ជាតិ
សង្គមជាតិ
កម្ពុជា​-​អ៊ីស្រាអែល​ចង់​បង្កើន​ការងារ​កសិកម្ម ធនធានទឹក និង​សម្អាត​មីន​
29, Jul 2016 , 11:10 pm        
រូបភាព
លោក ប្រាក់ សុខុន​ អង្គុយលើកៅអីខាងស្តាំ។ រូបថត ទំព័រហ្វេសប៊ុកក្រសួងការបរទេស
លោក ប្រាក់ សុខុន​ អង្គុយលើកៅអីខាងស្តាំ។ រូបថត ទំព័រហ្វេសប៊ុកក្រសួងការបរទេស
ដោយ:

​ភ្នំពេញ​៖ កម្ពុជា​-​អ៊ីស្រាអែល​មានបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​វិស័យ​កសិកម្ម ការគ្រប់គ្រង​ធនធានទឹក និងការ​បោសសម្អាត​មីន ព្រមទាំង​ការការពារវិនិយោគ​ទ្វេភាគី ដើម្បីអភិវឌ្ឍប្រទេសទាំងពីរ​។​



​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន និង​លោក SIMON RODED ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែលប្រចាំកម្ពុជា បាន​ជួបពិភាក្សាគ្នា​ជាសំខាន់​ពី​ការងារ​​កសិកម្ម ធនធានទឹក និង​ការ​បោសសម្អាត​មីន នៅ​ព្រឹក​ថ្ងៃទី ២៩ កក្កដា ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ សុន្ទរី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយជំនួប​ពិភាក្សា​ការងារ​ទ្វេភាគីកម្ពុជា​-​អ៊ីស្រាអែល ក្នុង​ទីស្តីការ​ក្រសួងការបរទេស​ថា លោក ប្រាក់ សុខុន បានស្នើ​លោក SIMON RODED ឲ្យ​ជួយ​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ផ្នែក​បច្ចេកទេសភាគី​ទាំងពីរ ក្នុង​ឆ្នាំ​១៩៩៤ និង​អនុស្សារណៈយោគយល់លើ​កិច្ចសហប្រតិបត្តិ​កា​រ​ទ្វេភាគី​ក្នុង​ឆ្នាំ ២០០៥។​

​អ្នកនាំពាក្យ​បានបន្តស្រង់​ខ្លឹមសារ​សំខាន់​របស់លោក ប្រាក់ សុខុន ប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជាចាប់​អា​ម្មណ៍​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​កសិកម្ម និង​ធនធានទឹក​របស់​អ៊ីស្រាអែល ស្របពេល​និស្សិត​ខ្មែរ​កំពុង​សិក្សា​ជំនាញ​នេះ ក្នុងប្រទេស​អ៊ីស្រាអែល​ស្រាប់ ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្ម​។​

​ក្រៅពីនេះ លោក​បន្តប្រាប់​ក្រោយពី​ជំនួប​ពិភាក្សា​នេះ​ថា រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានបង្ហាញ​បំណង​ចង់ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បោសសម្អាតគ្រាប់​មីន​ផងដែរ ព្រោះ​វា​ជា​បញ្ហាសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

«​កម្ពុជា​ចាប់អារម្មណ៍​នឹង​បច្ចេកទេស​កសិកម្ម និងធនធានទឹករបស់​អ៊ី​ស្រា​អ៊ែ​ល ហើយ​កម្ពុជា​ក៏បាន​ប្រាប់​ពី​បំណង​សហប្រតិបត្តិការផ្នែក​បោសសម្អាត​មីន គឺ​កម្ពុជា​ស្វាគមន៍​គ្រប់​បណ្តាប្រទេស រួមទាំង​ប្រទេស​អ៊ីស្រាអែល​ផងដែរ​»​។ អ្នកនាំពាក្យថ្លែងបញ្ជាក់​។​

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​កម្ពុជា​ដែលមាន​និវេសនដ្ឋាន​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ បានបង្ហាញ​ការចាប់អារម្មណ៍​លើ​ការ​បោសសម្អាត​មីន និង​ពាណិជ្ជកម្ម​ទ្វេភាគី ផងដែរ​។​

​លោក ជុំ សុន្ទរី និយាយថា លោក SIMON RODED បាន​ប្រាប់ លោក ប្រាក់ សុខុន​វិញ​ថា អ៊ីស្រាអែល​បាន​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​លើ​ផ្នែក​កសិកម្ម ហើយ​ពួកគេ​ត្រៀម​ទទួល​សញ្ញាបត្រ​ក្នុងឆ្នាំនេះ​ដែរ​។ ហើយ​ថា អ៊ីស្រាអែល​ចាប់​អា​ម្មណ៍​តួនាទី​សម្អាត​មីន​របស់​កម្ពុជាទាំង​ក្នុង និង​ក្រៅប្រទេស​។ លើសពីនេះ លោក​ថា អ៊ីស្រាអែល​ចង់​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ការពារ​ការវិនិយោគ​ទ្វេភាគី​ទៀតផង​៕


Tag:
 កម្ពុជា
  អ៉ីស្រាអែល
  កសិកម្ម
  គ្រាប់មីន
© រក្សាសិទ្ធិដោយ thmeythmey.com