ជាតិ
បាក់​ឌុប​៖ សិស្ស​ធ្លាក់​ឆ្នាំមុន តាំងចិត្ត​ក្តោប​ក្តាប់​ឱកាស​ឲ្យ​បាន​នៅ​ឆ្នាំនេះ​
31, Jul 2016 , 8:40 am        
រូបភាព
ភ្នំពេញ​៖ បរាជ័យ​គ្មានអ្វី​គួរ​ឲ្យ​ខ្លា​ចឡើយ អ្វីដែល​សំខាន់ គឺ​ការយក​បទពិសោធន៍​នៃ​បរាជ័យ​នោះ មក​សិ​ស្សា​ដើម្បី​កែប្រែ​ទៅជា​ភាព​វិជ្ជមាន​។ ទាំងនោះ ក៏​ជាការ​តាំងចិត្ត​របស់​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) កាលពី​ឆ្នាំមុន​ផងដែរ ដោយ​ពួកគាត់​សុទ្ធតែ​បង្ហាញ​ពី​ការ​ខំប្រឹងប្រែង​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​នា​ការប្រឡង​ខាងមុខ​។​



​កំពុង​អង្គុយ​លើ​បង់​ក្រោម​ដើមឈើ ក្នុង​បរិវេណ​វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី យុវ​សិស្ស​មួយក្រុម មាន​គ្នា​៤​នាក់ កំពុងតែ​រៀន​ធ្វើ​លំ​ហាត់ ដោយមាន​ការពន្យល់​គ្នា​ទៅវិញទៅមក  ទាក់ទង​នឹង​មេរៀន​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​នា​ចុងខែ​សីហា ខាងមុខនេះ​។​

​កញ្ញា សុខ​ហេង ដែល​រៀន​ថ្នាក់​ទី​១២​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា មើលឃើញ​ដោយ​ខ្លួនឯង​ថា ការ​មក​រៀន​ឡើងវិញ ធ្វើ​ឲ្យ​នាង​ទទួលបាន​ចំណេះដឹង​ច្រើនជាង​។ សុខ​ហេង បាន​បញ្ជាក់ថា​៖ «​ការប្រឡង​នាពេល​ខាងមុខនេះ ខ្ញុំ​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ (C) ព្រោះ​សមត្ថភាព​ខ្ញុំ​មាន​៨០​ភាគរយ​ហើយ បើ​ធៀប​នឹង​ឆ្នាំមុន ខ្ញុំ​អត់​ចេះ​សោះ​»​។

​ដ្បិត​ការសិក្សា​ពី​ឆ្នាំមុន មិនបាន​លទ្ធផល​ល្អ ដោយសារ​ការធ្វេសប្រហែស មិនបាន​ប្រឹងរៀន​បន្ថែម ធ្វើ​ឲ្យ​នាង​ប្រឡង​ធ្លាក់ ព្រោះ​សុខ​ហេង​មិនសូវ​ចេះ ម្យ៉ាងទៀត​មិនបាន​ចិត្ត​ទុកដាក់​ក្នុងការ​សិក្សា​។ ក្រោយពី​ប្រឡង​ធ្លាក់ សុខ​ហេង មាន​ការបាក់​ទឹកចិត្ត ប៉ុន្តែ​មាន​ក្រុមគ្រួសារ និង​មិត្ត​ភក្ត្រ ផ្ដល់​ជា​កម្លាំងចិត្ត​សម្រាប់​នាង​។ សុខ​ហេង បាន​ខំប្រឹង​សម្រុក​រៀន​យ៉ាងខ្លាំង រហូតដល់​នាង​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ផ្ទាល់ ថា​អាច​ធ្វើបាន ។​

«​បរាជ័យ​ជា​គន្លឹះ​នៃ​ភាពជោគជ័យ​» នេះ​ជាការ​លើកឡើង​របស់​យុវតី សុខ​ហេង​។ យុវតី​រូបនេះ បាន​បន្តថា គ្មាន​ភាពជោគជ័យ​ណា​ដែល​កើតឡើង​ដោយ​គ្មាន​ភាពបរាជ័យ​នោះទេ​។ បើទោះបី​ការសិក្សា​ម្ដងទៀត​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន​ពិតមែន ប៉ុន្តែ​ការសិក្សា​នោះ​នឹង​ទទួលបាន​នូវ​ផ្លែផ្កា និង​ភាពជោគជ័យ នៅពេល​ដែលមាន​ការតាំង​ចិត្ត និង​ខំប្រឹង​។ នៅពេល​ទំនេរ​នាង​តែងតែ​យក​ពេល​ទៅធ្វើ​លំ​ហាត់ និង​កំណត់​ម៉ោង​សម្រាប់​ការអនុវត្ត​។ ទន្ទឹមនឹងនេះ ប្រសិនបើ​ធ្វើ​មិន​ចេញ​នាង​នឹង​ទូរ​សព្ទ​សួរ​គ្រូបង្រៀន ឬ​មិត្ត​ភ​ក្ត័ ពី​ចំណុច​នោះ​។

​ដោយសារ​សម័យ​ប្រឡង​នេះ​ក្រសួង​អប់រំ​រឹតបន្តឹង ហើយ​ត្រូវការ​អ្នកចេះ​ពិតប្រាកដ នាង​គិតថា​សញ្ញាបត្រ​បាក់​ឌុប​មានតម្លៃ​សម្រាប់​នាង​។ បន្ថែម​លើស​នេះ​សុខ​ហេង មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់ ហើយ​ចង់​សិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​បន្ថែម​ទៀតផង​។​

​ចំណែកឯ កញ្ញា លី​ណែ​ត  ជា​សិស្ស​ថ្នាក់​ទី​១២ ដែល​ធ្លាប់​ប្រឡង​ធ្លាក់​កាលពី​ឆ្នាំមុន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ការ​មក​សិក្សា​នូវ​ថ្នាក់​ទី​១២ ម្ដងទៀត លី​ណែ​ត  ៖ «​គោលដៅ​សំខាន់​គឺ​ចង់​ប្រឡង​ជាប់ ប្រសិនបើ​ខ្ញុំ​នៅតែ​ខ្មាស​គេ ឬ​នៅតែ​អន់ចិត្ត​ការងារ​របស់​ខ្ញុំ​មិនអាច​សម្រេច​គោលបំណង​បានទេ​»​។ ម្យ៉ាងវិញទៀត «​បើសិន​ខ្ញុំ​ធ្លាក់​ថ្នាក់​ទី​១២​ហើយ ខ្ញុំ​ឈប់​មក​រៀន​គោលដៅ​របស់ខ្ញុំ​រឹតតែ​មិន​ទៅមុខ​ទៀតហើយ​» នេះ​ជាការ​លើកឡើង​របស់​លី​ណែ​ត ។

​បន្ថែម​លើ​នេះ ការប្រឡង​ពី​ឆ្នាំ​កន្លងទៅ ដោយសារតែ​លី​ណែ​ត​ពូកែ​តែ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម  ដែល​ធ្វើ​ឲ្យ​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ពិត​មានការ​ធ្លាក់​ចុះខ្សោយ​។ បើទោះបី​លី​ណែ​ត ជា​សិស្ស​ពូកែ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ពិតមែន ប៉ុន្តែ​សម្រាប់​ការប្រឡង​គឺ​ផ្ដោត​ទៅ​ផ្នែក​វិទ្យាសាស្ត្រ លី​ណែ​ត​បាន​ខិតខំ​ប្រឹងប្រែង​ផ្នែក​វិទ្យាសាស្ត្រ​អោយ​កាន់តែ​ល្អ ហើយ​ខ្លាំង ព្រោះ​ដើម្បី​ប្រឡង​ឲ្យ​បាន​លទ្ធផល​ល្អ ឈាន​បន្ត​ថ្នាក់​មហាវិទ្យាល័យ​។ លី​ណែ​ត បាន​បញ្ជាក់ថា ការសិក្សា​របស់​មនុស្ស​ម្នាក់ៗ​មាន​ភាពខុសគ្នា ហើយ​លី​ណែ​ត មាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការប្រឡង​រយៈពេល​ខ្លី​ខាងមុខនេះ​។ កញ្ញា លី​ណែ​ត បាន​រៀបរាប់ថា​៖ «​សម្រាប់​ការរៀន​ខ្ញុំ​មិនបាន​ផ្ដោត​សំខាន់​ចំពោះ​រឿង​ចំណាត់ថ្នាក់ ឬ​ពិន្ទុ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួម​ថ្នាក់​នោះទេ ដោយ​ខ្ញុំ​ធ្វើ​ការវាស់ស្ទង់​សមត្ថភាព​ខ្លួនឯង​នៅពេល​ប្រឡង​ប្រចាំខែ ឬ​ប្រចាំឆមាស ដោយ​មិនបាន​លួច​ចម្លង​សំណៅ​ឯកសារ ឬ​មិត្ត​រួម​ថ្នាក់​នោះទេ​»​។

​យុវនារី​វ័យ​១៨​ឆ្នាំ​រូបនេះ បាន​លើកឡើងថា នៅពេលដែល​ការប្រឡង​ឈាន​មកដល់​ពាក្យ​ខាងមុខនេះ លី​ណែ​ត បាន​ចំណាយ​ពេលវេលា​ពេញ​មួយ​សប្ដាហ៍​ក្នុងការ​សិក្សា​។ ម្យ៉ាងទៀត​ក្រៅពី​បានធ្វើ​ការរៀន​ជាមួយ​គ្រូ លី​ណែ​ត​បាន​បង្កើត​ក្រុម​សិក្សា​បន្ថែម ដើម្បី​ពន្យល់​មេរៀន ឬ​លំ​ហាត់​គ្នា​ទៅវិញទៅមក នូវ​ចំណុច​ណាមួយ​ដែល​មិនសូវ​យល់ច្បាស់​។

​លី​ណែ​ត បាន​គិតថា​សម្រាប់​ការប្រឡង​នាពេល​ខាងមុខនេះ នាង​សង្ឃឹមថា​សមត្ថភាព​ខ្លួន​អាច​ទទួល​និទ្ទេស B ឬ C ប៉ុន្តែ​គ្មាន​សង្ឃឹម​រហូតដល់ A នោះទេ​។ កញ្ញា លី​ណែ​ត មិន​ព្រួយបារម្ភ និង​ភ័យ ចំពោះ​ការប្រឡង​ទេ ព្រោះ​កញ្ញា លី​ណែ​ត ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​។ ក្រោយពី​បញ្ចប់​ថ្នាក់​ទី​១២ កញ្ញា លី​ណែ​ត មានបំណង​ចង់​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​មហាវិទ្យាល័យ ស្របពេល​ដែល​លី​ណែ​ត​ពូកែ​ផ្នែក​សង្គម​។​

​ស្រដៀង​គ្នា​នេះដែរ យុវ​សិស្ស សុវណ្ណ​មុន្នី ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី ដែល​ធ្លាប់​ប្រឡង​ធ្លាក់​កាលពី​ឆ្នាំមុន​ដូច​ទៅនឹង​យុវតី​ទាំងពីរ​ខាងលើ​ផងដែរ​។ យុវ​សិស្ស សុវណ្ណ​មុន្នី មានការ​បិទបាំង​នូវ​លទ្ធផល​របស់ខ្លួន ហើយ​មាន​អារម្មណ៍​ខ្មាស​មិត្ត​ភ​ក្ត័ ព្រោះ​មិត្ត​ភ​ក្ត័​សុវណ្ណ​មុន្នី​ភាគច្រើន​សុទ្ធតែ​ទទួលបាន​លទ្ធផល​ល្អៗ​។ ទោះបី​ទទួលបាន​លទ្ធផល​មិនល្អ​ក្ដី យុវ​សិស្ស សុវណ្ណ​មុន្នី មិន​អស់សង្ឃឹម​ឡើយ ដោយសារ​មានការ​លើកទឹកចិត្ត​ពី​ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និង​មិត្ត​ភ​ក្ត័ បាន​ជួយ​ជំរុញ​ឲ្យ​ប្រឹងប្រែង​រៀនសូត្រ​។

​យុវជន សុវណ្ណ​មុន្នី បាន​រៀបរាប់ថា មិន​ចង់ទៅ​រៀន​បរិញ្ញាបត្ររង​ទេ  សុខចិត្ត​មក​ចូលរៀន​ថ្នាក់​ទី​១២​ជាថ្មី​ម្ដងទៀត​វិញ ព្រោះ​ចង់​ប្រឡង​ជាប់​ដើម្បី​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ផ្នែក​វិស្វករ​។ សុវណ្ណ​មុន្នី មិនមែនជា​មនុស្ស​មិន​ចូលរៀន ឬ​គេច​សាលា​នោះទេ ដោយសារ​ការធ្វេសប្រហែស និង​មើលស្រាល​ការប្រឡង បានធ្វើ​ឲ្យ​រូបគេ​ប្រឡង​ធ្លាក់​។ យុវ​សិស្ស​សម្បុរ​ស្រអែម​រូបនេះ បាន​អះអាងថា​៖ «​ខ្ញុំ​នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការប្រឡង​នាពេល​ខាងមុខនេះ ព្រោះ​សមត្ថភាព​ខ្ញុំ​មានការ​កាន់​ឡើង​ជាង​ឆ្នាំមុន​»​។

​ការសិក្សា​នៅ​សាលា​ជាមួយ​គ្រូ​ជា​កត្តា​សំខាន់​ផងដែរ តែ​ការសិក្សា​ដោយ​ខ្លួនឯង​គឺជា​កត្តា​ដ៏​សំខាន់បំផុត​។ ពេលទំនេរ​ពី​ការសិក្សា​ម៉ោង​រដ្ឋ សុវណ្ណ​មុន្នី បាន​យក​វិញ្ញាសា​ចាស់ៗ ឬ​វិញ្ញាសា​ឆ្នាំ​កន្លង​ទៅមក​ហាត់​ធ្វើ ហើយ​បាន​វាស​ស្ទង់​សមត្ថភាព​តាមរយៈ​ការធ្វើ​លំ​ហាត់​។

​សុវណ្ណ​មុន្នី រឹត​តែមាន​ភាពជឿជាក់​លើ​ខ្លួនឯង នៅពេលដែល​ខ្លួន​អាច​ដោះស្រាយ​លំ​ហាត់​ទាំង​នោះបាន ហើយ​គិតថា​វិញ្ញាសា​ឆ្នាំមុន​មាន​ភាពងាយស្រួល ដែល​ខុសពី​ឆ្នាំមុន វិញ្ញាសា​ដែល​ច​ញ​ប្រឡង​នោះ សុវណ្ណ​មុន្នី​មិនអាច​ធ្វើបាន​នោះទេ​។ គេ​ថ្លែង​អមដោយ​ទឹកមុខ​ញញឹម​ដែរ​ថា​៖ «​ខ្ញុំ​មិនអាច​ប្រឡង​ធ្លាក់​បានឡើយ ព្រោះ​ខ្ញុំ​បាន​រៀន​ពីរ​ឆ្នាំ​ហើយ ខ្ញុំ​ដឹង​ពី​សមត្ថភាព​ខ្ញុំ​ច្បាស់ បើ​ខ្ញុំ​ធ្លាក់​ម្ដងទៀត ខ្ញុំ​ពិតជា​មិនអាច​ទទួលយក​បានទេ​»​។ «​គ្មានអ្វីៗ​កើតឡើង​ដោយ​គ្មាន​ការ​ខំប្រឹង​នោះទេ វា​ស្ថិតនៅលើ​ការ​ខំប្រឹងប្រែង​អំណត់​» នេះ​ជាការ​លើកឡើង​របស់​សុ​វណ្ណ​មុន្នី​។ ការ​ខំប្រឹង​បែបនេះ អាច​ផ្លាស់ប្ដូរ​សមត្ថភាព​ពី​ទាប​ដល់​ខ្ពស់ ពី​ការមិនយល់​អ្វី​សោះ រហូតដល់​យល់ច្បាស់​។

​គួរបញ្ជាក់​ផងដែរ​ថា សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ​២០១៦ ។ ដោយ​ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះ មាន​បេក្ខជន​ប្រឡង​ប្រមាណ​៩៣.៧៥២​នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ចែកចេញជា ១៥៧ មណ្ឌល និង​ចំនួន ៣,៧៨១ បន្ទប់​ប្រឡង​នៅ​ទូទាំង​រាជធានី​-​ខេត្ត​។ ជាមួយគ្នានេះ បេក្ខជន​ប្រឡង​ឆ្នាំនេះ កើនឡើង​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ប្រមាណ​ជាង​៥​ពាន់​នាក់ ដោយ​ឆ្នាំ​សិក្សា​២០១៤-២០១៥ មាន​បេក្ខជន​ប្រឡង​ប្រមាណ​តែ ៨៨.៤៨៨​នាក់​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com