ជាតិ
រូបសំណាក​សម្តេច ជួន ណាត ក្លាយជា​និមិត្តរូប​អនុស្សាវរីយ៍​នៅតាម​សាលារៀន​
31, Jul 2016 , 3:15 pm        
រូបភាព
សម្តេចព្រះសង្ឃរាជ ជួន ណាត គឺជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​របស់​កម្ពុជា ហើយ​ចលនា​សាងសង់​រូបសំណាក​ព្រះ​សង្ឃ​នៅតាម​សាលារៀន កំពុង​មានការ​ផុសផុល​យ៉ាងខ្លាំង​។ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ អតីត​សិស្ស​ដែល​រៀន​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ជាយ​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​តម្កល់​រូបសំណាក​សម្តេច​សង្ឃ ជួន ណាត នៅ​បរិវេណ​សាលា​។​


​ក្រោម​ការផ្ដួចផ្ដើម​គំនិត និង​រៀបចំ​អស់​រយៈពេល​ពីរ​ខែ អតីត​សិស្ស​ដែល​ធ្លា​ប់រៀន​នៅ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី បានរៀបចំ​ពិធី​ដាក់​តម្កល់​រូបសំណាក​សម្តេច ព្រះសង្ឃរាជ ជួន ណាត នៅក្នុង​បរិវេណ​សាលា​របស់ខ្លួន​ដើម្បី​ទុកជា​ទីសក្ការៈ និង​ជា​អំណោយ​អនុស្សាវរីយ៍​សម្រាប់​សាលា​ដែល​ពួកគេ​ធ្លាប់​ឆ្លងកាត់​ការរៀនសូត្រ​។​

​លោក មូលី មុនីរក្ស តំណាង​អតីត​សិស្ស និង​ជា​អ្នក​ផ្តួចផ្តើម​កម្មវិធី​រៃអង្គាស បាន​បញ្ជាក់ថា ផែនការ​របស់​អតីត​សិស្ស​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី ក្រៅពី​ការសាងសង់​រូបសំណាក ពួកលោក​ចង់​បង្កើត​ឲ្យ​មានការ​ជួបជុំ ការអភិវឌ្ឍ​សាលា និង​ការជួយ​សិស្ស​ជួប​ការលំបាក​។ ម្យ៉ាង​វិញ​ទៅ ផែនការ​សម្រាប់​អភិវឌ្ឍ​សាលា បាន​ពិភាក្សាគ្នា​លើ​គម្រោង​មួយចំនួន​ដែល​ត្រូវធ្វើ​រួមមាន ការដាក់​បង់​អង្គុយ ការរៀប​ការ៉ូឡា និង​ការសាងសង​រូបសំណាក់​នៅក្នុង​វិទ្យាល័យ​។

 
​លោក​បាន​អះអាងថា នេះ​ជា​លើក​ទី​១ នៃ​ការចាប់ផ្ដើម​កម្មវិធី​បែបនេះ ទោះបីជា​មិនបាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​យ៉ាងណាក៏ដោយ ប៉ុន្តែ​កម្ម​ពិធី​ថ្ងៃនេះ បាន​ប្រារព្ធ​ដោយ​ជោគជ័យ ដែល​ការចូលរួម​ពី​អតីត​សិស្ស​ជាច្រើន​។

​ចំណែក​កញ្ញា ខៀវ ច​ន្តា​រ័ត្ន បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​ការរៀបចំ​កម្មវិធី​ជួបជុំ​អតិ​ត​សិស្ស​បែបនេះ​។ ទោះបីជា​ជាប់រវល់​ការសិក្សា​ក៏ដោយ កញ្ញា ចិន្ដា​រ័ត្ន បាន​ឆ្លៀត​ចូលរួម​កម្មវិធី​នេះ​ផងដែរ​។ ច​ន្តា​រ័ត្ន ដែលជា​និស្សិត​ពេទ្យ បាន​រៀបរាប់​ពី​អនុស្សាវរីយ​ដែលមាន​នៅក្នុង​វិទ្យាល័យ​នេះ​ថា​៖ « នៅពេល​មក​វិទ្យាល័យ​ឃើញ​ថ្នាក់រៀន ពេល​ឃើញ​លោកគ្រូ អ្នកគ្រូ ពេលដែល​ឃើញ​មុខ​ពួកគាត់ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​»​។

 
​លោក ឆាយ សុង​លី នាយក​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី បានបង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​អតីត​សិស្ស​ដែល​បាន​ងាក​មក​ចូលរួម​ការ​សាង​អភិវឌ្ឍ​សាលា ហើយ​បាន​បង្កើត​កម្មវិធី​ជួបជុំ​បែបនេះ​។ លោក​បាន​លើកឡើងថា ស្នាមញញឹម​របស់​គ្រូ សប្បាយចិត្ត​បំផុត នៅពេលដែល​សិស្ស​ដឹងគុណ​គ្រូ  និង​មិន​ភ្លេច​គ្រូ ដែលជា​អ្នកផ្ដល់​ចំណេះដឹង​។ លោក ឆាយ សុង​លី បាន​បញ្ជាក់ថា លោក​មានការ​ភ្ញាក់ផ្អើល នៅពេលដែល​អតីត​សិស្ស​ទូរ​សព្ទ​មក​ចង់​បង្កើត​កម្មវិធី​បែបនេះ ហើយ​រំភើប​យ៉ាងខ្លាំង​។

 
​ក្រុម​អតីត​សិស្ស​តាំងចិត្ត​រៀបចំ​កម្មវិធី​នា​ឆ្នាំក្រោយៗ​ទៀត និង​រៀបចំ​កម្មវិធី​ឲ្យ​កាន់តែ​ធំ ដើម្បី​ឲ្យ​អតីត​សិស្ស​គ្រប់​ជំនាន់​បាន​ជួបជុំគ្នា​។ តំណាង​ក្រុម​អតីត​សិស្ស បាន​បន្ថែមថា បើទោះបី​សិស្ស​ជំនាន់​ក្រោយ រៀបចំ​កម្មវិធី​បែបនេះ​ក៏ដោយ លោក​សប្បាយចិត្ត ហើយ​និង​ចូលរួម​ជាមួយគ្នា​ដើម្បី​អភិវឌ្ឍ​សាលា ដែលជា​ទីកន្លែង​បណ្ដុះ​គំនិត និង​នាំ​ផ្លូវ​ឲ្យ​មាន​ភាពជោគជ័យ​។​
​បន្ថែម​លើស​នេះ ក្រោយពី​ការជួបជុំ​នេះ អតីត​សិស្ស​មានការ​ញ៉ាំ​អាហារ​ជុំគ្នា និង​បាន​ចូលរួម​សំអាត​ទីធ្លា​វិទ្យាល័យ ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ​កាល​នៅ​សិក្សា ដែល​ទទួល​វិន័យ​រើស​សំរាម​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com