អន្តរជាតិ
ភាគី​ជម្លោះ​ស៊ូដង់​ខាងត្បូង​ប្រកាស​បទ​ឈប់​បាញ់ ក្រោយ UN ដាក់​សម្ពាធ​
12, Jul 2016 , 8:59 pm        
រូបភាព
​មេដឹកនាំ​នៃ​ភាគី​ជម្លោះ​នៅ​ស៊ូដង់​ខាងត្បូង បានប្រកាស​អនុវត្ត​បទ​ឈប់​បាញ់ រវាង​កងកម្លាំង​គាំទ្រ​ប្រធានាធិបតី និង​កងកម្លាំង​ស្មោះ​នឹង​អនុ​ប្រធានាធិបតី ដែល​អំពើហិង្សា​បានសម្លាប់​មនុស្ស​ជិត​បី​រយ​នាក់​រួចមក​។ ការប្រកាស​បទ​ឈប់​បាញ់​នេះ​ធ្វើឡើង បន្ទាប់ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្ម​ជួញដូរ​អាវុធ បន្ទាន់​មួយ​លើ​រដ្ឋ​ក្មេងខ្ចី​នេះ​។   



​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង លោក Salva Kiir បានប្រកាស​បទ​ឈប់​បាញ់ និង​ការផ្អាក​សកម្មភាព​ប្រទូស្ត​រ៉ា​យ​ជា​ឯកតោភាគី និង​បាន​បញ្ជា​ឲ្យ​កងកម្លាំង​រដ្ឋាភិបាលរ​ប​ស់លោក បញ្ឈប់​ការប្រយុទ្ធ​គ្នា ជាមួយ​កងកម្លាំង​អនុ​ប្រធានាធិបតី លោក Riek Machar​។ អំពើហិង្សា​រវាង​កម្លាំង​ទាំងពីរ នាពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាត់​បង់ជីវិត​។​

​បទបញ្ជា​ខាងលើនេះ ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកក្កដា ដោយ​លោក Ateny Wek Ateny ជា​អ្នកនាំពាក្យ​លោក​ប្រធានាធិបតី Kiir​។ ហើយ​ភ្លាមៗ បន្ទាប់ពី​ភាគី​ប្រធានាធិបតី​ប្រកា​សបទ​ឈប់​បាញ់ អនុ​ប្រធានាធិបតី Machar ក៏​ឆ្លើយតប​ជា​វិជ្ជមាន​ផងដែរ​។ លោក Machar បាន​បញ្ជា​ឲ្យ​កងទ័ព​របស់លោក បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ផងដែរ​។​

​អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​ទូរទស្សន៍ Al Jazeera ថា លោក​ប្រធានាធិបតី Kiir បាន​និយាយ​ជាមួយ​លោក Machar ដោយ​ផ្ដោតលើ​ការគ្រប់គ្រង​កងកម្លាំង​ភាគី​រៀងៗ​ខ្លួន ដើម្បី​ស្រោចស្រង់​អ្វីដែល​គេ​ហៅថា កិច្ចព្រមព្រៀង​សន្តិភាព​។

​សូម​រម្លឹកថា កងកម្លាំង​ខាង​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​លោក Salva Kiir និង​កងកម្លាំង​នៃ​បដិបក្ខ​របស់លោក​គឺ​លោក​អនុ​ប្រធានាធិបតី Riek Machar បានចាប់ផ្តើម​ប៉ះទង្គិច​គ្នា​តាំង​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​សុក្រ និង​បាន​រីក​រាល​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ថ្ងៃទី​១០ ខែកក្កដា នៅ​កណ្តាល​រដ្ឋធានី Juba តែម្ដង​។ យ៉ាងណាមិញ ការផ្ទុះអាវុធ​នេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នោះទេ ដ្បិត​ភាគី​ទាំងសងខាង បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា បាន​បើក​ការវាយប្រហារ​មុន​។

​គេ កំពុង​ព្រួយបារម្ភ​ថា សង្គ្រាមស៊ីវិល នឹង​វិល​ត្រលប់​មករក​ប្រទេស​ដែល​ទើបតែ​ទទួលបាន​ឯករាជ្យ​ថ្មីថ្មោង​មួយ​នេះ​។ ការប៉ះទង្គិច កំពុងតែ​រីក​រាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ ថា រថ​គ្រោះជា​គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​វិថី​នៅ​កណ្តាល​រដ្ឋធានី Juba និង​ការប៉ះទង្គិច​គ្នា​នៅក្បែរ​ព្រលានយន្តហោះ និង​បន្ទាយ​អង្គការសហប្រជាជាតិ​ទៀតផង​ដែរ​។

​ឆ្លើយតប​បញ្ហា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​តក់ស្លុត​យ៉ាងខ្លាំង និង​បានទាមទារ​ឲ្យ​ភាគី​ទាំងពីរ អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ឲ្យ​បាន​ពេញលេញ​ដែល​រាប់បញ្ចូល​ទាំង​បទ​ឈប់​បាញ់​អចិន្ត្រៃយ៍ និង​ការពង្រាយ​កម្លាំង​នៅ​រដ្ឋធានី Juba ផងដែរ​។ ជាងនេះទៅទៀត លោក បាន គី​មូ​ន ក៏​ព្រមាន​ដាក់ទណ្ឌកម្ម​ថ្មីៗ​ទៀត លើ​ប្រទេស​នេះ​ផងដែរ​៕      


Tag:
 ស៊ូដង់​ខាងត្បូង​
  ​អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com