អន្តរជាតិ
ប្រធាន​អាស៊ាន​ឡាវ រួច​ផុតពី​ព្យុះភ្លៀង​ធំ ក្រោយ​វៀងចន្ទន៍​ក្លាយជា​សមរភូមិ​ការទូត​សមុទ្រ​ចិន​ខាងត្បូង​
25, Jul 2016 , 5:50 pm        
រូបភាព
ដោយ:
ការយក​វេទិការ​អាស៊ាន​ដើម្បី​ឈ្លោះ​គ្នា​រឿង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ភាគី​ពាក់ព័ន្ធ​មិនមែនជា​រឿង​ថ្មី​ឡើយ​។ តែ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩​ដែលមាន​ឡាវ​ជា​ប្រធាន​លើក​នេះ បាន​ឡើងក​ម្តៅ​ខ្លាំង​បន្តិច​ហើយ ដ្បិត​កិច្ចប្រជុំ បាន​ប្រព្រឹត្តឡើង​ស្រប​ពេលដែល ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​កំពុងតែ​ប្រទាញប្រទង់​គ្នា​រវាង​បណ្តា​មិត្ត​អាស៊ាន ជាមួយនឹង​សម្ព័ន្ធមិត្ត​ឡាវ គឺ​ចិន​។ បញ្ហា​នោះ​គឺ ចេតនា​នៃ​ការដាក់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ហ្វីលីពីន​ដើម្បី​ប្រឆាំង​ចិន តែ​មិន​ទទួលបាន​ការគាំទ្រ​ទាំងស្រុង​ពី​មិត្ត​អាស៊ាន​ទាំងអស់​ឡើយ​។



​ចុងក្រោយ ស្ថានភាព​តានតឹង​ផ្នែក​ការទូត ដែល​ប្រៀបប្រដូច​ទៅនឹង «​ព្យុះភ្លៀង​ដ៏​ធំ​ដែល​បាន​បក់បោក​មកលើ​អាស៊ាន​» បាន​រសាត់​ផុត​ហើយ​។ ហើយ​ឡាវ ដែលជា​ប្រធាន​អាស៊ាន និង​ជា​អ្នកសម្របសម្រួល​នៃ​កិច្ចប្រជុំ​នេះ ក៏បាន​ធូរស្រាល​ពី​សម្ពាធ​ដែល​ចេញពី​បញ្ហា​របស់​អ្នកដទៃ​ដែលជា​មិត្ត​អាស៊ាន និង​សម្ព័ន្ធមិត្ត​ប្រពៃណី​ចិន​ផងដែរ​។ សក្ខីកម្ម ដែល​បង្ហាញ​ពី​ការ​ធូរស្បើយ​របស់​ឡាវ ត្រូវបាន​បង្ហាញឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៩ ដែល​បាន​បញ្ញត្តិ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយមាន​ការព្រមព្រៀង​ពី​សមាជិក​អាស៊ាន​ទាំង​១០​។​

​អ្វី​គួរកត់សម្គាល់​នោះ មុនពេល​នៃ​ការចេញ​សេចក្តីថ្លែងការណ៍​នេះ កម្ពុជា ត្រូវបាន​គេ​មើលឃើញថា រង​ការបន្ទោស​ជាច្រើន​ពី​មជ្ឈដ្ឋាន​អន្តរជាតិ និង​ការ​សែត​បរទេស​មួយចំនួន​។ នោះ​ក៏​ព្រោះតែ កម្ពុជា បានប្រកាស​ជំហរ​ខ្ជាប់ខ្ជួន​ក្នុង​ការមិនគាំទ្រ​ឲ្យ​មាន​សេចក្តី​ការណ៍​ណាមួយ​ដែល​បញ្ញត្តិ​ពី​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​តុលាការ​ក្រុងឡាអេ ដែល​កម្ពុជា បានចាត់ទុក​ថា​ជា​រឿង​នយោបាយ​រៀបចំ​ទុកជាមុន​តាំងពី​សាលក្រម​នោះ មិនទាន់​ប្រកាស​មកម្ល៉េះ​។

​ចិន ស្កាត់​ជួប​អរគុណ​កម្ពុជា ខណៈ​កំពុង​តែមាន​ព្យុះភ្លៀង​ខ្លាំង
​មុនពេល និង​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩ កម្ពុជា និង​ចិន ត្រូវបាន​រង​ការរិះគន់​ខ្លាំង​ពី​បណ្តា​មជ្ឈដ្ឋាន​មួយចំនួន​លើ​គោលជំហរ​សមុទ្រ​ចិន​ខាងត្បូង​។ តែ​ការរិះគន់​នេះ មិនបាន​ធ្វើ​ឲ្យ​កម្ពុជា ប្រែប្រួល​ជំហរ​របស់ខ្លួន​ឡើយ ផ្ទុយទៅវិញ វា បែរជា​ធ្វើ​ឲ្យ​កម្ពុជា និង​ចិន កាន់តែ​បង្ហាញ​ពី​ស្និទ្ធស្នាល​នឹង​គ្នា​ទៅវិញ​។

​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ថ្លែងអំណរគុណ​ចំពោះ​សម​ភាគី​កម្ពុជា​លោក​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស ប្រាក់ សុខុន ចំពោះ​ការផ្តល់​យុត្តិធម៌​មួយ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នា​ជំនួប​ទ្វេភាគី​រវាង​ប្រមុខ​ការទូត​ទាំងពីរ​នាឱកាស​នៃ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។

​ប្រមុខ​ការទូត​ចិន​រូបនោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ប្រវត្តិសាស្ត្រ នឹង​បង្ហាញ​ពី​ជំហរ​ត្រឹមត្រូវ និង​យុត្តិធម៌​របស់​កម្ពុជា ដែល​នឹង​ផ្តល់​ប្រយោជន៍​ដែលជា​ភាពរួបរួម​របស់​អាស៊ាន តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​កិច្ចសហប្រតិបត្តិការ​ចិន​-​អាស៊ាន ក៏ដូចជា សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ​។​»

​តាមពិតទៅ​ការសម្តែង​ការដឹងគុណ​របស់​ចិន​មកកាន់​កម្ពុជា​លើ​ជំហរ​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​លើកដំបូង​ឡើយ​។ នៅ​ថ្ងៃទី​២១ ខែមិថុនា កន្លងទៅ ពោលគឺ​ក្រោយ​មួយថ្ងៃ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ថ្លែងការណ៍​សមុទ្រ​ចិន​ខាងត្បូង រដ្ឋាភិបាល​ចិន បាន​សរសើរ និង​សាទរ​ចំពោះ​សេចក្តីថ្លែងការណ៍​នោះ​ជាខ្លាំង​ផងដែរ​។ 

​បំណង​ហ្វីលីពីន បានត្រឹមតែ​ជា​ក្តី​ស្រ​ម៉ៃ
​សូម​ជម្រាប​ជាថ្មី​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​ភាគី​ពាក់ព័ន្ធ​ដែល​រួមមាន​សមាជិក​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ នៅ​ឆ្នាំ​២០១៣ ហ្វីលីពីន បានដាក់​បណ្តឹង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ ប្រឆាំង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ចុងក្រោយ​តុលាការ នៅ​ថ្ងៃទី​១២ ខែកក្កដា បានប្រកាស​សាលក្រម​តាម​សំណើ​នីតិវិធី​ឯកតោភាគី​មួយ​នេះ ដោយ​សម្រេច​ឲ្យ​បាន​ហ្វីលីពីន​ឈ្នះក្តី​លើ​ចិន​។

​ជ័យជម្នះ​នេះ ត្រូវបាន​ហ្វីលីពីន សង្ឃឹម​យ៉ាង​មុតមាំ​ដើម្បី​លើក​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដើម្បី​សុំ​ឲ្យ​សមាជិក​អាស៊ាន ផ្សេងទៀត​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ដើម្បី​ឲ្យ​សាលក្រម​នោះ​កាន់តែ​រឹងមាំ​ក្នុង​ការយកទៅ​តទល់​ជាមួយនឹង​គូបដិបក្ខ​ចិន​។ ក្រោម​កិច្ចសហការ​ជាមួយនឹង​វៀតណាម រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay បាន​ទទូច​ឲ្យ​សមាជិក​អាស៊ាន​គាំទ្រ​លើ​សាលក្រម​របស់ខ្លួន​ដើម្បី​ប្រឆាំង​ទៅនឹង​ចិន​។ ហើយ​វៀតណាម ក៏បាន​ព្រមាន​ចំពោះ​អស្ថិរភាព​របស់​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងតែ​ក្លាយ​តេស្ត​មួយ​សម្រាប់​ការ​សាមគ្គីភាព និង​តួនាទី​ស្នូល​របស់​អាស៊ាន​ទៀតផង​។

​យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​រួម​នៃ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៩ មិនបាន​បញ្ជាក់​ពី​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ក្នុងនោះ សេចក្តីថ្លែងការណ៍ គ្រាន់តែ​បញ្ជាក់​ក្តីបារម្ភ​នៃ​ការវិវត្ត​ចុងក្រោយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​លើកឡើង​ឲ្យ​មានការ​អនុវត្ត​ឲ្យ​ពេញលេញ​ពី DoC និង​បន្ត​ចរចា​ឲ្យ​បាន CoC ប៉ុណ្ណោះ​។

​បើតាម​ការអះអាង​រប​ស់​មន្ត្រីការទូត​មួយ​ជាមួយនឹង​សារព័ត៌មាន Channel News Asia ហ្វីលីពីន បាន​បោះបង់​ជំហរ​ក្នុង​ការមិន​ដាក់​ចំណុច​នៃ​សាលក្រម​តុលាការអន្តរជាតិ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដើម្បី​ចៀសវាង​ការជំទាស់​គ្នា ដ្បិត កម្ពុជា បានប្រកាស​ជាច្រើនលើក​ច្រើនសារ​ហើយ​ថា កម្ពុជា មិន​គាំទ្រ​ឡើយ​ចំពោះ​ការចេញ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​សាលក្រម​នោះ​។

​សូមបញ្ជាក់​ផងដែរ​ថា ជាគោលការណ៍​របស់​អា​ស៊ាន​ដើម្បី​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​បាន លុះត្រា​មានការ​គាំទ្រ​ពី​សមាជិក​ទាំង​ដប់​ជាមុនសិន​៕


Tag:
 ឡាវ​
  សមុទ្រ​ចិន​ខាងត្បូង​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com