អន្តរជាតិ
តួ​ក​គី​៖ បក្ស​កាន់អំណាច​ចាប់ដៃ​ជាមួយ​បក្សប្រឆាំង​ដើម្បី​ការពារ​ប្រជាធិបតេយ្យ​
25, Jul 2016 , 11:24 am        
រូបភាព
​អ្នកគាំទ្រ​គណបក្សកាន់អំណាច និង​អ្នកគាំទ្រ​បក្សប្រឆាំង​សំខាន់​រាប់ពាន់នាក់​នៅ​តួ​ក​គី បាន​ចូលរួម​ធ្វើបាតុកម្ម​តវ៉ា​រួមគ្នា ដើម្បី​គាំទ្រ​ប្រជាធិបតេយ្យ បន្ទាប់ពី​រដ្ឋប្រហារ​មិន​ជោគជ័យ​ថ្ងៃទី​១៥ ខែកក្កដា​។ នេះ​អាច​ចាត់ទុកបាន​ថា ជា​សកម្មភាព​ដ៏​កម្រ​មួយ​នៅ​តួ​ក​គី ដែល​គណបក្ស​ពីរ​ជា​គូប្រជែង​នយោបាយ​នឹង​គ្នា បង្ហាញ​ជំហរ​រួមគ្នា​ការពារ​ប្រជាធិបតេយ្យ​។



​អ្នក​តវ៉ា​រាប់ពាន់នាក់ មកពី​គណបក្សប្រឆាំង CHP និង​បក្ស​កាន់អំណាច AKP របស់​ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan បានមក​ប្រមូល​ផ្ដុំគ្នា​នៅ​ទីលាន Takzim នៅ​ថ្ងៃទី​២៤ ខែកក្កដា បង្ហាញ​ពី​ការរួបរួម​គ្នា​របស់​ប្រជាជន​តួ​ក​គី នៅក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​។ បាតុកម្ម​រួមគ្នា ធ្វើឡើង​ខណៈដែល​ប្រធានាធិបតី Erdogan កំពុង​បន្ត​បោសសម្អាត​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ ជាមួយនឹង​ការចាប់ខ្លួន​មនុស្ស​ច្រើនជាង​មួយ​ម៉ឺន​នាក់​មកហើយ​។

​ក្នុង​ព្រឹត្តិការណ៍​ដែល​កម្រ​កើត​មាននៅ​តួ​ក​គី ទូរទស្សន៍​គាំទ្រ​រដ្ឋាភិបាល​បាន​ផ្សាយ​ផ្ទាល់​ការ​ថ្លែង​សុន្ទរកថា​របស់​មេដឹកនាំ​ប្រឆាំង​ដ៏​ធំ លោក Kemal Kilicdaroglu ពី​រដ្ឋធានី​អង់កា​រ៉ា​។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បានចាត់ទុក​ការធ្វើ​បាតុកម្ម​រួមគ្នា​នេះ ជា​ថ្ងៃ​រួបរួមគ្នា និង​ជា​ថ្ងៃ​ដែល​ក្រោកឈរ​ប្រឆាំងនឹង​រដ្ឋប្រហារ និង​របប​ផ្ដាច់ការ​។ មេដឹកនាំ​ប្រឆាំង​បន្តថា យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​រួមគ្នា​។  

​ដោយឡែក​នៅក្នុង​បាតុកម្ម​មួយទៀត​ដែល​រៀបចំ​ដោយ​ក្រុម​យោធា ប្រមុខ​កងទ័ពអាកាស​តួ​ក​គី បានចេញ​សេចក្ដីថ្លែងការណ៍​កម្រ​មួយ ដោយ​ចាត់ទុក​ការចាប់ខ្លួន​នាយសេនាធិការ​កងទ័ព ជា​ការមិន​ស្ដាប់បង្គាប់​។ ក្នុង​ហេតុការណ៍​រដ្ឋប្រហារ​មិនបាន​សម្រេច​ថ្ងៃទី​១៥ ខែកក្កដា សមាជិក​នៃ​កងកម្លាំង​អាកាស​មួយចំនួន ក៏មាន​ជាប់​ពាក់ព័ន្ធ​ផងដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍ Hulusi Akar នាយសេនាធិការ​កងទ័ព ដែល​ត្រូវបាន​ក្រុម​ធ្វើ​រដ្ឋប្រហារ​ចាប់​ធ្វើជា​ចំណាប់ខ្មាំង ក៏បាន​ថ្កោលទោស​រឿងនេះ ដោយ​ចាត់ទុកជា​អំពើ​កំសាក​។

​សូមបញ្ជាក់ថា បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មក ប្រធានាធិបតី Erdogan ដែល​រួច​ផុតពី​ការចាប់​ធ្វើជា​ចំណាប់ខ្មាំង ក៏បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ រួមទាំង​ការឃាត់ខ្លួន​មន្ត្រី​យោធា ក៏ដូចជា​ការប្រកាស​ដា​ក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ដែល​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ច្បាប់ ដោយ​មិនចាំបាច់​ឆ្លង​សភា​ជាមុន​។ ជាមួយគ្នា​នោះ រយៈពេល​នៃ​ការចាប់​ខ្លូន​ក៏ត្រូវ​បាន​ពន្យារ​ពី​បួន​ថ្ងៃ ដល់​៣០​ថ្ងៃ​ទៀតផង​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាយករដ្ឋមន្ត្រី​តួ​ក​គី លោក Binali Yildirim បាន​និយាយថា មកទល់ពេលនេះ មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ ត្រូវបាន​ឃាត់ខ្លួន ដែល​ភាគច្រើន​ជា​ទាហាន​។ លើសពីនេះ មន្ត្រី​ស៊ីវិល គ្រូបង្រៀន ត្រូវបាន​លុប​កិច្ចសន្យា ហើយ​អង្គការ​មនុស្សធម៌ សាលារៀន ជាច្រើន​ទៀត ក៏ត្រូវ​បាន​បិទ ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​លោក Fethullah Gulen ដែល​លោក Erdogan ចាត់ទុកជា​មេខ្លោង​រដ្ឋប្រហារ​៕   


Tag:
 តួ​ក​គី​
 ​ រដ្ឋប្រហារ​
© រក្សាសិទ្ធិដោយ thmeythmey.com