អន្តរជាតិ
មិនដល់ពីរឆ្នាំ ប្រធានាធិបតីឥណ្ឌូណេស៊ីរុះរើគណៈរដ្ឋមន្ត្រីពីរដង លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី
× ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីរបស់លោកជាលើកទីពីរ ក្នុងរយៈពេលមិនដល់ពីរឆ្នាំផងនោះ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេរបស់អាស៊ាន។ យ៉ាងណាក្ដី ក៏មានការរិះគន់មួយចំនួន ចំពោះសមាជិកមួយរូបនេះនៃគណៈរដ្ឋមន្ត្រីថ្មីនេះ ដ្បិតមានប្រវត្តិមិនល្អទាក់ទងនឹងអំពើហិង្សា នៅពេលទីម័រខាងកើតទាមទារឯករាជ្យ។
រដ្ឋមន្ត្រីថ្មីចំនួន១២រូប នឹងត្រូវចូលកាន់តំណែង នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីរបស់ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃទី២៧ ខែកក្កដា។ នេះជាការរុះរើគណៈរដ្ឋមន្ត្រីលើកទីពីររបស់លោក វីដូដូ ចាប់តាំងពីលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៤មក ហើយការរុះរើនេះ គឺដើម្បីប្រសិទ្ធភាពការងារ និងធ្វើយ៉ាងឲ្យសេដ្ឋកិច្ចឥណ្ឌូណេស៊ី កាន់តែរីកចម្រើន។
ក្នុងសន្និសីទកាសែតនៅវិមានប្រធានាធិបតី លោក វីដូដូ និយាយថា លោកតែងតែចង់ធ្វើការឲ្យច្រើន ដូច្នេះគណៈរដ្ឋមន្ត្រីរបស់លោក នឹងធ្វើការកាន់តែលឿន មានប្រសិទ្ធភាព និងកាន់តែរឹងមាំ។ លោក បន្ថែមថា ការរុះរើគណៈរដ្ឋមន្ត្រី ក៏នឹងជួយពង្រឹងការងាររបស់រដ្ឋាភិបាលផងដែរ ខណៈបញ្ហាជាច្រើនដូចជា ភាពក្រីក្រ វិសមភាពសេដ្ឋកិច្ច ដែលសុទ្ធតែត្រូវការវិធានការចាំបាច់។
កាសែត The Jakarta Post ផ្សាយថា ក្នុងការុះរើគណៈរដ្ឋមន្ត្រីថ្មីនេះ មានរដ្ឋមន្ត្រីចំនួនបួន ត្រូវបានដោះដូរទៅកាន់តំណែងថ្មី។ ចំណែកឯក្រសួងចំនួន៩ផ្សេងទៀត នឹងមានរដ្ឋមន្ត្រីថ្មី ស្របពេលដែលរដ្ឋមន្ត្រីចាស់ ត្រូវបានដកចេញពីតំណែង ដែលភាគច្រើនជាក្រសួងដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច។ ប្រធានាធិបតី វីដូដូ បានតែងតាំងលោកស្រី Sri Mulyani Indrawati ដែលជាមន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក ជារដ្ឋមន្ត្រីសេដ្ឋកិច្ចថ្មី សំដៅពង្រឹងការកែទម្រង់វិស័យសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី។
យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះ គឺការតែងតាំងអតីតមេទ័ពលោកឧត្តមសេនីយ៍ Wiranto ជារដ្ឋមន្ត្រីកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខជាតិ ដែលជាតួនាទីសំខាន់មួយ។ លោក Wiranto ត្រូវបានចោទប្រកាន់ចំពោះការធ្វើរទារុណកម្ម អំឡុងពេលកងទ័ពឥណ្ឌូណេស៊ី កាន់កាប់ទីម័រខាងកើតរយៈពេល២៧ឆ្នាំ ហើយការតែងតែងរូបលោក ត្រូវបានអ្នកការពារសិទ្ធិមនុស្ស ចាត់ទុកជាការដើរថយក្រោយ។
ប្រភពព័ត៌មានខាងលើបន្តថា អតីតមេទ័ពខាងលើ ស្ថិតក្នុងបញ្ជីមន្ត្រីជាន់ខ្ពស់រងការចោទប្រកាន់ របស់រដ្ឋអាជ្ញាអង្គការសហប្រជាជាតិ។ អំឡុងពេលកាន់កាប់ជិតបីទសវត្សរ៍ មនុស្សប្រមាណមួយសែននាក់ បាត់បង់ជីវិតក្រោមស្នាដៃទាហានឥណ្ឌូណេស៊ី ឬក៏ស្លាប់ដោយសារខ្វះអាហារ និងជំងឺ ខណៈដែលអតីតមេផ្ដាច់ការ ស៊ូហារតូ (Suharto) កំពុងគ្រប់គ្រងអំណាចនៅពេលនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com