ពីនេះ ពីនោះ
តើ ទ្វិ​ព​ន្ទុ​លេខ ឬ ចំណុច​ពីរ​គូស (៖) ប្រើ​ក្នុង​លក្ខខណ្ឌ​បែបណា​?
15, Jul 2016 , 7:20 am        
រូបភាព
​សញ្ញា​ដែលមាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖



​ក​/ ដាក់​នៅ​ចុងបញ្ចប់​នៃ​ប្រយោគ ក្នុងន័យ​កត់ត្រា​សម្តីរ​បស់​បុគ្គល​ណាមួយ ដែល​គេ​ស្រង់​យកមក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស​(“ ”) គេ​កត់សម្គាល់​ឃើញថា សញ្ញា​បែបនេះ ច្រើនតែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿងព្រេង​, រឿងនិទាន​, ការនិយាយ​ប្រាប់​គ្នា​ពី​ហេតុការណ៍​អតីតកាល ។​ល​។

​ខ​⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅដល់​ការរៀបរាប់ ដោយ​ចាត់ជា​ពួក​, ជា​ផ្នែក ។

​ពេល​សរសរ​មិនត្រូវ​ច្រឡំ​យុគលពិន្ទុ (​ៈ​) ជាមួយនិង​ទ្វិ​ពិន្ទុ​លេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ​, រីឯ​ទ្វិ​ពិន្ទុ​លេខ គឺមាន​សូន្យ​លើ ( ° ) សូន្យ​ក្រោម (°) ហើយ​មាន រ​ជ្ជុ​សញ្ញា​ខណ្ឌ​ចំ​កណ្តាល គឺ​យ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើង​ឃើញ​គេ​ប្រើ​យុគលពិន្ទុ តាមបែប​អឺរ៉ុប ជំនួស​ទ្វិ​ពិន្ទុ​លេខ ដោយ​មកពី​ទម្រង់​ពុម្ពអក្សរ​លី​ម៉ុ​ន (font Limon) ពុំមាន​សញ្ញា​ទ្វិ​ពិន្ទុ​លេខ ក៏​តាំងតែ​យក​យុគលពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បានៗ សិន រង់ចាំ​អ្នកបច្ចេកទេស​រកឃើញ​សញ្ញា​ទ្វិ​ពិន្ទុ​លេខ នោះ​នឹង​យកមកប្រើ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​វេយ្យាករណ៍​។​

​ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន នៅក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូចជា កម្មវត្ថុ​៖ ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ​... ចុះ​ថ្ងៃទី​....

​កំណត់សម្គាល់​អំពី​ការប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពីមុខ​ពាក្យ “​ថា​” ៖

ក​/ មិន​ប្រើ​យុគលពិន្ទុ ចំពោះតែ​ពាក្យ “​ថា​” ណា​ដែលជា​និបាត​ស័ព្ទ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់ត្រា​សម្តី​មិនផ្ទាល់​របស់​តួអង្គ មាននិយាយ​ក្នុង​“ Style indirect ” របស់​ភាសា​បារាំង ដូចជា​ពាក្យ ៖ ពោលថា​, និយាយថា​, ទំនាយ​ទាយ​ថា​, តិះដៀល​ថា​, ជេរ​ថា​, ប្រាប់ថា​... ពាក្យ​ទាំងនេះ គេ​មិនត្រូវ​ប្រើ​ដាក់​យុគលពិន្ទុ (​ៈ​) ពីមុខ​ទេ ។​

ខ​/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគលពិន្ទុ (​ៈ​) ក្នុងករណី​កត់ត្រា​ពាក្យសម្តី​ផ្ទាល់​របស់​អ្នកនិពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។​
​ដកស្រង់​ពី វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ចំណុច​វេយ្យាករណ៍​ខ្មែរ​

ដកស្រង់ពី វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ចំណុចវេយ្យាករណ៍



© រក្សាសិទ្ធិដោយ thmeythmey.com