ជាតិ
បទល្មើស​គ្រឿងញៀន​រយៈពេល​៦​ខែ​ឆ្នាំ​២០១៦ កើនឡើង​២០​ភាគរយ​
31, Jul 2016 , 4:45 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការបង្ក្រាប​គ្រឿងញៀន​នា​រយៈពេល​៦​ខែ ឆ្នាំ​២០១៦​នេះ គឺមាន​ការកើនឡើង​២០​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​។ ការកើនឡើង​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​អះអាងថា បណ្តាលមកពី​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​គ្រឿងញៀន​មិន​ចំ​កន្លែង​គោលដៅ ការធ្វើ​ចំណាកស្រុក និង​ការចេញចូល​របស់​ជន​បរទេស​ជាដើម​។


 
លោក មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​ចំនួន​២១៥៨​ករណី គឺមាន​ការកើនឡើង​២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៥​។

​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ​កម្ពុជា និង​ការចែករំលែក​ពី​ប្រទេស​ថៃ​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពីបទ​ល្មើស​គ្រឿងញៀន កាលពី​ចុង​សប្តាហ៍​នេះ លោក មាស វិ​រិ​ទ្ធ ដែល​ត្រូវបាន​AKP ដកស្រង់​ប្រសាសន៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មូលហេតុ​នៃ​ការកើនឡើង​អ្នកប្រើប្រាស់​គ្រឿងញៀន គឺ​បណ្តាលមកពី ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន មិនបាន​ជ្រាបចូល​ជ្រៅ​ដល់​គោលដៅ​ងាយ​រងគ្រោះ ការធ្វើ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ដែល​មិនសូវមាន​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន ការគ្រប់គ្រង​នៅ​មូលដ្ឋាន​ចំពោះ​តំបន់​មិនទាន់​រៀបរយ ដែល​ងាយស្រួល​ដល់​ក្រុម​ជួញដូរ​គ្រឿងញៀន ប្រមូលផ្តុំ​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន ការចេញចូល​របស់​ជ​នប​រទេស ដោយ​ជនបរទេស​មួយចំនួន​បាន​ប្រើប្រាស់​គ្រឿងញៀន និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ជាដើម​»​។

លោក​បន្តថា ទោះបីជា​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បានជា​ច្រើន​ករណី យ៉ាងណាក៏ដោយ តែ​នៅតែមាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ជា​ហូរហែ ដែល​បញ្ហា​នេះ គឺ​បណ្តាលមកពី​កង្វះ​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស និង​សមត្ថភាព​មន្ត្រី​ជំនាញ​នៅមានកម្រិត ដែល​ទាម​ទាម​ឲ្យ​មានការ​បង្កើន​ចំនួន​មន្ត្រី និង​បំប៉ន​ចំណេះដឹង​បន្ថែមទៀត​៕      


© រក្សាសិទ្ធិដោយ thmeythmey.com