អន្តរជាតិ
រដ្ឋអាជ្ញា​តួ​ក​គី​៖ CIA និង​FBI នៅ​ពីក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១៥ ខែកក្កដា
01, Aug 2016 , 4:44 pm        
រូបភាព
​របប​ដឹកនាំ​តួ​ក​គី​របស់​ប្រធានាធិបតី Tayyip Erdogan បាន​បន្ត​ការរិះគន់ និង​ចោទប្រកាន់​អាមេរិក​ថា នៅ​ពីក្រោយ​ការរៀបចំ​ធ្វើ​រដ្ឋប្រហារ​ដែល​មិន​ជោគជ័យ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​តួ​ក​គី​។ ដោយសារតែ​ហេតុការណ៍​រដ្ឋប្រហារ​នេះ ទំនាក់ទំនង​រវាង​តួ​ក​គី ជាមួយនិង​ប​ស្ចឹ​ម​ប្រទេស បាន​ល្អក់កករ​នឹង​គ្នា ហើយ​ថែមទាំង​រាលដាល​ដល់​បញ្ហា​ជនភៀសខ្លួន​ផងដែរ​។​



​រដ្ឋអាជ្ញា​របស់​តួ​ក​គី បាន​អះអាងថា ស្ថាន​ប័ន​ចារកម្ម​ពីរ​របស់​អាមេរិក គឺ​ទីភ្នាក់ងារ​ចារកម្ម​មជ្ឈិម (CIA) និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ផ្ដល់​ការហ្វឹកហាត់​ដល់​អ្នកដើ​រ​តាម​បព្វជិត​សាសនា​លោក Fethullah Gulen​។ បព្វជិត Gulen នេះហើយ​ដែល​រដ្ឋាភិបាល​តួ​ក​គី​ចាត់ទុកជា​មេខ្លោង​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន ស្លាប់​និង​របួស ហើយ​ដែល​ការ​បោសសម្អាត​អ្នកពាក់ព័ន្ធ កំពុងតែ​ធ្វើ​នៅឡើយ​នោះ​។ 

​ក្នុង​ដីកា​ចោទប្រកាន់ ដែល​ចេញ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា Edirne Public និង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ព្រហ្មទណ្ឌ​ទី​ពីរ អ្នក​រួមគំនិត​ធ្វើ​រដ្ឋប្រហារ​ចំនួន​៤៣​នាក់ ត្រូវបាន​ចោទប្រកាន់ និង​ត្រូវ​ប្រឈមមុខ​នឹង​ការដាក់ទោស​ធ្ងន់ធ្ងរ​បំផុត​។ ដីកា​ដដែល​បន្តថា រដ្ឋអាជ្ញា ចោទប្រកាន់​សមាជិក​នៃ​អង្គការ​ភេរវកម្ម Fethullah ត្រូវបាន​បង្វឹក​ដោយ CIA និង FBI​។​

​បើតាម​ដីកា​ខាងលើ ស្ថាប័ន​ចារកម្ម​ទាំងពីរ​របស់​អាមេរិក បានផ្ដល់​ការហ្វឹកហាត់​ជាច្រើន​ដល់​ក្រុម​អ្នក​បង្ហាត់ ដែល​នៅក្រោម​មជ្ឈមណ្ឌល​វប្បធម៌​របស់លោក Gulen​។ ជាមួយគ្នានេះ រដ្ឋប្រហារ​មិនបាន​សម្រេច​នេះ មា​គោលបំណង​ធ្វើ​ឲ្យ​តួ​ក​គី​ចុះ​អន់ថយ ហើយ​អ្នក​ដែល​ធ្វើការ​ឲ្យ​លោក Gulen ទាំង​អ្នក​នៅក្នុង​ស្ថាប័ន​តុលាការ​ក្ដី ក្នុង​ក្រុម​សន្តិសុខ​ក្ដី និង​អ្នក​ដែល​ទទួល​ការហ្វឹកហ្វឺន ជា​អ្នកទទួល​អនុវត្ត​ការងារ​ទាំងនេះ​។​

​សារព័ត៌មាន Sputnik បាន​ឲ្យ​ដឹង​ដែរ​ថា ការលើកឡើង​របស់រ​ដ្ឋ​អាជ្ញា​ខាងលើនេះ គឺ​ស្របគ្នា​នឹង​គំនិត​របស់​ប្រធានាធិបតី Erdogan ឆ្លើយតប​នឹង​ការរិះគន់​របស់​មេទ័ព​អាមេរិក​។ លោក Erdogan បញ្ជាក់ថា ប្រជាជន​តួ​ក​គី ដឹងថា​អ្នកណា​នៅ​ពីក្រោយ​ហេតុការណ៍​ដែល​កើតឡើង ហើយ​ស្ថាប័ន​ចារកម្ម​កំពូល​ណា ដែល​នៅ​ពីក្រោយ​ផងដែរ​។​

​នៅ​ថ្ងៃទី​៣០ ខែកក្កដា ប្រធានាធិបតី Erdogan បាន​បន្ត​ការចោទប្រកាន់​របស់លោក ដោយ​ហៅ​បព្វជិត Gulen ជា​កូនអុក និង​គាំទ្រ​ដោយ​មេគំនិត ដែល​គេ​សង្ស័យថា ជា​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​តួ​ក​គី​។ យ៉ាងណាមិញ សហរដ្ឋអាមេរិក តែង​ទាត់ចោល​រាល់​ការចោទប្រកាន់​ទាំងនេះ និង​បាន​អះអាងថា ការចោទប្រកាន់​នេះ​នឹង​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​៕  


Tag:
 អាមេរិក​
  ​តួ​ក​គី​
  CIA
  FBI
  ​រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com