ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​ឯ​.​ឧ សម រង្ស៊ី ប្តឹង​ជំទាស់សាលក្រមសាលាដំបូងទៅ​ឧទ្ធរណ៍​
01, Aug 2016 , 3:23 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មេធាវី​ការពារ​ក្តី​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សំ សុខ​គង់ បាន​ប្តឹង​ជំទាស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បង្គាប់​កូនក្តី​លោក​ឲ្យ​បង់​ថវិកា​ចំនួន ១០​លាន​រៀល​ជូន​រដ្ឋ និង ១៥០​លាន​រៀល​ទៀត សងជំងឺចិត្ត​សម្តេច ហេង សំរិន ទៅ​សាលាឧទ្ធរណ៍ នៅ​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦​។​



​លោក សំ សុខ​គង់ ពុំ​សុខចិត្ត​ទទួលយក​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ឲ្យ​កូនក្តី​លោក ចាញ់ក្តី​ប្រធានរដ្ឋសភា ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ឡើយ​។​

​មេធាវី​ការពារ​ក្តី​ឯកឧត្តម សម រង្ស៊ី តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា​ដែល​កំពុង​និរទេស​ខ្លួន នៅក្រៅ​ប្រទេស​រូបនេះ បាន​និយាយ​នៅ​ថ្ងៃទី​១ សីហា​នេះ ក្រោយពី​លោក​បានដាក់​ពាក្យប្តឹង​ជំទាស់ នៅ​តុលាការក្រុង​ភ្នំពេញ​ថា សេចក្តីសម្រេច​របស់​តុលាការដំបូង ពុំ​អាច​ទទួលយក​បានឡើយ ខណៈពេល​មេធាវី និង​ឯកឧត្តម សម រង្ស៊ី អវត្តមាន​ក្នុង​សវនាការ​។​

​យ៉ាងណា មេធាវី​ការពារ​មេបក្ស​ប្រឆាំង​ខាងលើ ហាក់​ពុំ​ជឿជាក់​លើ​ឯករាជ្យភាព​របស់​តុលាការ​កម្ពុជា​ឡើយ​។ «​តែ​យើង​រង់​ចាំមើល​សាលាឧទ្ធរណ៍​ពិនិត្យ​ផ្លូវច្បាប់​សិន​»​។ លោក សំ សុខ​គង់ បញ្ជាក់​យ៉ាងខ្លី បន្ថែម​លើ​សេចក្តីសម្រេច​ពិន័យ ឯកឧត្តម សម រង្ស៊ី ឲ្យ​បង់​ថវិកា​ចំនួន​១០​លាន​រៀល​ជូន​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​ចំនួន ១៥០​លាន​រៀល​ជូន​សម្តេច ហេង សំរិន តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

ពាក់ព័ន្ធ​ករណីនេះ មេធាវី​តំណាង​របស់​សម្តេច ហេង សំរិន លោក គី តិច ពុំទាន់​គិតពី​ការប្តឹង​ឯកឧត្តម សម រង្ស៊ី ដោយ​ចោទថា ការផ្សព្វផ្សាយ​នេះ​ពុំបាន​ឆ្លុះបញ្ចាំង​ពី​ការពិត និង​គ្មាន​ឯកសារ​ច្បាស់លាស់ បន្តទៅ​សាលាឧទ្ធរណ៍​នោះទេ​។​

​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​លោក​ដាក់ពាក្យ​ឯកឧត្តម សម រង្ស៊ី មួយ​ករណី​ទៀត ដែល​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី នៅ​ថ្ងៃទី​១ សីហា​នេះ មុខ​តុលាការ​ភ្នំពេញ​ថា លោក​នឹង​សួរ​សម្តេច ហេង សំរិន យល់ព្រម​ទទួល​សាលក្រម​នេះ​បានទេ​? មុនពេល​លោក​ប្តឹង ទាស់​ឧទ្ធរណ៍​ថែមទៀត​។​

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ភ្លាមៗ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ឲ្យ​ឯកឧត្តម សម រង្ស៊ី ចាញ់ក្តី​សម្តេច ហេង សំរិន ក្រោយ​បើកសវនាការ​ជិត ១​ម៉ោង​។ លោក រស់ ពិសិដ្ឋ បាន​បង្គាប់​ប្រធាន​គណបក្សប្រឆាំង​ឲ្យ​បង់​ថវិកា​ចំនួន ១០ លាន​រៀល​ជូន​រដ្ឋ និង ១៥០ លាន​រៀល ស្មើនឹង​ជាង ៣​ម៉ឺន​ដុល្លារ​ជូន​ប្រធានរដ្ឋសភា​។ លោក​សំអាងថា ឯកឧត្តម សម រង្ស៊ី គ្មាន​ភស្តុតាង​ច្បាស់លាស់​ជូន​តុលាការ​។ ការសម្រេច​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​ប្តឹង​ទារជំងឺចិត្ត ៣០០ លាន​រៀល​របស់លោក គី តិច មេធាវី​ការពារ​ក្តី​សម្តេច ហេង សំរិន​។

​ឯកឧត្តម សម រង្ស៊ី បាន​រិះគន់​របប​ការកើត​ថ្ងៃ​៧​មករា ១៩៧៩ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា របប​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន បាន​បង្គាប់​តុលាការ​ឲ្យ​កាត់ទោស​ប្រហារជីវិត​សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ជា​ជន​ក្បត់ជាតិ​។

​គួរ​ជម្រាបជូន​ថា ក្រៅ​ពីបទ​ចោទ​ខាងលើ ឯកឧត្តម សម រង្ស៊ី ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស​នោះ មាន​ក្តីក្តាំ​នៅ​តុលាការ​នូវ​សំណុំរឿង ៣ ផ្សេងទៀត មិនទាន់​ចប់​ផងដែរ ក្នុងនោះ រួមមាន ទី​១. បទ​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម​។ ទី​២. បទ​បរិហារកេរ្តិ៍ លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​ឯកឧត្តម សម រង្ស៊ី ចោទប្រកាន់​លោក ហោ ណាំហុង ថា បាន​ឃុបឃិត​ជាមួយ​ក្រុមខ្មែរក្រហម ពេលដែល​លោក ហោ ណាំហុង នៅជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក​។ ទី ៣ រឿង​ក្តីក្តាំ​ទាក់​នឹង​បទ​បរិហារកេរ្តិ៍ ដែល​ប្តឹង​ដោយ​លោក សោម សឿន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី ដោយសារ​ឯកឧត្តម សម រង្ស៊ី លើកឡើងថា លោក សម សឿន ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បង្កើត​ហ្វេ​ស​ប៊ុ​ក​សប្ប​និមិត្ត​ចុច Like ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន​៕


Tag:
 សម រង្ស៊ី​
  ហេង សំរិន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com