចារណា​លើ​ការសម្រេចចិត្ត​ជាក់លាក់​មួយ​ជាមួយនឹង​ក្រសួងការពារជាតិ​លើ​ផែនការ​យោធា​ដែល​រួមបញ្ចូល​ទាំង​ការពង្រាយ​មី​ស៊ី​ល និង​កងទ័ពជើងគោក​ផងដែរ​នោះ​។

​សម្រាប់​ក្រុង​ប៉េកាំង​វិញ ក៏​មិន​ខុសពី​ក្រុង​ម៉ូស្គូ​ដែរ​។ ចិន ដែល​តែងតែ​ប្រកៀក​ស្មា​ជាមួយនឹង​រុស្ស៊ី​ប្រឆាំងនឹង​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​តាំងពីដើម​មក​នោះ ក៏បាន​ប្រកាស​គោលជំហរ​មិន​ប្រែប្រួល​ប្រឆាំងនឹង​ចំណាត់ការ​នេះ​។ ជាមួយគ្នានេះ ក្រុង​ប៉េកាំង ក៏បាន​កោះ​អគ្គរដ្ឋទូត​អាមេរិក និង​កូរ៉េខាងត្បូង​ដើម្បី​ប្រឆាំង​ចំពោះ​ចំណាត់ការ​នេះ​។  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ហុង ឡី បាន​អះអាងថា ចិន ទទូច​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង បញ្ឈប់​ដំណើរការ​នៃ​ប្រព័ន្ធ​ការពារ​នេះ​ជាបន្ទាន់ ហើយ ចៀសវាង​សកម្មភាព​បង្ក​ភាពស្មុគស្មាញ​ក្នុង​តំបន់ ឬ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​របស់​ចិន​ទៀតផង​។ ក្រុង​ប៉េកាំង ចាត់ទុកថា​សកម្មភាព​នេះ មិន​ជួយ​ដល់​ទិសដៅ​នៃ​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​នោះទេ តែ​វា ប្រឆាំង​ទៅនឹង​ការប្រឹងប្រែង​ដោយ​ភាគី​ពាក់ព័ន្ធ​តាមរយៈ​ការចរចា និង​ពិគ្រោះ​យោបល់​ទៅវិញ​នោះទេ​។

​សម្រាប់​តួអង្គ​សំខាន់​នៃ​បញ្ហា​សន្តិសុខ​មួយ​នេះ គឺ​កូរ៉េខាងជើង ក៏បាន​ព្រមាន​ចាត់​វិធាន​ឆ្លើយតប​តាម​មធ្យោបាយ​យោធា​វិញ​ផងដែរ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA ដែល​ចុះផ្សាយ​ថា ការិយាល័យ​កាំភ្លើង​ធំ​នៃ​សេនាធិការ​យោធា​ប្រជាជន​កូរ៉េខាងជើង នឹង​ចាត់​វិធាន​តទល់​ផ្នែក​យោធា​នៅពេល​ទីតាំង​នៃ​ការបំពាក់​ប្រព​ន្ធ័​ការពារ​មី​ស៊ី​ល​អាមេរិក​ត្រូវបាន​ជ្រើសរើស​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា ដើម្បី​ទប់ទល់​កូរ៉េខាងជើង អាមេរិក ក៏​ពង្រាយ​សព្វាវុធ​យុទ្ធសាស្ត្រ​ជាច្រើន​ទៅកាន់​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​កោះ​ហ្កា​ម Guam ដែល​ស្ថិត​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នៅ​មិន​ឆ្ងាយ​ពី​ឧបទ្វីប​កូរ៉េ​។ បើតាម​របាយការណ៍​ក្រសួងការពារជាតិ​អាមេរិក បច្ចុប្បន្ន​អាមេរិក​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល THAAD នេះ​ជាច្រើន​គ្រឿង​ដែរ​ទៅកាន់​កោះ ហ្កា​ម (Guam) ហើយ​អាមេរិក​នឹង​បញ្ចូល​អាវុធ​ប្រភេទ​នេះ​៤៨​គ្រឿង​ថែមទៀត​ទៅ​បម្រើ​វិស័យ​ការពារជាតិ​ខ្លួន​ត្រឹម​ចុងឆ្នាំ​២០១៦  ដែល​វា​នឹង​កើនឡើង​ដល់ ១៥៥ គ្រឿង​។

​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ប្រទាញប្រទង់​ភាគី​ជម្លោះ និង​ភាគី​ខាងក្រៅ​
​ងាក​មក​ចាប់អារម្មណ៍ បញ្ហា​នៅក្នុង​តំបន់​មួយទៀត គឺ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ស្របពេល​ដែល​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ ប្រកាស​សាលក្រម​តាម​បណ្តឹង​ហ្វីលីពីន​ប្រឆាំង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ចិន បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែល​កក្រើក​នៅ ភាគ​ខាងកើត​នៃ​កោះ Hainan របស់​ចិន រហូតដល់​តំបន់​ក្បែរ​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​ផងដែរ​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ចិន CCTV មាន​នាវាចម្បាំង​ជាច្រើន​គ្រឿង បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា​នេះ ហើយ ក៏មាន​នាវា​ពិឃាដ​នាំ​ផ្លូវ​ដែល​បំពាក់​ដោយ​មី​ស៊ី​លពីរ​គ្រឿង​ប្រភេទ Shenyang និង Ningbo និង​នាវាចម្បាំង​មួយគ្រឿង​ប្រភេទ Chaozhou ដែល​បំពាក់​ដោយ​មី​ស៊ី​ល​ផងដែរ​។

​អ្វី​គួរកត់សម្គាល់​នោះ ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ត្រង់ៗ​រួចទៅហើយ ថា នឹងមាន​វិធានការ​ដើម្បី​អន្តរាគមន៍ ប្រសិនបើ​ក្រុង​ប៉េកាំង ហ៊ាន​ធ្វើ​សកម្មភាព​បង្កហេតុ ក្រោយ​ការប្រកាស​សាលក្រម​នោះ​។ លោកស្រី Colin Willett ឧបការី​ទទួលបន្ទុក​អាស៊ី​បូព៌ា​នៃ​ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន​មាន​ជម្រើស​ជាច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​ភ្នា​ក់​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា លោកស្រី ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដែលថា ស្របពេល​នៃ​ការ​ជិត​មកដល់​នៃ​ការប្រកាស​សាលក្រម អាមេរិក បាននិងកំពុង​តែ​ធ្វើកា​រ​រួម​កម្លាំង​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​នៅក្នុង​តំបន់​ដើម្បី​ធានា​ឲ្យ​បាន​គោលជំហរ​នៃ​ការ​ប្រឈម​រួមគ្នា​មួយ​។

​លោកស្រី​សង្កត់ធ្ងន់ថា «​យើង​, សហរដ្ឋអាមេរិក ពិត​ជាមាន​ផលប្រយោជន៍​មួយ​ពិតប្រាកដ​នៅក្នុង​តំបន់​នោះ ហើយ យើង​មាន​ផលប្រយោជន៍​មួយ​ក្នុងការ​បង្កើន​ការការពារ និង​ដៃគូ​សន្តិសុខ​របស់ខ្លួន​ផងដែរ​»​។

​យ៉ាងណាក៏ដោយ ក្រៅពី​ការ​សម្ញែង​យោធា​នៅ​តំបន់​ជម្លោះ​ដែល​ចិន​អះអាងថា ជា​សមយុទ្ធ​ជាទ​មា្ល​ប់​នោះ ចិន ក៏បាន​ព្រមាន​អាមេរិក​តាមបែប​ការទូត​ផងដែរ​។ នោះ​គឺ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី​ង បាន​និយាយ​ទូរ​សព្ទ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃេ​រី ថា បើទោះជា​តុលាការ​សម្រេច​យ៉ាងម៉េច​ក៏ដោយ ចិន​នៅតែ​ការពារ​ដាច់ខាត​អធិបតេយ្យ​ដែនដី​របស់ខ្លួន ក៏ដូចជា​សេរីភាព​នាវាចរណ៍​ស្របច្បាប់​ផងដែរ​៕


Tag:
 ឧបទ្វីប​កូរ៉េ​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com