អន្តរជាតិ
បក្សប្រឆាំង​អង់គ្លេស ស្នើ​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​
12, Jul 2016 , 8:19 pm        
រូបភាព
លោកស្រី Theresa May ក្លាយជាបេក្ខជនតែមួយសម្រាប់ប្រជែងយកតំណែងនាយករដ្ឋមន្ត្រីថ្មី ជំនួសលោក ដេវីដ ខេមេរ៉ូន
លោកស្រី Theresa May ក្លាយជាបេក្ខជនតែមួយសម្រាប់ប្រជែងយកតំណែងនាយករដ្ឋមន្ត្រីថ្មី ជំនួសលោក ដេវីដ ខេមេរ៉ូន
​គណបក្ស​ពលករ ដែលជា​គណបក្សប្រឆាំង​នៅ​ចក្រភព​អង់គ្លេស បានស្នើ​ឲ្យ​ការបោះឆ្នោត​មុន​អាណត្តិ ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។ ការស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី លោកស្រី Theresa May ក្លាយជា​បេក្ខជន​តែមួយ​សម្រាប់​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី ជំនួស​លោក ដេវីដ ខេ​មេ​រ៉ូ​ន សម្រាប់​ការបោះឆ្នោត​ផ្ទៃក្នុង​របស់​គណបក្ស​អភិរក្ស ដែល​កំពុង​កាន់អំណាច​។​



​ខណៈដែល រដ្ឋមន្ត្រី​មហាផ្ទៃ លោកស្រី Theresa May រំពឹងថា នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី ដោយ​គ្មាន​គូប្រជែង​នោះ គណបក្សប្រឆាំង​របស់​ចក្រភព​អង់គ្លេស បានស្នើ​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​សភា​មុន​អាណត្តិ​។ លោកស្រី Theresa May នៅ​ថ្ងៃទី​១១ ខែកក្កដា បាន​ក្លាយជា​បេក្ខភាព​តែ​ម្នាក​គត់ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ស្រប​ពេលដែល រដ្ឋមន្ត្រី​ថាមពល លោកស្រី Andrea Leadsom បោះបង់​ការ​ប្រជែង​នេះ​។

​អ្នកសម្របសម្រួល​ការ​បោះឆ្នោត​របស់​បក្ស​ពលករ លោក Jon Trickett និយាយថា វា​ជា​រឿង​សំខាន់​សម្រាប់​ចក្រភព​អង់គ្លេស ដែលមាន​នាយករដ្ឋមន្ត្រី​កើតចេញពី​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​។ ហើយ​លោក ក៏បាន​ហៅថា​ជ្រើសរើស លោកស្រី May ថា​ជា​ការលើក​ឲ្យ​កាន់អំណាច​។ លោក​បន្តថា ឥឡូវនេះ វា​ទំនងជា​មានការ​ឡើងកាន់​អំណាច នៃ​នាយករដ្ឋមន្ត្រី​ថ្មី របស់​បក្ស​អភិរក្ស​ហើយ​។​

​ជាមួយនឹង​ស្ថាន​ភាពមិនច្បាស់លាស់ នៅក្រោយ​ការចាកចេញ​ពី​ចក្រភព​អង់គ្លេស លោក Trickett បញ្ជាក់ថា អង់គ្លេស ត្រូវតែមាន​នាយករដ្ឋមន្ត្រី​ចេញពី​ការបោះឆ្នោត ហើយ​បក្ស​ពលករ ស្នើ​ឲ្យ​មានការ​បោះឆ្នោត​ទូទៅ​មួយ​។ លោក​សង្កត់ធ្ងន់​ទៀតថា នេះ​ជា​ពេលដែល​បក្ស​ពលករ ត្រូវ​រួបរួមគ្នា និង​ធានាថា ប្រជាជន​រាប់លាន​នាក់ ដែល​ប៉ះពាល់​ដោយ​បញ្ហា​សេដ្ឋកិច្ច មានឱកាស​ជ្រើសរើស​រដ្ឋាភិបាល ដែល​មកពី​បក្ស​ពលករ​។​

​បើតាម​សារព័ត៌មាន The Independent ក្រៅពី​បក្ស​ពលករ គណបក្ស​បៃតង ក៏​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​ដែរ​។ លោកស្រី Caroline Lucas សមាជិកសភា​នៃ​បក្ស​បៃតង និយាយ​ដែរ​ថា ការដកខ្លួន​របស់លោក​ស្រី Leadsom បង្ហាញ​ពី​ការចាំបាច់ ក្នុង​រៀបចំ​ការបោះឆ្នោត​ទូទៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​នេះ​ជា​អ្វីដែល​បក្ស​នេះ​ចង់បាន ចាប់តាំងពី​ប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា​មក​ម្លេះ​។  

​យ៉ាងណាមិញ គេ​មិន​រំពឹងថា សំណើ​នេះ ទទួលបាន​ចម្លើយ​វិជ្ជមាន​នោះទេ​។ ក្នុងអំឡុងពេល​ការ​ប្រជែង​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី លោកស្រី Theresa May បញ្ជាក់​ហើយ​ថា គ្មាន​បោះឆ្នោត​មុន​អាណត្តិ​ឡើយ ប្រសិនបើ​លោកស្រី​ជាប់​ជា​នាយករដ្ឋមន្ត្រី​ថ្មី​។ កាន់តែច្បាស់​ទៅទៀត នៅពេលនេះ លោកស្រី នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី របស់​អង់គ្លេស ជំនួស​លោក ដេវីដ ខេ​មេ​រ៉ូ​ន ដោយ​រង់ចាំតែ​ការបញ្ជាក់​ផ្លូវការ​ពី​បក្ស​អភិរក្ស​ប៉ុណ្ណោះ​៕


Tag:
 ចក្រភព​អង់គ្លេស​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com