ជាតិ
សិល្បះ
មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១
31, Jul 2016 , 2:20 pm        
រូបភាព
​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១ នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ​២០១៧ ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  ចុះ​ថ្ងៃទី​២៩ ខែកក្កដា ដោយ​អំពាវនាវ​អ្នក​ដែលមាន​ស្នាដៃ​ចូលរួម​ប្រកួតប្រជែង​។ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី​១​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង បង្កើត​នូវ​បរិស្ថាន​បណ្ដុះ​ពន្លក​ថ្មី ផ្ដល់​ការលើកទឹកចិត្ត ការសម្របសម្រួល និង​ការគាំទ្រ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ការបញ្ចេញ​គំនិត​ច្នៃប្រឌិត និង​សម្លេង​របស់​យុវ​ផលិតករ​វ័យក្មេង​កម្ពុ​ជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត​ជាតិ​។



​សម្រាប់​ខ្លឹមសារ​គោល​នៃ​រឿង មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​ឆ្នាំ​២០១៦ (1stCNSFF) នឹង​ជ្រើសរើស​ខ្លឹមសារ​គោល​ចំនួន​ពីរ ចំពោះ​ការផលិត​ស្នាដៃ​សម្រាប់​ការចូលរួម​ប្រកួត គឺ​ទី​១ ផ្ដោតទៅលើ ប្រធានបទ​ដែលមាន​មូលដ្ឋាន​លើ​ខ្លឹមសារ​គោល (​វប្បធម៌ និង​សង្គម​) និង​ទី​២ ប្រធានបទ​ដែលមាន​មូលដ្ឋាន​លើ​ខ្លឹមសារ​គោល (​សង្គម និង​ការអភិវឌ្ឍ​)​។

ម្យ៉ាងវិញទៀត សម្រាប់​ខ្លឹមសារ​គោល​ទី​១ ផ្ដោតលើ​ចំណេះដឹង ឥរិយាបថ​និង​អាកប្បកិរិយា ដែល​ទាក់ទង​ទៅនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​បទពិសោធន៍​របស់​មនុស្ស​វ័យក្មេង​។ ទាក់ទង​នឹង​នេះ ខ្លឹមសារ​គោល​នៃ​រឿង​វប្បធម៌​ឆ្លុះបញ្ចាំង​ពី​អារម្មណ៍ សេចក្ដីស្រលាញ់ សេចក្តី​ទុក្ខព្រួយ​នៃ​ជីវិត ឬ​ជាការ​ឆ្លុះបញ្ចាំង​នៃលក្ខណៈ​សង្គម​ពី​ជីវិត​គ្រួសារ​ជំនឿ​សាសនា និង​មិត្តភាព​។​

​បន្ថែម​លើ​នេះ ចំពោះ​ខ្លឹមសារ​គោល​ទី​២ ផ្ដោតទៅលើ​បញ្ហាសំខាន់​ដែល​ប្រជាជន ជាពិសេស​យុវជន​កម្ពុជា នឹង​អាច​ប្រឈម ដំណោះស្រាយ និង​ការរួមចំណែក​របស់ខ្លួន​ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ឬ​ជាការ​ឆ្លុះបញ្ចាំង​ពី​ព្រឹ​ត្ត​ការណ៍​សង្គម និង​ការអភិវឌ្ឍ​សហគមន៍​។

​ជាមួយគ្នានេះ សម្រាប់​ពេលវេលា​នៃ​ការរៀប​ចំប​ពិធី​បើក​មហោស្រព (1stCNSFF) ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ និង​ពិធី​បិទ​មហោស្រព​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​ចុ​ត​មុខ​។ ដោយឡែក កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការទទួល​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ដែល​ចូលរួម​ប្រកួតប្រជែង​សម្រាប់​អ្នក​មិន​ឆ្លងកាត់​ថ្នាក់​តែង​និពន្ធ​រឿង (Script Lab) និង​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ដែល​ចូលរួម​បញ្ចាំង​បង្ហាញ នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ចំណែកឯ កាលបរិច្ឆេទ​ចុងក្រោយ សម្រាប់​អ្នក​ឆ្លងកាត់​ថ្នាក់​តែង​និពន្ធ​រឿង (Script Lab) នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​គួរ​បញ្ជាក់ដែរថា សម្រាប់​ជ័យលាភី​លេខ​១ ទទួលបាន​ពានមាស អមដោយ​ថវិកា ៣.០០០ ដុល្លា​អាមេរិក​។ ចំណែកឯ​ជ័យលាភី​លេខ​២ ទទួលបាន​ពានប្រាក់ អមដោយ​ថវិកា ២.០០០ ដុល្លា​អាមេរិក និង​ជ័យលាភី​លេខ​៣ ទទួលបាន​ពានសំរិទ្ធ អមដោយ​ថវិកា ១.០០០ ដុល្លា​អាមេរិក​។​

​សូមបញ្ជាក់ថា ដើម្បី​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់ លោកអ្នក​អាចទាក់ទង​តាម​អាសយដ្ឋាន លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​១ ឆ្នាំ​២០១៦ សិ​ត្ថ​នៅក្នុង​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ អាគារ​លេខ ៧០ ផ្លូវ​លេខ ២០០ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ គេហទំព័រ www.cambodiafilm.gov.kh


© រក្សាសិទ្ធិដោយ thmeythmey.com