ជាតិ
ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​មក​បញ្ជាក់​ពី​សារសំខាន់​នៃ​សិទ្ធិមនុស្ស​ក្នុង​ទំនាក់​ទំ​នង​ជាមួយ​កម្ពុជា​
13, Jul 2016 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Tom Malinowski ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ (DRL) នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៨ និង ១៩ ខែកក្កដា​ខាងមុខ​។  ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​សិទ្ធិមនុស្ស នៅក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង កម្ពុជា​។ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក​ឧបការី​រដ្ឋមន្ត្រី Malinowski នឹង​ជួប​ជាមួយ​មន្ត្រី  រដ្ឋាភិបាល សមាជិក​នៃ​គណបក្សប្រឆាំង  ក្រុម​សង្គម​ស៊ីវិល​ក្នុងស្រុក និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ នៅ​ថ្ងៃទី ១៨ កក្កដា ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​ដែលមាន​ភាពសេរី និង​យុត្តិធម៌ នៅ​កម្ពុជា​។ លោក Malinowski ក៏​នឹង​រំលឹក​ឲ្យ​កម្ពុជា​លើកកម្ពស់​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ធានា​ការការពារ​អង្គការសិទ្ធិមនុស្ស​។ លោក​ឧបការី​រដ្ឋមន្ត្រី នឹង​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ដើម្បី​ស្វែងយល់​បន្ថែមទៀត​ពី​ប្រវត្តិសាស្ត្រ នៃ​អតីត​ពន្ធនាគារ និង​មជ្ឈមណ្ឌល​សួរចម្លើយ​នេះ​។ 

​ចំណែកឯ នៅ​ថ្ងៃទី ១៩ កក្កដា លោក Malinowski នឹងចូលរួម​នៅក្នុង​ការ​សំណេះសំណាល​ជាមួយ​យុវជន​កម្ពុជា លើ​ប្រធានបទ​នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក នៅ​បណ្ណាល័យ​នៃ​ស្ថានទូត​អាមេរិក នៅក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ក្នុង​បរិវេណ​ខាងត្បូង​។ អ្នកចូលរួម​មាន សមាជិក​នៃ​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក សមាជិក​នៃ​កម្មវិធី​របស់លោក​ប្រធានាធិបតី Obama ដែលមាន​ឈ្មោះថា គំនិត​ផ្តួចផ្តើម ស្តីពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អា  គ្នេ​យ៍ (YSEALI)  ក្នុង​បំណង​ពង្រឹង​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ និង​ការទំនាក់ទំនង​គ្នា​ជា      បណ្តាញ នៅក្នុង​ចំណោម​យុវជន​នៅ​អាស៊ីអាគ្នេយ៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com