អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​៖ សាកល្បង​នុយក្លេអ៊ែរ​ទៀត​ឬ​អត់ គឺ​អាស្រ័យ​លើ​អាមេរិក​
28, Jul 2016 , 7:39 am        
រូបភាព
លោក Ri Yong ho រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង
លោក Ri Yong ho រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង
 
 
​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក បាន​បន្ទោស​គ្នា​ទៅវិញទៅមក​ជុំវិញ​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បញ្ជាក់ថា កូរ៉េខាងជើង នឹងរង​ផលវិបាក​ពិតប្រាកដ បើ​នៅតែ​បន្តធ្វើ​សកម្មភាព​សាកល្បង​អាវុធ​ផ្គើន​ការសម្រេច​របស់​អន្តរជាតិ ប៉ុន្តែ​កូរ៉េខាងជើង​ឆ្លើយ​វិញ​ថា ការសម្រេចចិត្ត​សាកល្បង​អាវុធ​នៅពេល​ខាងមុខ​ឬ​យ៉ាងណា​នោះ គឺ​ពឹង​ផ្អែកលើ​អាកប្បកិរិយា​របស់​អាមេរិក​ទៅវិញ​ទេ​។


លោក តន ចាន់រិទ្ធារ៉ាលម្អិតព័ត៌មាន

 
​ពី​កិច្ចប្រជុំ​នៅ​រដ្ឋធានី​វៀងចន្ទន៍ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ឆ្លើយឆ្លង​ពាក្យសម្ដី​គ្នា​លើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ធ្វើ​ឲ្យ​ឧ​ប​ទ្វី​កូរ៉េ ឡើង​កម្ដៅ​យ៉ាងខ្លាំង​។ មួយវិញទៀត កូរ៉េខាងជើង ក៏បាន​បន្ទោស​អាមេរិក ថា នៅ​ពីក្រោយ​បរាជ័យ​នៃ​កិច្ចចរចា​៦​ភាគី ដែល​រាំងស្ទះ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។   
 
​លោក Ri Yong-ho ដែល​ទើបតែ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែកក្កដា ថា កូរ៉េខាងជើង​នឹង​សាកល្បង​នុយក្លេអ៊ែរ​បន្ថែមទៀត​ឬ​អត់​នោះ គឺ​អាស្រ័យ​ទាំងស្រុង​លើ​អាកប្បកិរិយា​របស់​អាមេរិក​។ ប្រមុខ​ការទូត​កូរ៉េខាងជើង​រូបនេះ បន្តទៀតថា ការលុបបំបាត់​នុយក្លេអ៊ែ​រ​នៅ​ឧបទ្វីប​កូរ៉េ ក៏បាន​រសាត់​ទៅ​ឆ្ងាយ​ដោយសារតែ​អាមេរិក​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​កូរ៉េខាងជើង និយាយ​ដូចនេះ ខណៈ​លោក ក៏ដូចជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក ចូលរួម​កិច្ចប្រជុំ​តំបន់​នៅ​ឡាវ​។ ហើយ​ប្រតិកម្ម​ខ្លាំងៗ​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​ការទូត​អាមេរិក បាន​ព្រមាន​កូរ៉េខាងជើង​ពី​ផលវិបាក​ជាក់ស្ដែង ប្រសិនបើ​បន្ត​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល ផ្ទុយ​ពី​ការសម្រេច​របស់​អង្គការសហប្រជាជាតិ​។​
 
​នៅ​ថ្ងៃ​ដដែល​នោះ មុន​ប្រតិកម្ម​របស់​កូរ៉េខាងជើង រដ្ឋមន្ត្រីការបរទេស ច​ន ឃែ​រី និយាយថា យើង​ត្រូវមាន​ជំហរ​រឹងប៉ឹង ដើម្បី​ប្រាកដថា កូរ៉េខាងជើង​នឹង​យល់​ពី​ផលវិបាក​ដែល​កើតឡើង ដោយសារ​សកម្មភាពរ​បស់​ខ្លួន​។ លើសពីនោះ អាមេរិក ក៏បាន​ឲ្យ​កូរ៉េខាងជើង​រៀន​តាម​អ៊ីរ៉ង់ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អន្តរជាតិ លើ​ករណី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។   
 
​ដោយ​លើកឡើង​ពី​ទណ្ឌកម្មសេដ្ឋកិច្ច ដែល​ដាក់​ដោយ​សហគមន៍​អន្តរជាតិ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង បញ្ជាក់ថា ក​ត្ត​សំខាន់​ដែល​បំផ្លាញ​ស្ថានភាព​នេះ គឺ​នយោបាយ​ប្រទូស្ត​រាយ​របស់​អាមេរិក ហើយ​ស្ថានការណ៍​ក៏​កាន់តែ​អាក្រក់​។ នេះ​ក៏​ដោយសារតែ បន្ទាប់ពី​ការសាកល្បង​មី​ស៊ី​ល​បន្តបន្ទាប់​រួចមក អង្គការសហប្រជាជាតិ បានសម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ៗ​លើ​កូរ៉េខាងជើង ដែល​សូម្បីតែ​ចិន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​កូរ៉េខាងជើង ក៏​យល់ស្រប​ផងដែរ​៕  
 
       
 

Tag:
 ​កូរ៉េខាងជើង​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com