ជាតិ
CNRP ថា តុលាការ​កំពុង​រំលោភសិទ្ធិ​សេរីភាព​ឯកឧត្តម កឹម សុខា
14, Jul 2016 , 2:13 pm        
រូបភាព
ដោយ: ថ្មីៗ
​តុលា​ការចេញ​សេចក្ដីសម្រេច​ដាក់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដែល​ឯកឧត្តម កឹម សុខា កំពុង​ជាប់​បទ​ចោទ​«​បដិសេដ​ក្នុងការ​ចូលខ្លួន​»​។ ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ យល់ថា ការសម្រេច​របស់​តុលាការ​នេះ គឺជា​ការរំលោភ​សិទ្ធិសេរីភាព​ឯកឧត្តម កឹម សុខា​។​



​ក្រុម​សមាជិកសភា ចាត់ទុក​ទង្វើរ​របស់​តុលាការ​នេះ គឺ​បង្ហាញ​កាន់តែច្បាស់​ថា ករណី​ឯកឧត្តម កឹម សុខា គឺជា​រឿង​នយោបាយ​។​

​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៤​កក្កដា របស់​សមាជិក​សភាគ​ណ​បក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការសម្រេច​របស់​តុលា​ការដែល​ដាក់​ឲ្យ​ឯកឧត្តម កឹម សុខា ជា​អ្នកតំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ គឺជា​ការរំលោភ​សិទ្ធិសេរីភាព​តំណាងរាស្ត្រ និង​ការរំលោភ​ម្ដង​ហើយ​ម្ដងទៀត​ទៅលើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំ​ឮ​កថា មាត្រា​៨០ រដ្ឋធម្មនុញ្ញ បាន​ចែងថា តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន ដោយ​មិនបាន​លើក​អភ័យឯកសិទ្ធិសភា​នោះទេ​។ ហើយ​រហូតមក​ដល់ពេលនេះ សភា ពុំបាន​បំពេញ​តាម​និតិ​វិធី​ត្រឹមត្រូវ ដែល​ច្បាប់​បានកំណត់​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤ កក្កដា​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង បានចេញ​ដីការ​សម្រេច​យកទៅ​បិទ​នៅ​ជញ្ជាំង​ផ្ទះ​លោក កឹម សុខា ដោយ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្នុង​ការពិនិត្យ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ តាម​មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ជា​បទល្មើស ដែល​ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​។​

​បើតាម​ដីកា​សម្រេច ចៅក្រម​ស៊ើបសួរ​ដាក់​ឯកឧត្តម កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ តាម​បញ្ញត្តិ​មាត្រា ២២៣ នៃ​ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ ដោយ​ឯកឧត្តម កឹម សុខា ត្រូវអនុវត្ត​នូវ​កាតព្វកិច្ច​ដូចជា មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី ដែល​កំណត់ដោយ​ចៅក្រម​ស៊ើបសួរ​។ ត្រូវ​ចូល​បង្ហាញខ្លួន​តាម​ការ​កំណត់​នៅ​អង្គភាព​នគរបាល ឬ​កងរាជអាវុធហត្ថ ដែល​ចាត់តាំង​ដោយ​ចៅក្រម​។ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម និង​ប្រគលជូន​ដល់​ការិយាល័យ​ក្រឡាបញ្ជី​គ្រប់​ឯកសារ​បញ្ជាក់​អំពី​អត្តសញ្ញាណ​៕


Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com