អន្តរជាតិ
​តើ​ចិន​អាច​មើលស្រាល​ច្បាប់​អន្តរជាតិ​ដូច​ប្រទេស​មហាអំណាច​ផ្សេងទៀត​ដែរ​ទេ បើសិន​ពួកគេ​ចាញ់ក្តី​ហ្វីលីពីន​?
12, Jul 2016 , 3:13 pm        
រូបភាព
ដោយ:
​សាលក្រម​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​(Permanent Court of Arbitration) ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​ហ្វីលីពីន​ប្រឆាំង​ចិន នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១២ ខែកក្កដា​នេះ​។ វា មិន​ប្រាកដ​នៅឡើយ​នោះទេ​ថា ហ្វីលីពីន នឹង​ឈ្នះក្តី​លើ​សំ​ណុ​រឿង​នេះនោះ​។ តែ​សម្រាប់​មតិ​មួយចំនួន យល់ឃើញថា ហ្វីលីពីន​មានប្រៀប​ច្រើន​ក្នុង​នីតិវិធី​ឯកតោភាគី​មួយ​នេះ​។ ទោះ​បែបណាក៏ដោយ បើ​តុលាការ​បកស្រាយ​ដោយមាន​ទំនោរ​ទៅ​ហ្វីលីពីន ហើយ ចិន មិន​អនុវត្តតាម ក៏មិន​មែន​ជា​រឿង​ថ្មី​អ្វី​ឡើយ​។ ហើយ​ហេតុអ្វី​បានជា​មិនមែនជា​រឿង​ថ្មី​សម្រាប់​ការបដិសេធ​មិន​អនុវត្ត​ច្បាប់​អន្តរជាតិ​នោះ​?



​បើតាម​ការវែកញែករ​ប​ស់លោក ហេង សារិទ្ធ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ មាន​សេណា​រី​យ៉ូ​បី​អាច​បកស្រាយ​ពី​លទ្ធភាព​នៃ​សាលក្រម​របស់​តុលាការអន្តរជាតិ​ក្រុងឡាអេ​។ តាម​សេណា​រី​យ៉ូ​ទាំងបី​នេះ ហ្វីលីពីន អាចមាន​លទ្ធភាព​ឈ្នះ ហើយ អាច​មិន​ចំណេញ​ក្នុង​វិធី​មួយ​នេះ​ផងដែរ​។ ដោយឡែក សារព័ត៌មាន​ថ្មីៗ សុំ​លើក​យកតែ​សេណា​រី​យ៉ូ​មួយ​ដែល​ទាក់ទង​នឹង​ការបកស្រាយ​របស់​តុលាការ​នៅ​ខាង​ហ្វីលីពីន ពោលគឺ​ចិន បាន​បំពាន​ក្នុង​តំបន់​ជម្លោះ​។

​តើ​អ្វីដែល​តុលាការ​នឹង​បកស្រាយ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​?
​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ដែល​ចុះ​នៅ​ថ្ងៃទី​២៩ ខែមិថុនា សាលាក្តី​បាន​សង្កត់ធ្ងន់ ថា «​សាលាក្តី នឹងមិន​បកស្រាយ​លើ​សំណួរ​នៃ​អធិបតេយ្យ​(​ម្ចាស់​)​លើទឹក​ដី និង មិន​កំណត់​ដែន​សីមា​សមុទ្រ​ឲ្យ​ភាគី​ណាមួយ​ឡើយ​»​។ ក៏ប៉ុន្តែ សាលាក្តី អះអាងថា មាន​យុត្តាធិការ​ដើម្បី​ពិចារណា​លើ​«​សំណើ​ប្រាំពីរ​ចំណុច​របស់​ហ្វីលីពីន​»​ក្នុងចំណោម​សំណើ​ទាំង​១៥​ដែល​ហ្វីលីពីន​បានដាក់​ឲ្យ​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net ចំណុច​ទាំងប្រាំពីរ​ដែល​សាលាក្តី​ទទួល​ចាត់ការ​នោះ រួមមាន​ទាក់ទង​នឹង​ការបកស្រាយ​ពី​ស្ថានភាព​នៃ (​ចំណុច​ទី​១) តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​២)​តំបន់ Mischief Reef, Second Thomas Shoal និង Subi Reef, (​ចំណុច​ទី​៣) តំបន់​ថ្ម​ប៉ប្រះ​ទឹក​Gaven Reef និង McKennan Reef, (​ចំណុច​ទី​៤)​តំបន់​ថ្ម​ប៉ប្រះ​ទឹក Johnson Reef, Cuarteron Reef និង Fiery Cross Reef, (​ចំណុច​ទី​៥) ចិន​បាន​រារាំង​អ្នកនេសាទ​ហ្វីលីពីន​ដោយ​ខុសច្បាប់​ក្នុងការ​សកម្មភាព​នេសាទ​បែប​ប្រពៃណី​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal, (​ចំណុច​ទី​៦) ចិន បាន​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែល​កំណត់​ក្នុង​អនុសញ្ញា​ក្នុងការ​ការពារ​និង​អភិរក្ស​បរិស្ថាន​សមុទ្រ​នៅ​តំបន់ Scarborough Shoal និង Second Thomas Shoal (​ចំណុច​៧) ចិន បាន​បំពាន​កាតព្វកិច្ច​ខ្លួន ដែល​កំណត់ដោយ​អនុសញ្ញា​ដោយបាន​ប្រតិបត្តិការ​នាវាចម្បាំង​ដែលមាន​ច​រិ​ក​លក្ខណៈ​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​តំបន់​ក្បែរ​នៃ Scarborough Shoal​។​

​បើ​ចិន មិន​អនុវត្ត​លើ​សាលក្រម គឺជា​រឿង​ថ្មី​ទេ​?
​ចិន​ដែល​គេ​ហៅថា​ជាម​ហាយ​ក្ស គឺជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល ហើយ ក៏​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២​ដែរ​។ ចិន បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។ សម្រាប់​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​វិញ បើទោះជា​ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុង​នីតិវិធី​ដែល​ផ្តួចផ្តើម​ដោយ​ហ្វីលីពីន​ក៏ដោយ ចិន ក៏បាន​ដាក់​ជំហរ​ផ្លូវការ​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​នោះ​នៅ​ឆ្នាំ​២០១៤ ដោយ​អះអាងថា តុលាការ​នោះ មិនមែនជា​យុត្តាធិការ ហើយ​ចិន និង​ហ្វីលីពីន ក៏មាន​កិច្ចព្រមព្រៀង​ដោះស្រាយ​លើ​ជម្លោះ​រួចទៅហើយ​។

​មួយវិញទៀត ចិន បាន​ចាត់ទុកថា ការបង្កើត​ម​ជ្ឈ​ត្ត​ការ​ដោយ​ឯកតោភាគី​របស់​ហ្វីលីពីន បាន​បំពាន​នឹង​«​សិទ្ធិ​អធិបតេយ្យ​របស់​ចិន​»​ដែល​បាន​បញ្ញត្តិ​ក្នុង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​លើក​ភស្តុតាង​នៃ​អវត្តមាន​ខ្លួន​ក្នុង​វេទិកា​ម​ជ្ឈ​ត្ត​កម្ម​នោះ​ថា ដោយ​យោងតាម​មាត្រា​២៩៨ នៃ UNCLOS ដោយ ចិន បានធ្វើ​សេចក្តីប្រកាស​មួយ​ដោយ​ដកចេញ ជម្លោះ​ទាក់ទង​នឹង​ការកំណត់​ដែនសមុទ្រ​, ទាក់ទង​តំបន់ឆ្នេរ​ប្រវត្តិសាស្ត្រ​, សកម្មភាព​យោធា​និង សកម្មភាព​នៃ​ការអនុវត្ត​ច្បាប់ ដែលជា​ការអនុវត្ត​សិទ្ធិ​អធិបតេយ្យ ឬ​យុត្តាធិការ​ពី​ការដោះស្រាយ​ម​ជ្ឈ​ត្ត​ការ​ដែលមាន​លក្ខណៈ​ចាំបាច់ (Compulsory Arbitration) និង​នីតិវិធី​នៃ​ការដោះស្រាយ​ជម្លោះ​នានា​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ផងដែរ​។​

​ដោយឡែក ប្រសិន​ចិន មិន​អនុវត្ត​ដូច​ទៅនឹង​ការបកស្រាយ​របស់​តុលាការ វា​ក៏​មិនមែនជា​រឿង​ដែល​ថ្មី​នឹង​ចម្លែក​ឡើយ​។ នោះ ក៏​ព្រោះ​តែមាន​ករណី​ជាច្រើន​ហើយ​ដែល​មហាអំណាច​ធំៗ មិន​អនុវត្តតាម​សាលក្រម​ដែល​សម្រេច​ដោយ​តុលាការ​ដែល​គេ​តែងតែ​និយាយថា​«​អ្នកមានអំណាច​ធ្វើ​អ្វី​ក៏ត្រូវ​»​។ បើ​យោងតាម​សារព័ត៌មាន The Diplomat ដែលជា​ស្គាល់​ថា​ជា​កាសែត​របស់​ក្រុម​ប​ញ្ញ​វ​ន្ត័ បាន​លើក​ករណី​សិក្សា​មួយចំនួន​ដែល​ទាក់ទង​នឹង​ការ​ចាញ់ក្តី​របស់​មហាអំណាច​ធំ​ពីរ​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គឺ​អាមេរិក និង​រុស្ស៊ី តែ​ពួកគេ មិន​អនុវត្តតាម​សាលក្រម​នោះឡើយ​។​

​ករណី​ទីមួយ​នោះ​គឺ ហូ​ឡង់ បាន​ប្តឹង​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​នាវិក និង​នាវា​របស់​ហូ​ឡង់​ដែល​ឆ្លងកាត់​សមុទ្រ​រុស្ស៊ី​ឆ្នាំ​២០១៣​។ ពេលនោះ រុស្ស៊ី បាន​បដិសេធ​លើ​យុត្តាធិការ​របស់​តុលាការ និង​មិន​ចូលក្នុង​ការជំនុំជម្រះ​ឡើយ​។ នីតិវីធី បាន​បន្ត​តាម​សំណើ​របស់​ហូ​ឡង់ ហើយ ចុងក្រោយ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ (PCA) ប្រកាស​ឲ្យ​រុស្ស៊ី​ផ្តល់​សំណង​ឲ្យ​ហូ​ឡង់ តែ​រុស្ស៊ី បាន​បដិសេធ​មិន​អនុវត្ត​ឡើយ​។

​ករណី​ប្រវត្តិសាស្ត្រ​មួយទៀត​ដែលជា​រឿង​អាម៉ាស​សម្រាប់​អាមេរិក ការមិន​អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ នោះ​គឺ នៅ​ឆ្នាំ​១៩៨៤ នី​កា​រ៉ា​ហ្គា បាន​ប្តឹង​អាមេរិក​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា​ប្រឆាំង​នី​កា​រ៉ា​ហ្គា​។ ដូច​ទៅនឹង​ចិន អាមេរិក បាន​ជំទាស់​ទៅនឹង​យុត្តាធិការ​របស់​តុលាការ​ដែរ ហើយ អាមេរិក ថែមទាំង​បដិសេធ​ទៅនឹង​យុត្តាធិការ​របស់​តុលាការ​លើ​សំណុំ​រឿងផ្សេងៗ​នាពេលខាងមុខ​ដែល​ពាក់ព័ន្ធ​នឹង​អាមេរិក លើកលែងតែ​មានការ​ស្នើ​សុំ​ពី​អាមេរិក​ផ្ទាល់​។ តែ​សំណុំ​រឿងនេះ បើ​ចិន ធ្វើ​អាមេរិក នោះ​មានន័យថា​ចិន ក៏​អាច​ដកខ្លួន​ចេញពី​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ លើ​សំណុំ​រឿងនេះ​ដដែល តុលាការអន្តរជាតិ ក៏បាន​សម្រេច​ឲ្យ​អាមេរិក​ផ្តល់​សំណង​ឲ្យ​នី​កា​រ៉ា​ហ្គា​ផងដែរ តែ អាមេរិក ក៏បាន​ជំទាស់​មិន​អនុវត្ត​ទៀតផង​។

​ករណី​សិក្សា​ទាំងពីរ​នេះ បានបង្ហាញ​ឲ្យ​ច្បាស់​ហើយ​ថា ច្បាប់ ឬ​អនុសញ្ញា​អន្តរជាតិ​មួយចំនួន គឺ​គ្រាន់តែ​ជា​ក្រដាស​ប៉ុណ្ណោះ​សម្រាប់​មហាអំណាច​។ ម្តងទៀត ឥរិយាបថ​នេះហើយ​ដែល​គេ​នៅតែ​បន្ត​និយាយថា «​អ្នកមានអំណាច​ធ្វើ​អ្វី​ក៏ត្រូវ​»៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com