ជាតិ
ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ លើក​ទី​៤ នឹងធ្វើ​នៅ​រាជធានី​ភ្នំពេញ​
01, Aug 2016 , 8:39 am        
រូបភាព
ក្រសួងពាណិជ្ជកម្ម គ្រោង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ លើក​ទី​៤ នៅ​រាជធានី​ភ្នំពេញ នា​ខែតុលា ហើយ​បន្ត​រៀបចំ​នៅ​ខេត្ត​ផ្សេងៗ ទៀត នៅ​ឆ្នាំ​ខាងមុខ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​លើក​ទី​៣ នៅក្នុង​ខេត្ត​ព្រះសីហនុ​កន្លងទៅ​។​



ទីភ្នាក់ងារសារព័ត៌មាន​ក​ម្ពូ​ជា​AKP បាន​ដកស្រង់​សម្ដី​លោក ប៉ាន់ សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា ការបើក​ដាក់តាំង​ពិព័រណ៍ ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​នេះ គឺ​សិ​ត្ថ​នៅក្នុង​ដំណាក់កាល​ការប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ជួយ​ដល់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ផលិតកម្ម​ទាំងឡាយ​នៅ​កម្ពុជា​។ ក្រសួងពាណិជ្ជកម្ម​រៀប​ចំ យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ក្នុង​គោលបំណង​ក្រើន​រម្លឹកស្មារតី​ដល់​អ្នកប្រើប្រាស់​ទាំងឡាយ ឲ្យ​ងាក​មកប្រើប្រាស់​ទំនិញ​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការហូរចូល​ទំនិញ​ពី​បរទេស និង​ជំរុញ​ការនាំចេញ​ផលិតផល​ខ្មែរ​ទៅ​ក្រៅប្រទេស​។ ម្យ៉ាងវិញទៀត ចូលរួមចំណែក​ជួយ​ពង្រឹងសមត្ថភាព​ផលិត និង​បង្កើន​ការងារ​ធ្វើ​ជូន​ប្រជាជន​ក្នុងស្រុក​។ 


 

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បន្តថា ផលិតផល និង​សេវា​ជាច្រើន​ប្រភេទ ត្រូវ​បានដាក់​បង្ហាញ ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ផលិតផល​នេះ មាន​ផលិតផល​កសិពាណិជ្ជកម្ម ផលិតផល​សិប្បកម្ម​ជា​វត្ថុ​អនុ​ស្សារី​យ៌ ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ ផលិតផល​សុខភាព​និង​សម្រស់ សេវា​ទេសចរណ៍ និង​អប់រំ​។ បន្ថែម​លើ​នេះ មាន​ផលិតផល​សំណង់ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ផ្សេងៗ​ទៀត ដើម្បី​ទាក់ទាញ​អ្នក​ចូលមក​ទស្សនា​ពិព័រណ៍ ឲ្យ​កាន់តែច្រើន ព្រោះ​ផលិតផល​របស់​ខ្មែរ​ក្នុងស្រុក មិន​ចាញ់​ផលិតផល ដែល​នាំចូល​ពី​បរទេស​ឡើយ​។​

សូម​បញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្ម​បាន​កំពុថ​រៀបចំ​ព្រឹត្តិការណ៍​លើក​ទី​៣ នៅលើ​ទឹកដី​តំបន់ឆ្នេរ​សមុទ្រ មាន​រយៈពេល​៤​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។  ទន្ទឹមនឹងនេះ កាលពី​លើក​ទី​១ ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ បានរៀបចំ​នៅ​ខេត្តសៀមរាប និង​ទី​២ ធ្វើ​នៅ​ខេត្តកំពង់ចាម ហើយ​ត្រៀម​រៀបចំ ព្រឹត្តិការណ៍ ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ លើក​ទី​៤ នៅ​រាជធានី​ភ្នំពេញ​នាពេលខាងមុខ​បន្តទៀត​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com