ពីនេះ ពីនោះ
វិធីសាស្ត្រ​១០ យ៉ាង​ដើម្បី​លួងលោម​បុត្រ​ធីតា​ពេល​យំ
31, Jul 2016 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
តើ​មាតាបិតា​ទាំងឡាយ​តែងតែ​ធ្វើ​បែបណា នៅពេល​បុត្រ​ធីតា តូច​របស់ខ្លួន​យំ​? មាន​រូបភាព​ច្រើនណាស់ ដែល​មាតាបិតា​ទាំងឡាយ​បាន​ប្រើ​សម្រាប់ ដោះស្រាយ​ពេលដែល​បុត្រ​ធីតា​របស់ខ្លួន​យំ​។ វិធីសាស្ត្រ​ទាំងនោះ​មាន​ទាំង​វិធីសាស្ត្រ​វិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​កូនៗ​។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ដប់​ប្រភេទ ដែល​មាតាបិតា​គួរ​យកមកប្រើ​ប្រាស់​ដើម្បី​លួងលោម​បុត្រ​ធីតា​របស់ខ្លួន​៖



១).
​ស្វែងយល់​ពី​ប្រភព​ថា មូលហេតុ​អ្វី​បានជា​បុត្រ​ធីតា​របស់​អ្នក​យំ រួចហើយ​ដោះស្រាយ​ឲ្យ​ភ្លាម​កុំ​បង្អង់​។​

២).​
បើ​ក្មេង​យំ​ចង់បាន​របស់របរ​ផ្សេងៗ ចង់​ញាំ ត្រូវ​មើលថា​របស់​នោះ​មាន​ប្រយោជន៍​ទេ បើ​គ្មាន​ត្រូវ​ពន្យល់​គាត់ និង​បន្លប់​ការគិត​របស់គាត់​ភ្លាម​ទៅរក​អ្វី​ដែលមាន​ប្រយោជន៍ ព្រោះ​ពេលខ្លះ​ស្ថានភាព​នេះ​ត្រូវតែមាន​អ្វី​ម្យ៉ាង​មក​ជំនួស​ការចង់បាន​រប​ស់គា​ត់​។​

៣).​
បើ​បុត្រ​ធីតា​យំ​ព្រោះ​ឈ្លោះប្រកែក​គ្នា ត្រូវ​ចេះ​សម្រប​អារម្មណ៍​របស់គាត់ កុំ​ឲ្យ​ទាមទារ​ចង់​ឈ្នះ​ពេក​។ ប៉ុន្តែ​ត្រូវ​ចេះ​បង្ហាញ​ហេតុផល​ដល់​គាត់​។ ទោះបីថា សមត្ថភាព​ខួរក្បាល​ក្មេង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​វែកញែក​ហេតុផល ប៉ុន្តែ​គាត់​អាច​ស្ដាប់​បាន​កាយវិការ​ទន់ភ្លន់​។​

៤). ​ក្មេង​ឆាប់​ចាញ់​បំផុត​សម្ដី​ផ្អែម និង​ស៊ី​ជោ ហេតុនេះ​មាតាបិតា​ត្រូវ​ចេះ​សរសើរ និង​បញ្ជោ​គាត់​បន្តិច ក៏​មិនមែនជា​បញ្ហា​។ ប៉ុន្តែ​សំខាន់ ការ​បញ្ជោរ​នោះ​មិនមែន​រុញ​គាត់​ឲ្យ​កាន់តែ​ខុស​។​

៥). ​ចំណាយពេល​សួរ និង​ស្ដាប់​ហេតុផល​គាត់​ថា​គាត់​យំ​ព្រោះ​អ្វី​។ ព្រោះថា អារម្មណ៍​មួយ​នេះ មិន​ថា​មនុស្ស​ចាស់ ក្មេង​ក៏ត្រូវ​ការ​អ្នក​ស្ដាប់​ហេតុផល​គាត់​ដូចគ្នា​។

៦). ​ពេល​បុត្រ​ធីតា​យំ កុំ​វាយ​ថែម កុំ​ជេរ​ថែម កុំ​គំរាម កុំ​បំភ័យ​...​ប៉ុន្តែ​ត្រូវ ត្រូវ​ប្រើ​វិធីសាស្ត្រ​ត្រជាក់ ប្រកបដោយ​សន្តិភាព​ចំពោះ​គាត់​។ ព្រោះ​សកម្មភាព​នោះ​គឺជា​មេរៀន​សន្តិភាព​។

៧).​ ត្រូវ​ចេះ​យក​វិធីសាស្ត្រ​ប្រើ​គាត់​ឲ្យ​ធ្វើ​នេះ ឲ្យ​ធ្វើ​នោះដែ​លអាច​បន្លប់​កំហឹង​គាត់​។ ធាតុពិត​របស់​ក្មេង ឆាប់​ខឹង ហើយក៏​ឆាប់​បាត់ ប៉ុន្តែ​ដើម្បី​ឲ្យ​ឆាប់​បាត់ ក៏​ត្រូវការ​វិធីសាស្ត្រ​។ ការប្រើ​ឲ្យ​ក្មេង​ធ្វើ​អ្វីៗ​ដែល​គាត់​អាចធ្វើ​បាន ហើយ​សរសើរ​គាត់ គឺ​ងាយ​ធ្វើ​ឲ្យ​គាត់​ទន់​អារម្មណ៍​។

៨).​
ព្យាយាម​បង្រៀន​គាត់​ឲ្យ​ក្លាយជា​ក្មេង​មាន​ភាពក្លាហាន និង​រឹងមាំ មិន​ទន់ជ្រាយ ងាយ​ស្រក់​ទឹកភ្នែក​។ ប៉ុន្តែ​មិនមែន​បង្រៀន​គាត់​ឲ្យ​ក្លាយជា​ក្មេង​កោងកាច រឹងទទឹង​ឡើយ​។​

៩).​ ត្រូវ​បង្ហាញថា អ្នកជា​មាតាបិតា យកចិត្តទុកដាក់​ចំពោះ​គាត់​បំផុត​។ ធ្វើបែបនេះ​ដើម្បី​ឲ្យ​ក្មេង​យល់់ថា ខ្លួន​មាន​ភាពកកក្ដៅ​។ បន្ទាប់មក​បង្ហាញ​គាត់​ពី​កំហុស ដែល​ត្រូវ​កែប្រែ​។​

១០).​
ជាទូទៅ​ក្មេង​យំ​ព្រោះតែ​ឈឺចាប់​អ្វីមួយ ឃ្លាន ចង់បាន ឬ​អន់ចិត្ត​និង​អ្វីមួយ ហើយ​វា​ក៏​ជា​សារជាតិ​ធម្មជាតិ​របស់​ក្មេង​ដែរ​។ ប៉ុន្តែ​ជា​មាតាបិតា មាន​តួនាទី​សំខាន់បំផុត​ក្នុងការ​ព្យាបាល​ជំងឺ​យំ​នេះ គ្មាន​អ្នកណា​អាច​ព្យាបាល​មាន​ប្រសិទ្ធិភាព​ជាង​មាតាបិតា​ទេ​។ ហេតុនេះ​មាតាបិតា ត្រូវ​ចេះ​ពង្រឹងសមត្ថភាព​ខួរក្បាល​កូន​ខ្លួនឯង​។ ចំណុច​ទី​១០ វា​ជា​ជំ​ហ៊ាន មួយ​ដែល​ជួយ​ក្មេង​ឲ្យ​មាន​ភាពរឹងមាំ តែ​មិនមែន​បង្រៀន​ឲ្យ​មាន​ច​រឹត​ពាល​ទេ​។

​វិធី​ទាំងឡាយ​នេះ អាច​និយាយថា វា​ដដែល​សម្រាប់​មាតាបិតា​មួយចំនួន​ដែល​លោក​បាន​ប្រើ​រួចមកហើយ ប៉ុន្តែ​ជាទូទៅ​ពេល​មាន​កំហឹង មាតាបិតា​មួយចំនួន​ច្បាស់​ណាស់​ពិតជា​មិនអាច​ទប់​កំហឹង​ខ្លួនឯងបាន អាច​ឈានដល់​ហិង្សា​ចំពោះ​កូន​គ្រប់ពេល​។ ប៉ុន្តែ​ការប្រើ​ហិង្សា​គ្រប់​រូបភាព គឺ​ពិតជា​មិនមែនជា​ជម្រើស​ល្អ ជា​វិធី​ល្អ​ឡើយ​ចំពោះ​ការអប់រំ​ក្មេង​៕


© រក្សាសិទ្ធិដោយ thmeythmey.com