ជាតិ
ព្រះសង្ឃ និងអ្នកជំនាញពុទ្ធសាសនាពី៣០ប្រទេសនឹងពិភាក្សាគ្នាលើការកសាងសន្តិភាព
× ភ្នំពេញ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទតាមបណ្តាប្រទេសប្រកាន់ព្រះពុទ្ធសាសនាជាង ៧០០នាក់ មកពី ៣០ ប្រទេស រួមមាន សមាជិកអាស៊ាន អឺរ៉ុប ស្រីលង្កា និងអាមេរិកជាដើម នឹងចូលរួមសន្និសីទព្រះពុទ្ធសាសនាអន្តរជាតិ លើកទី ៣ ជាលើកដំបូង ក្នុងប្រទេសកម្ពុជា។ សន្និសីទនេះ ប្រព្រឹត្តឡើងពីម៉ោង ៧ព្រឹក ដល់ ៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងភោជនីយដ្ឋានទន្លេបាសាក់ទី ២។
អង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រារព្ធកម្មវិធីនេះ ដោយសហការជាមួយនឹងពុទ្ធិកសាកវិទ្យាល័យព្រះសីហនុរាជ និងសាកលវិទ្យាល័យព្រះពុទ្ធសាសនាពិភពលោក ក្រោមការគាំទ្រពីក្រសួងធម្មការ និងសាសនា។ សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ ភាពសុខដុមនីយកម្មព្រះពុទ្ធសាសនានៅក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន៖ សន្តិភាពក្នុងតំបន់ និងពិភពលោក (International Buddhist Conference Buddhist Harmony in AEC: Regional and World Peace)។
នាយកអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ព្រះអង្គ ហាក់ សៀងហៃ បានមានសង្ឃដីកាឲ្យដឹងពីគោលបំណងនៃការប្រារព្ធសន្និសីទសាសនាព្រះពុទ្ធនេះ គឺចង់ចែករំលែកនូវការបដិបត្តិព្រះពុទ្ធសាសនាក្នុងការចូលរួមវិភាគទានសុខសន្តិភាព និងការពង្រឹងសាមគ្គីភាពពុទ្ធសាសនិកក្នុងតំបន់អាស៊ាន និងពិភពលោក។
បន្ថែមលើនេះ ព្រះអង្គបន្តសង្ឃដីកាថា ព្រះសង្ឃកម្ពុជាចង់ជំរុញផ្សព្វផ្សាយព្រះពុទ្ធសាសនា ទៅកាន់ពិភពលោក និងការបង្ហាញពីវប្បធម៌អរិយធម៌ របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ។
ព្រះតេជគុណ មានសង្ឃដីកាយ៉ាងដូច្នេះថា៖«ព្រះសង្ឃ និងពុទ្ធបរិស័ទមានបំណងរឹតចំណងសាមគ្គីភាពបណ្តាញព្រះពុទ្ធសាសនានៅក្នុងតំបន់អាស៊ាន ហើយប្រែក្លាយជា សមាគមព្រះពុទ្ធសាសនាអាស៊ាន (ASEAN Buddhist Community)ផង»។
បើតាមសង្ឃដីកា ព្រះអង្គ ហាក់ សៀងហៃ សន្និសីទនេះត្រូវបានផ្តួចផ្តើមឡើងដំបូងនៅប្រទេសថៃ ក្នុងឆ្នាំ ២០១៤ ដោយសាកលវិទ្យាល័យព្រះពុទ្ធសាសនា បន្ទាប់មកនៅប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៥ និងនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១៦ នេះ។ ហើយប្រទេសមីយ៉ាន់ម៉ា នឹងបន្តរៀបចំសន្និសិទលើកទី ៤ ក្នុងឆ្នាំ ២០១៧ក្រោយទៀត៕
Tag:
ព្រះពុទ្ធសាសនា
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com