ជាតិ
សម្តេច ហ៊ុន សែន​៖ យុវជនត្រូវ​ចេះ​បង្កើត​ឱកាស និង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​
31, Jul 2016 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ថ្លែង​សារ​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យ​ចេះ​នាំគ្នា​បង្កើត​ឱកាស និង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ការ​ថ្លែង​របស់​សម្តេច​គឺ​ឡើង​ក្នុង​ពិធី​ចែក​រង្វាន់​ដល់​ជ័យលាភី​ក្នុង​កម្មវិធី «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​» នៅ​វិមាន​សន្តិភាព​។​


​សម្តេច ហ៊ុន សែន បាន​មើលឃើញ​ពី​ឱកាស​ដ៏​ច្រើន​របស់​យុវជន​នាពេល​បច្ចុប្បន្ន ដែល​ខុសពី​សម័យកាល​របស់​ស​ម្តេច​។ សម្ត​ច​នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​ការប្រឹងប្រែង​បង្កើត​ឱកាស​របស់ខ្លួន​កាល​នៅ​ជា​យុវវ័យ​ដោយ​យក​ជីវិត​ធ្វើជា​ដើមទុន ក្នុង​ការតស៊ូ​ផ្តួលរំលំ​របប​ខ្មែរក្រហម រហូតដល់​បង្រួម​តំបន់​ត្រួតត្រា​មក​នៅត្រឹម​តែមួយ​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​។​

​នយោបាយ​ឈ្នះ​-​ឈ្នះ ត្រូវបាន​សម្តេច ហ៊ុន សែន ចាត់ទុកថា ជា​នយោបាយ​ផ្តាច់មុខ​របស់ខ្លួន ក្នុង​ការធ្វើសមាហរណកម្ម​ពី​តំបន់​ត្រួតត្រា​៤ មក​នៅត្រឹមតែ​១ ដោយ​សម្តេច​អនុវត្តតាម​គោលការណ៍​បី​សំខាន់ៗ គឺ ការធានា​អាយុជីវិត​-​រូប​កាយ ការធានា​អាជីព​-​មុខរបរ និង​ការទទួលស្គាល់​កម្មសិទ្ធិ ទាំង​លើ​ចលនទ្រព្យ និង​អចលនទ្រព្យ​។​

​សម្តេច ហ៊ុន សែន បាន​ជុំរុញ​ឲ្យ​យុវជន​ប្រើប្រាស់​ឱកាស​ដែល​ខ្លួន​មាន​ស្រាប់​ដើម្បី​ចូលរួម​កសាង​សង្គម​គ្រួសារ ប្រទេសជាតិ ដើម្បី​ការផ្លាស់ប្តូរ​ប្រកបដោយ​វិជ្ជមាន​៕


Tag:
 សម្តេច ហ៊ុន សែន​
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com