អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហ​បុរី ថា នីតិវិធី​ហ្វីលីពីន​ប្រឆាំង​ចិន មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​អាស៊ាន​ឡើយ​
12, Jul 2016 , 10:51 am        
រូបភាព
លោក Vivian Balakrishnan
លោក Vivian Balakrishnan
ដោយ:
 ​មុនពេល​នៃ​ការប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​មួយថ្ងៃ រដ្ឋាភិបាល​សិង្ហ​បុរី បានបញ្ជាក់​ពី​ការ​គោលជំហរ​ផ្លូវការ​របស់ខ្លួន​ជាថ្មី ដោយ​អះអាងថា សិង្ហ​បុរី​មិន​គាំទ្រ ឬក៏​ប្រឆាំង​លើ​នីតិវិធី​ឯកតោភាគី​របស់​ហ្វីលីពីន​នោះទេ​។ បន្ថែម​ពីនេះ សិង្ហ​បុរី ដែលជា​រដ្ឋ​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន​-​ចិន បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដោយ​ផ្អែក​តាមច្បាប់​។

 
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក Vivian Balakrishnan នៅ​ថ្ងៃទី​១១ ខែកក្កដា ម្សិលមិញ បាន​ឆ្លើយតប​ទៅនឹង​សមាជិកសភា​លើ​គោលជំហរ​សមុទ្រ​ចិន​ខាងត្បូង ដោយ លោក​អះអាងថា ការទាមទារ​តំបន់​អធិបតេយ្យ​ត្រួតស៊ីគ្នា គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ភាគី​ពាក់ព័ន្ធ​ដោយយោង​តាមច្បាប់​អន្តរជាតិ​ដែល​រួមមាន​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ផងដែរ​។ លោក ក៏បាន​បន្ថែម​ដែរ​ថា គ្រប់ភាគី គួរ​ចៀសវាង​សកម្មភាព​បង្ក​ហេតុដែល​អាចធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
 
​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា រសៀល​នេះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​ហ្វីលីពីន​ប្រឆាំង​ចិន​ហើយ​។ នីតិវិធី​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ តែ​ចិន បាន​បដិសេធ​មិន​ចូលរួម​នោះទេ ដោយបាន​អះអាងថា​តុលាការ​គ្មាន​យុត្តាធិការ​លើ​សំណុំ​នោះទេ​។ 
 
​ជុំវិញ​នីតិវិធី​នេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​បញ្ជាក់​ក្នុង​ចំណុច​មួយ​នៃ​ចំណុច​ទាំង​៩​នៃ​សេចក្តីថ្លែងការណ៍​គោលជំហរ​សិង្ហ​បុរី​ទៅកាន់​សភា​ដែរ​ថា សិង្ហ​បុរី មិនមាន​តួនាទី​អ្វី​លើ​ការទាមទារ​អធិបតេយ្យ​នោះទេ ហើយ​នីតិវិធី​នៃ​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​របស់​ហ្វីលីពីន​ប្រឆាំង​ចិន​គឺជា​ការសម្រេច​ក្នុង​ក្របខណ្ឌ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​ធ្វើឡើង​ដោយ​ហ្វីលីពីន​ដោយ​មិនបាន​ពិគ្រោះ​យោបល់​ជាមួយនឹង​អាស៊ាន​ឡើយ​។ ហើយ​ឆ្លើយ​នឹង​សំណួរ​ថា​តើ​សិង្ហ​បុរី នឹងមាន​សេចក្តីថ្លែងការណ៍​ណាមួយ​ជាមួយនឹង​អាស៊ាន​ក្រោយ​ការប្រកាស​នេះ លោក សង្កត់ធ្ងន់ថា វា​អាស្រ័យ​លើ​ការសិក្សា និង​វាយតម្លៃ​បន្ថែម​លើ​សាលក្រម​នោះ និង​ភាព​ឯក​ច្ឆន្ទ​របស់​រដ្ឋ​អាស៊ាន​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ សិង្ហ​បុរី គឺជា​រដ្ឋ​អាស៊ាន​ទី​ពីរ​ហើយ​ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ជា​ចំហ​រលើ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​បន្ទាប់ពី​កម្ពុជា​។ 
 
​នៅ​ថ្ងៃទី​២០ ខែមិថុនា​កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់ ថា រាល់​សេចក្តីថ្លែងការណ៍​ទាំងឡាយណា ដែល​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​សមស្រប កម្ពុជា មិន​ចូលរួម​ជាមួយ​ឡើយ​។ សម្តេច ក៏​ប្រកាស​មិន​គាំទ្រ​ចំពោះ សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន បើទោះបីជា​សាលក្រម​នោះ មាន​ទំនោរ​ទៅខាង​ណាក៏ដោយ​។ 
 
​បន្ថែម​ពីនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​បញ្ជាក់បន្ថែម​នៅ​ថ្ងៃទី​០៩ ខែកក្កដា​ម្តងទៀត​ដោយ​លើក​ពី​គោលជំហរ​បី​ចំណុច​។ ទី​១ កម្ពុជា យល់ថា​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន គឺ​ដើម្បី​សុំ​ឲ្យ​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍ ដោះ​យ​ស្រាយ​ជម្លោះ​របស់ខ្លួន​ជាមួយនឹង​ចិន ហើយ​ដំណើរការ​នេះ មិន​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋ​ទាំងអស់​ជា​សមាជិក​អាស៊ាន​ឡើយ​។ ទី​២ កម្ពុជា មិន​ចូលរួម​ក្នុងការ​បញ្ចេញ​ជំហរ​ណាមួយ​ចំពោះ​សាលក្រម​នៃ​តុលាការ​ឡើយ​។ ទី​៣ កម្ពុជា អំពាវនាវ​ឲ្យ​ហ្វីលីពីន និង​ចិន បន្ត​ដោះស្រាយ​ជម្លោះ​របស់ខ្លួន​ដោយ​សន្តិវិធី​ផងដែរ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ពាក់ព័ន្ធ​ដែលជា​សមាជិក​អាស៊ាន ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម និង​ចិន​៕ 
 
 

Tag:
 ​សិង្ហ​បុរី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com