ជាតិ
សម្តេច ហ៊ុន សែន​៖ តើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​កើតជា​រូបរាង​ហើយ​ឬ​នៅ​?
31, Jul 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃថា អន្តរាគមន៍​របស់​ប​រទេស ជាពិសេស​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​ម​ជ្ឈឹ​ម​បូព៌ា ក្រោម​ហេតុផល​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហាក់​មិន​ទទួលបាន​សមិទ្ធផល​អ្វី​នោះឡើយ​។ សម្តេច​បាន​ថ្លែង​បែបនេះ នា​ពិធី​ចែក​រង្វាន់​ដល់​ជ័យលាភី​ក្នុង​កម្មវិធី «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​» នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា​។​


​ការជ្រៀតជ្រែក​របស់​ប​រទេស រួមទាំង​ការបង្កើត​ឲ្យ​មាន​បដិវត្ត​ពណ៌ ដូចជា​នៅ​លី​ប៊ី ស៊ី​រី យ៉េ​មែន អេ​ហ្ស៊ី​ប ឬ​អ៊ីរ៉ាក់ ជាដើម​នោះ មិនបាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងនោះ ទទួលបាន​នូវ​ផល​វិជ្ជមាន​នោះឡើយ​។ សម្តេច ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា​៖ «​តើ​អ្នក​ទាំងនោះ បានទទួល​សមិទ្ធផល​អី​ទៅ ក្រោម​ហេតុផល​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​? តើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ម​ជ្ឍឹ​ម​បូព៌ា បាន​កើតជា​រូបរាង​ហើយ ឬ​នៅ​? »​។​

​នៅ​ចំពោះមុខ​យុវជន​នា​ពិធី​ចែក​រង្វាន់​ដល់​ជ័យលាភី​ក្នុង​កម្មវិធី «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​» នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញថា មនុស្ស​រាប់រយ រាប់ពាន់ បន្ត​ស្លាប់​ជា​រៀងរាល់ថ្ងៃ ក្រោយ​មានការ​ជ្រៀតជ្រែក​របស់​បរទេស​ទៅលើ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​

​សម្តេច បាន​និយាយ​ចំៗ​ថា​៖ «​នេះហើយ​ជា​លទ្ធផល​នៃ​ការធ្វើ​នយោបាយ​ខុស ហើយ​អ្នក​ដែល​ខុស​គឺ​អាមេរិកាំង​តែម្តង ឥលូវ សូម្បីតែ Donald Trump ដែលជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ក៏បាន​ចេញមក​អះអាងថា ជាការ​ខុសឆ្គង​មួយ​ដែល​ទម្លាក់​គ្រាប់បែក បានត្រឹមតែ​សម្លាប់​សា​ដាម ហ៊ូ​សេន ទី​ចុង​បំផុត​តើ​អឺ​រ៉ា​ក់បាន​សេចក្តីសុខ​ហើយ​នៅ​? អត់​ទេ ឥលូវ​ទឹកដី​មួយចំនួន​ពួក ISIS កំពុងកាន់​កាប់​នៅឡើយ​ទេ ហើយ​ចាប់ផ្តើម​វាយ​ដណ្តើមយក​កន្លែង​នេះ កន្លែង​នោះ តម្រូវ​ឲ្យ​មាន​អ​ន្តា​រគម​ន៍​ជាប់​រហូត​រវាង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត »​។​

​សម្តេច ហ៊ុន សែន ក៏បាន​កត់សម្គាល់​ផងដែរ​ថា ប្រទេស​នៅ​តំបន់​អឺរ៉ុប ក៏​កំពុង​តែមាន​ស្ថានភាព​ពិបាក​ផងដែរ ដោយសារ​ការ​តាម​វាយប្រហារ​របស់​ក្រុម​ភេរវកម្ម ហើយ​លំហូរ​អន្តោរ​ប្រវេសន៍​ពី​ម​ជ្ឈឹ​ម​បូព៌ា​ទៅកាន់​អឺរ៉ុប​ក៏មាន​ចំនួន​កាន់តែ​រីក​ធំ​។ ទោះបីជា​យ៉ាងណាក៏ដោយ សម្តេច​បាន​ថ្កោលទោស​រាល់​សកម្មភាព​ភេរវកម្ម​។​

​ភ្ជាប់​មក​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី បានលើកឡើង​ពី​សន្តិភាព​ពេញលេញ​នាពេល​បច្ចុប្បន្ន ហើយ​សម្តេច​បាន​ប្រៀបធៀប​ពី​ស្ថានភាព​លំបាក​របស់​កម្ពុ​ជា​នៅ​សម័យ​លន់ ណុល ដែល​នោះ​កាលនោះ យុវជន សិស្ស និស្សិត ក៏ដូចជា​គ្រូបង្រៀន​ត្រូវបាន​ចាប់​ឲ្យ​ធ្វើ​ទាហាន ហើយ​រស់នៅ​ដោយ​ការភិតភ័យ​៕


Tag:
 សម្តេច ហ៊ុន សែន​
  ម​ជ្ឈឹ​ម​បូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com