ពីនេះ ពីនោះ
តើ​សញ្ញា ក្បៀស ( , ) ឬ​កណ្ដកសញ្ញា ត្រូវ​ប្រើ​ក្នុង​លក្ខខណ្ឌ​បែបណា​?
16, Jul 2016 , 7:20 am        
រូបភាព
​ភ្នំពេញ​៖ សញ្ញា ក្បៀស ( , ) ឬ​កណ្ដកសញ្ញា  គេ​ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់ពីគ្នា ទោះ​ពាក្យ​រៀបរាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ ការប្រើ​ក្បៀស​ក្នុងការ​សរសេរ​របស់​ខ្មែរ​យើង ក៏​ប្រហាក់ប្រហែល​នឹង​ការប្រើ​ក្បៀស​របស់លោក​ខាងលិច​ដែរ ។



​សញ្ញា ក្បៀស ( , ) ឬ​កណ្ដកសញ្ញា​    ​ប្រើ​ក្នុងការ​ពិពណ៌នា រៀបរាប់​ជំពូក​នាម អសាធារណនាម គុណនាម និង​កិរិយាស័ព្ទ​។​

​នៅក្នុង​ឃ្លាប្រយោគ​បរទេស​ដូចជា ភាសា​បារាំង អង់គ្លេស អេ​ស្ប៉ា​ញ៉ុ​ល​ជាដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដកឃ្លា គេ​ប្រើ​ក្បៀស​ទាំងអស់ ។ នេះ​អាចជា​ទម្លាប់​ភាសា​គេ ឬក៏​ធ្វើ​ទៅតាម​ការតម្រូវ​ចាំបាច់ នៃ​ក្បួន​វេយ្យាករណ៍ របស់គេ ។​
 
​អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅលើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅក្នុង​ឃ្លាប្រយោគ​ទាំងអស់នោះ ពុំដែល​មានប្រើ​ក្បៀស​ទាល់តែសោះ ។ យើង​កត់សម្គាល់​ឃើញថា ចាប់តាំងពី​ប្រទេស​យើង ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយសារ​បានទទួល​ឥទ្ធិពល ពី​របៀបរបប​សរសេ​រ​បែប​បារាំង យើង​ក៏​ចាប់ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូតមក ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី យើង​សង្កេតឃើញ​មាន​ទំនោរ​ពីរ​គឺ ៖

​    ​ក​/-​ប្រភេទ​ជន​ដែល​បាន​រៀនសូត្រ​ចេះដឹង​ជ្រៅជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។​

​    ​ខ​/-​ប្រភេទ​ជន​ដែល​ចេះតែ​ភាសា​ខ្មែរ ក៏​ទទួលយក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។​

​និយាយ​រួម​មក ការប្រើ​ដកឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដកឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិនមាន​អ្វី​ប្លែក​គ្នា​ខ្លាំងពេក​នោះទេ ។ ប៉ុន្តែ​ការប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់លាស់​ប្រាកដប្រជា​ជាង​។​

​ដកស្រង់​ពី វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ចំណុច​វេយ្យាករណ៍​ខ្មែរ​



© រក្សាសិទ្ធិដោយ thmeythmey.com