ជាតិ
សាលាដំបូង​រាជធានី​ភ្នំពេញ​បន្តសាកសួរក​រ​ណី លោក ស៊ុត ឌី​ណា
01, Aug 2016 , 11:13 am        
រូបភាព
លោក ស៊ុត ឌីណា នៅពេលឡើងតុលាការកន្លងទៅ។ រូបថត SBN
លោក ស៊ុត ឌីណា នៅពេលឡើងតុលាការកន្លងទៅ។ រូបថត SBN
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បន្តសាកសួរអតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ដែល​រង​បទ​ចោទ​តាម​ការស្នើ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦​នេះ​។​



​លោក ស៊ុត ឌី​ណា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​សម្រេច​ឃុំខ្លួន​ក្រោម​បទ​ចោទ ២ គឺ​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​តាម​មាត្រា ៥៩៧ និង ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច​តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​

ACU បាន​ស៊ើបអង្កេត​ឃើញថា មន្ត្រី​រូបនេះ​មាន​លុយ​យ៉ាងច្រើន រហូតដល់ ៧,២ លាន​ដុល្លារ​ មាស ៣៣៩ តម្លឹង និង​ត្បូង​ប្រមាណ ៥០០ គ្រាប់​។​

​យោងតាម​ក្រមព្រហ្មទណ្ឌ​មាត្រា ៥៩៧ និង ៥៩៨ លោក ឌី​ណា អាច​ត្រូវ​ជាប់ពន្ធនាគារ​ពី ២ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ទៅ ១០ លាន​រៀល​ប្រសិនបើ​រកឃើញ​បទល្មើស​កេង​ផលប្រយោជន៍​ដោយ​ខុសច្បាប់​។ ចំណែក​ច្បាប់​ប្រឆាំង​អំពើពុករលួយ​មាត្រា ៣៥ ដែល​ចែង​ពីបទ​រំលោភ​អំណាច​ដោយមាន​ប្រសិទ្ធភាព​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ពី ៥ ឆ្នាំទៅ ១០ឆ្នាំ​។​

​លោក ស៊ុត ឌី​ណា ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦​។ លោក ឌី​ណា បាន​និយាយ​ពេល​សមត្ថកិច្ច​បញ្ជូន​ឡើង​តុលាការ កន្លងទៅ​ថា លោក​រង​ការចោទប្រកាន់​យ៉ាង​អយុត្តិធម៌​។​

​លោក​បាន​ចាក​ចេញពី​ភ្នំពេញ​ទៅធ្វើជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណៈ រដ្ឋ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ដែល​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល ២៥ ខែ​ ហើយ​​លោកបាន​ជិះ​យន្តហោះ​មក​រាជធានី​ភ្នំពេញ​ចំនួន ២១លើក (​ស្ទើរតែ ១ខែ ១លើក​) ក្នុងអំឡុង​ពេលបំពេញបេសកកកម្មទូត​។​

​បើតាម​លោក ឱម យ៉ិនទៀង អង្គភាព ACU បាន​រកឃើញថា​ ​លោក ស៊ុត ឌី​ណា នៅមាន​ដី​១០ កន្លែង​ធំៗ និង​ត្បូង​ប្រមាណ ៥០០ គ្រាប់ ដែល​គិត​ជា​ប្រាក់​រាប់លាន​ដុល្លារ​ផងដែរ​ ក្រៅពី​ទឹកប្រាក់​ក្រៅ​ធនាគារ​៕


Tag:
 ស៊ុត ឌី​ណា​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com