អន្តរជាតិ
លីប៊ី ក្ដៅក្រហាយនឹងវត្តមានទាហានបារាំងលើទឹកដីខ្លួន
× រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានថ្កោលយ៉ាងខ្លាំងចំពោះសកម្មភាពអន្តរាគមន៍របស់យោធាបារាំង នៅលើទឹកដីភាគខាងកើតរបស់ខ្លួន។ រដ្ឋាភិបាលលីប៊ី ចាត់ទុករឿងនេះ ជាការរំលោភអធិបតេយ្យភាពរបស់ខ្លួន និងទាមទារឲ្យបារាំងពន្យល់បញ្ហានេះឲ្យច្បាស់។
រដ្ឋាភិបាលលីប៊ីក្នុងទីក្រុងទ្រីប៉ូលី បានប្រតិកម្មខ្លាំងបន្ទាប់ពីបារាំងបានបញ្ជាក់ថា កងកម្លាំងពិសេសរបស់ខ្លួន កំពុងប្រតិបត្តិការនៅតំបន់ភាគខាងកើត។ វត្តមានកងទ័ពបារាំង ក៏បង្កឲ្យមានការធ្វើបាតុកម្មរបស់ប្រជាជនលីប៊ី ប្រឆាំងនឹងអន្តរាគមន៍យោធាបារាំងផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងនៅក្រោយការប្រកាសរបស់រដ្ឋាភិបាលបារាំង ពីការស្លាប់ទាហានបីនាក់ ដែលកំពុងយកការណ៍នៅភាគខាងកើតលីប៊ី ។
ក្នុងសេចក្ដីថ្លែការណ៍នៅថ្ងៃទី២០ ខែកក្កដា រដ្ឋាភិបាលលីប៊ីនិយាយថា ខ្លួនបានស្នើឲ្យបារាំងបកស្រាយវត្តមានទាហានបារាំងនៅលីប៊ី ដែលជាលើកទីមួយ បារាំងបញ្ជាក់ពីវត្តមានទាហានខ្លួននៅប្រទេសនេះ។ សេចក្ដីថ្លែងការណ៍បន្តថា ក្រុមប្រឹក្សាប្រធានាធិបតី បានបង្ហាញការមិនសប្បាយចិត្តចំពោះវត្តមានទាហានបារាំងនៅលីប៊ី ដោយមិនមានការសម្របសម្រួលពីក្រុមប្រឹក្សានេះ។
ជាមួយនឹងអន្តរាគមន៍នេះ អ្វីដែលគេបារម្ភនោះ គឺកងកម្លាំងរបស់លោកឧត្តមសេនីយ៍ Khalifa Haftar ដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងទ្រីប៉ូលី និងកំពុងប្រយុទ្ធនៅតំបន់ភាគខាងកើតនេះ។ ប្រសិនបើគេរកឃើញថា ទាហានបារាំងដែលមានវត្តមាននៅភាគខាងកើតដែរនោះ ជម្លោះនឹងកាន់តែរីតករាលដាល ហើយសំណួរពីតួនាទីរបស់លោកខាងលិច ក៏លេចឡើងផងដែរ។
លោក Mansour Al Hasadi ជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលីប៊ី បានប្រាប់ទូរទស្សន៍ Al Jazeera ថា សកម្មភាពរបស់បារាំង នឹងបង្កអស្ថិរភាពនៅលីប៊ី។ ហើយនេះគឺជារដ្ឋប្រហារប្រឆាំងដំណើការនយោបាយ និងប្រឆាំងប្រជាធិបតេយ្យរបស់ប្រជាជនលីប៊ី។ មួយវិញទៀត លោក Hasadi បន្តថា សកម្មភាពនេះ ក៏ប្រឆាំងនឹងកិច្ចព្រមព្រៀងនយោបាយដែលគាំទ្រដោយកអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខផងដែរ។
តាមពិតទៅវត្តមានទាហានបារាំងនៅលីប៊ី ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានបារាំង Le Monde ប៉ុន្តែរដ្ឋាភិបាលលីប៊ីបានបដិសេធរឿងនេះ។ ប៉ុន្តែនៅថ្ងៃទី២០ ខែកក្កដា ប្រធានាធិបតីបារាំង ក៏បានប្រកាសពីមរណភាពទាហានបីនាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងពេលប្រមូលព័ត៌មានចារកម្មនៅភាគខាងកើត៕
© រក្សាសិទ្ធិដោយ thmeythmey.com