អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​៖ គ្មាន​ផ្លូវ​ម៉ិ​ក​ស៊ិ​ក ចេញ​លុយ​ធ្វើ​ជញ្ជាំង​ព្រំដែន​ជាមួយ​អាមេរិក​ឡើយ​
12, Jul 2016 , 8:39 am        
រូបភាព
 

​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក បាន​ទាត់ចោល​ការលើកឡើងរ​បស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ចំណាយលុយ ដើម្បី​សាងសង់​របង​ព្រំដែន​ចន្លោះ​ម៉ិ​ក​ស៊ិ​ក និង​អាមេរិក ដើម្បី​ការពារ​លំហូរ​អ្នក​ឆ្លងកាត់​ខុសច្បាប់​។ លើសពីនេះ ក្នុង​កិច្ចសន្ទនា​ជាមួយ​ទូរទស្សន៍ CNN ប្រមុខរដ្ឋ ម៉ិ​ក​ស៊ិ​ក ក៏​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ដែល​ចាត់ទុក​ជនជាតិ​ម៉ិ​ក​ស៊ិ​ក ថា ជា​អ្នករត់ ពន្ធ​ថ្នាំញៀន​ផងដែរ​។​

 
​ក្នុង​បទសម្ភាសន៍​មួយ ជាមួយ​លោក Fareed Zakaria ជា​ពិធីករ​ទូរទស្សន៍ CNN ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Enrique Peña Nieto បាន​បដិសេធ​ការសន្យា​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់​សាងសង់​ជ​ញ្ជាំ​ងព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក និង​ឲ្យ​ម៉ិ​ក​ស៊ិ​ក ជា​អ្នក​ចេញថ្លៃ​ចំណាយ​ទាំងអស់​។ លោក Nieto បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​ផ្លូវ​ដែល​ប្រទេស​លោក ចេញ​លុយ​លើ​ជញ្ជាំង​នេះ​ទេ​។  
 
​ប្រធានាធិបតី​រូបនេះ និយាយថា សុខដុម​រម​នីយកម្ម​ផ្នែក​សេដ្ឋកិច្ច និង​សង្គម រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក គឺ​ពឹង​ផ្អែកលើ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ ដោយ​លើកឡើង​ពី ការ ពាក់ព័ន្ធ​គ្នា​រវាង​សន្តិសុខ​អាមេរិក និង​អ្នកជិតខាង​នោះ លោក​ប្រធានាធិបតី Nieto បន្តថា​៖« យើង​មាន​ទំនាក់ទំនង​នៃ​ការសម្រុះសម្រួល​គ្នា កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ក៏ដូចជា ការ​ពួតដៃគ្នា លើ​វិស័យ​សន្តិសុខ​ប្រទេស​ទាំងពីរ ហើយ​គ្មាន​ផ្លូវ​ម៉ិ​ក​ស៊ិ​ក ចាយលុយ​លើ​ជញ្ជាំង​របៀបនេះ​ឡើយ »​។ 
 
​ទាក់ទិន​នឹង​ការហៅ​ជនជាតិ​ម៉ិ​ក​ស៊ិ​កថា ជា​អ្នក​ឧក្រិដ្ឋ ពី​សំណាក់​លោក ត្រាំ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក មិនបាន​ឯកភាព​នឹង​រឿងនេះ​ទេ​។ លោក Nieto បញ្ជាក់ថា លោក​មិនអាច​យល់ស្រប​នឹង​ការអធិប្បាយ ដែល​ហៅ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ទាំងអស់ ជា​មនុស្ស​អាក្រក់ នោះឡើយ​។ លោក សង្កត់ធ្ងន់ថា ឧក្រិដ្ឋជន មាននៅ​គ្រប់​ប្រទេស ហើយ​យើង​គួរតែ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​នេះ និង​ត្រូវអនុវត្ត​ច្បាប់ ដើម្បី​យក​ពួក​មក​កាត់ទោស​។​
 
​ឆ្លៀត​ពេលនោះ ប្រធានាធិបតី Nieto ក៏បាន​លើកឡើង​ពី​ចំនួន​អ្នក​ដែល​ឆ្លងកាត់​ទៅមក រវាង​ព្រំដែន​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក និយាយថា ក្នុង​មួយថ្ងៃៗ មនុស្ស​មួយ​លាន​នាក់ ឆ្លងកាត់​ព្រំដែន​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក ហើយ​ពួកគេ ឆ្លងកាត់​ដោយ​ខុសច្បាប់​។ ជាមួយគ្នានេះ ឡាន​ដឹកទំនិញ និង​ឡានតូចៗ​ចំនួន​៣៧​ម៉ឺន​គ្រឿង តែងតែ​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​។​
 
​សូមបញ្ជាក់ថា កន្លងមក ទំនាក់ទំនង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក ក៏​មិនសូវ​ល្អ​ប៉ុន្មាន​នោះទេ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​តាម​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន Joaquin El Chapo Guzman​។ ជននេះ តែង​ត្រូវបាន​ចាប់ខ្លួន ហើយក៏​រត់គេចខ្លួន​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត​នោះទេ​។ Guzman គឺជា​មេ​ឈ្មួញ​គ្រឿងញៀន ដែល​អាមេរិក ចង់​ចាប់ខ្លួន​បំផុត​៕  
 
 

Tag:
 ម៉ិ​ក​ស៊ិ​ក​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com