ជាតិ
តម្លៃដី​ហក់​ឡើង​ខ្លាំ​ង​ក្រោយពេល​រដ្ឋាភិបាល​ប្រកា​សកាត់​ដី​ចេញពី​តំបន់​អប្សរា​
01, Aug 2016 , 4:09 pm        
រូបភាព
​សៀមរាប​៖ រយៈពេល​ចុងក្រោយ​នេះ ឈ្មួញ​បាន​សម្រុក​ទៅ​ទិញ​ដី​ក្នុង​តំបន់​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដែល​ព័ត៌មាន​ច្បាស់ការ​បាន​និយាយថា រដ្ឋាភិបាល​សម្រេច​កាត់​ចេញពី​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​។ កន្លងមក តំបន់​នេះ​ត្រូវបាន​ហាមឃាត់​សាងសង់​លំនៅដ្ឋាន​និង​អាគារ​ផ្សេងៗ រាប់ទាំង​កន្លែង​បើក​អាជីវកម្ម​ផងដែរ ដោយ​អាជ្ញាធរ​លើក​ហេតុផល​ថា អាច​ប៉ះពាល់​ដល់​សម្បត្តិ​បេតិកភណ្ឌ​ក្នុង​តំបន់​នោះ​។​



​បង្គោលរបង​ព្រំដី​ជាច្រើន​ជួរ និង​ច្រើន​ខ្សែ ត្រូវបាន​គេ​ឃើញ​ក្នុង​តំបន់​បុរី​សណ្ឋាគារ​អង្គរ​។ ពីមុន​ដី​នេះ គ្រាន់តែ​ជា​វាលស្រែ វាល​ចំការ ខ្លះទៀត ត្រូវបាន​ម្ចាស់​ទុកចោល ដោយ​ពុំមាន​ហ៊ុំ​របង​អ្វី​នោះឡើយ​។ រយៈពេល​ចុងក្រោយ​នេះ ទីតាំង​ទាំងនោះ​មាន​ភាព​អ៊ូអរ និង​មាន​កម្មករ​កំពុង​ដាំ​បង្គោលរបង​ជាច្រើន​កន្លែង ទំនងជា​វា​ត្រូវបាន​លក់ ឫ​ម្ចាស់​ដី​មាន​សិទ្ធិ​អភិវឌ្ឍន៍​ផ្ទាល់​នៅ​ទីនោះ​។​



​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប គឺជា​ផ្នែក​មួយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​។ ប្រជាជន​ក្នុង​តំបន់​នោះ មាន​សិទ្ធិ​រស់នៅ តែ​ពួកគេ​ត្រូវបាន​ហាមឃាត់​មិនអោយ​សង់ផ្ទះ​បន្ថែម ឫ​បើ​មានការ​ជួសជុល ត្រូវ​ស្នើសុំ​ច្បាប់​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន​។​

​លោក តឹ​ម ដា​រឿន ប្រធាន​សាខា​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី ប្រចាំខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា តម្លៃ​ដី​ឡើង​ខ្លាំង ចាប់​រង្វង់​មូល​អប្សរា (​ផ្លូវ​៦០​ម៉ែត្រ​) រហូតដល់​រង្វង់​មូល​ព្រៃ​គុយ​។ លោក តឹ​ម ដា​រឿន លម្អិត​ថា សព្វថ្ងៃនេះ តម្លៃ​ដី​គឺ​ចាប់ពី​៦០​ទៅ​៨០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ឈ្មួញ​ខ្លះ​ហ៊ាន​ឲ្យ​តម្លៃលើស​១០០​ដុល្លារ​ក៏មាន​។ ខុសពី​មុន ដែល​តំបន់​ទាំងនោះ ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅឡើយ គឺ​តម្លៃ​ចន្លោះ​ពី ២០​ទៅ​៣០​ដុល្លារ​តែប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក តឹ​ម ដា​រឿន​។​

​តាម​ការបញ្ជាក់​ពី​អ្នកជំនាញ​វាយតម្លៃ​អចលនទ្រព្យ តម្លៃ​ក្នុង​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប បានចាប់ផ្តើម​ក​ក្រើ​កឡើ​ង ចាប់ពី​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦​មក​ម្លេះ​។ ព្រោះថា សំណង់​អាគារ​សាលាខេត្ត​ថ្មី ត្រូវបាន​សាងសង់​ក្នុង​តំបន់​នោះ​។ «​ធម្មតា នៅ​កន្លែង​ណា​ដែលមាន​សាលាខេត្ត វា​នឹង​ទាញ​តម្លៃ​ដី​ក្នុង​តំបន់​នោះ​ឲ្យ​កាន់តែ​ខ្ពស់​។ តំបន់​នោះ គឺជា​ផ្លូវជាតិ​លេខ​៦A​ទី​២ ព្រោះ​វា​ធំ​។ តំបន់​នេះ គេ​អាច​សង់​ជា​សណ្ឋាគារ ភោជនីយដ្ឋាន​។​ល​។ ហើយ​វា​កាន់តែ​ឡើងថ្លៃ​ថែមទៀត ប្រសិនបើ​ម្ចាស់​ដី​ចាប់ផ្តើម​ចាក់ដី​បំពេញ​»​។​



​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ក្របដណ្តប់​លើ​សង្កាត់​៣​ក្នុង​ក្រុង​សៀមរាប មាន​សង្កាត់​នគរធំ សង្កាត់​ស្លក្រាម និង​សង្កាត់​អំពិល​។ យោងតាម​អនុក្រឹត្យ​លេខ​១៥៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​២៥ កក្កដា ឆ្នាំ​២០១៦ បានសម្រេច​ប្រទានកម្ម​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល និង​កាន់កាប់​ជាក់ស្តែង លើកលែងតែ​ដី​ដែល​បាន​ដោះស្រាយ​តាម​គោលនយោបាយ​រួចរាល់​តែប៉ុណ្ណោះ​។ នេះ​ជា​អនុក្រឹត្យ​ទី​៣​ហើយ ដែល​គេ​នៅចាំ​ថា កាលពី​ខែមេសា​ឆ្នាំ​២០១៥ ក្នុង​ពិធី​ចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត សម្តេច ហ៊ុន សែន បានចេញ​អនុក្រឹត្យ​លេខ ៥១ និង​៥២ សម្រេច​កាត់​ដី​ច្រើន​កន្លែង​ក្នុង​តំបន់​ខាងលើនេះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ ដែល​សរុប​ជាង ២០០​ហិកតា​៕


© រក្សាសិទ្ធិដោយ thmeythmey.com