អន្តរជាតិ
តួ​ក​គី​៖ មន្ត្រី​យោធា​៣៩​នាក់​ត្រូវបាន​បណ្ដេញចេញ ខណៈ​ជាង​១៥០០​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​
16, Jul 2016 , 6:55 pm        
រូបភាព
​ក្រុម​យោធា​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​តួ​ក​គី បាន​ចាប់ខ្លួន​ទាហាន និង​មន្ត្រី​យោធា​ចំនួន​១៥៦៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​មិន​ជោគជ័យ​មួយ នៅ​យប់​ថ្ងៃទី​១៥ ខែកក្កដា​។ ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​តួ​ក​គី បង្ក​ជា​អំពើហិង្សា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​៩០​នាក់ និង​មនុស្ស​លើស​មួយ​ពាន់​នាក់ រងរបួស​។​

 
​មន្ត្រី​យោធា​ជាន់ខ្ពស់​តួ​ក​គី​ថា្នក់​វរសេនីយ៍​ចំនួន​២៩​នាក់ និង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៥​នាក់ ត្រូវ​បណ្ដេញ​ចេញពី​តំណែង ខណៈ​ទាហាន​ច្រើនជាង​១៥០០​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ដោយ​កងកម្លាំង​រដ្ឋាភិបាល​ប្រធានាធិបតី Recep Tayyip Erdogan បន្ទាប់ពី​ពួកគេ ធ្វើការ​បះបោរ​មិន​ជោគជ័យ​។ ហេតុការណ៍ ដែល​កើតឡើង​ក្នុង​រដ្ឋធានី​អង់កា​រ៉ា និង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល បណ្ដាល​ឲ្យ​មនុស្ស​ជិត​មួយរយ​នាក់ បាត់បង់​ជីវិត និង​ជាច្រើន​នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
 
​ដោយ​ស្រង់​ប្រភពពី​មន្ត្រី​យោធា​តួ​ក​គី ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា កងកម្លាំង​រដ្ឋាភិបាល​តួ​ក​គី បាន​ចូល​កាន់កាប់​ទីស្នាក់ការ​កងទ័ព ប៉ុន្តែ​នៅតែមាន​ក្រុម​យោធា​ដែល​ចូលរួម​ធ្វើ​រដ្ឋប្រហារ​មួយចំនួនទៀត នៅ​បន្តធ្វើ​សកម្មភាព​ដដែល​។ មួយវិញទៀត មេបញ្ជាការ​កងទ័ព​តួ​ក​គី លោក​ឧ​ត្ត​ម​សេនីយ៍ Hulusi Akar ដែល​បាត់​ខ្លួន​ក្នុងពេល​រដ្ឋប្រហារ និង​ត្រូវ​ចាប់ខ្លួន​ដោយ​ក្រុម​យោធា​នោះ ក៏ត្រូវ​បាន​រំដោះ​ផងដែរ​។ លោក គឺជា​មន្ត្រីជាន់ខ្ពស់​ជាង​គេ ដែល​ស្ថិតក្នុង​ដៃ​ក្រុម​នេះ​។ 
 
​បន្ថែម​ពីនេះ​ទៀត ក្រុម​យោធា ដែល​ត្រូវ​ចាត់ទុកជា​ក្រុម​ឧទ្ទាម​នោះ ក៏មាន​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ជាច្រើន​គ្រឿង ក្នុង​ដៃ​ផងដែរ​។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​តួ​ក​គី ក៏​ដាក់​បញ្ជា​ឲ្យ​បាញ់​ទម្លាក់ចោល​ទាំងអស់ ប្រសិនបើ​ហ៊ាន​ហោះ ខណៈ​មាន​យន្តហោះ​មួយគ្រឿង បាន​វាយប្រហារ​មកលើ​អាគារ​រដ្ឋាភិបាល​រួចមក​។ 
 
​លើសពីនេះ ប្រធានាធិបតី Recep Tayyip Erdogan ដែល​បានប្រកាសថា រដ្ឋាភិបាល​កំពុង​គ្រប់គ្រង​ស្ថានការណ៍​នោះ ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​ទាំងអស់ បន្ត​ស្ថិតនៅតាម​ទីតាំង​សាធារណៈ​ទាំងឡាយ បើទោះជា​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ ដាក់​បម្រាម​គោចរ​ក៏ដោយ​។ លោក Erdogan និយាយថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បានបញ្ចប់ ហើយ​អ្នកពាក់ព័ន្ធ នឹងមិន​ត្រូវបាន​លើកលែង​នោះទេ​។​
 
​សូមបញ្ជាក់ថា មេដឹកនាំ​ពិភពលោក បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន ជុំវិញ​ស្ថាន​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ពី​សំណាក់​យោធា​មួយក្រុម​នៅ​តួ​ក​គី ដើម្បី​ទម្លាក់​រដ្ឋាភិបាល​។ សហរដ្ឋអាមេរិក រុស្សី សហភាព​អឺរ៉ុប សម្ព័ន្ធ​យោធា​ណា​តូ និង​អង្គការសហប្រជាជាតិ បាន​អំពាវនាវ ឲ្យ​មានការ​រក្សា​ស្ថិរភាព​នៅក្នុង​តួ​ក​គី គ្រា​ដែល​យោធា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ នៅ​ថ្ងៃទី​១៥ ខែកក្កដា​។ ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ស្នើ​ឲ្យ​ភាគី​ទាំងអស់ គាំទ្រ​រដ្ឋាភិបាល​ដែល​ចេញពី​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​៕  

Tag:
 តួ​ក​គី​
  ​រដ្ឋប្រហារ​
© រក្សាសិទ្ធិដោយ thmeythmey.com