ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ CNRP ៨ រូប​កំពុង​រួបរឹត​ដោយ​បណ្តឹង ក្នុងនោះ​ឯកឧត្តម សម រង្ស៊ី ជាប់​បណ្តឹង ៥ តែម្នាក់ឯង​
01, Aug 2016 , 8:39 pm        
រូបភាព
ដោយ:
​គិត​មកដល់​ត្រឹម​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៦ នេះ  មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨ រូប​កំពុងមាន​ក្តីក្តាំ​នៅ​តុលាការ ហើយ​អ្នកខ្លះ​កំពុងតែ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ និង​ស្នាក់ការ​បក្ស ព្រមទាំង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​។ ក្នុងចំណោម​មន្ត្រី​ដែល​កំពុង​រួបរឹត​ដោយ​បណ្តឹង ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ដោយ​បណ្តឹង​ចំនួន ៥ តែម្នាក់ឯង​។​



​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៨ រូប​ដែល​កំពុង​រួបរឹត​ដោយ​បណ្តឹង​នោះ មានដូចជា ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា អនុប្រធាន​បក្ស លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោកមៀ​ច សុវណ្ណារ៉ា សមាជិក​គណៈកម្មាធិកា​រ​នាយក​បក្ស លោក ពិន រតនា តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​បក្ស និង​លោក តុ វ៉ាន់​ច័ន្ទ តំណាងរាស្ត្រ និង​អគ្គនាយករង​ហិរញ្ញវត្ថុ​បក្ស ព្រមទាំង​អ្នកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​។​

​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​នូវ បណ្តឹង​ចំនួន ៥ តែម្នាក់ឯង ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង ដែល​ឯកឧត្តម​កំពុងស្នាក់នៅ​និរទេស​ខ្លួន​នៅ​បរទេស​។ សូម​ជម្រាប​ដោយ​សង្ខេប​ថា មនុស្ស​សំខាន់ៗ ដែល​ប្តឹង​ឯកឧត្តម សម រង្ស៊ី មានដូចជា ទី ១ លោក ហោ ណាំហុង​ប្តឹង​ឯកឧត្តម សម រង្ស៊ី​ពីបទ​បរិហាកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម​ជាតិ​សាសន៍​។ បណ្តឹង​ទី ២ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិ​កេរ្តិ៍​ជា​សាធារណៈ​។ បណ្តឹង​ទី ៣ រដ្ឋាភិបាល​ប្តឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម​។ បណ្តឹង​ទី ៤ ប្តឹង​ដោយ​លោក សោម សឿន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី ដោយ​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពី​បរិហារកេរ្តិ៍​ជា​សាធារណៈ ពី​ព្រោះតែ​ឯកឧត្តម សម រង្ស៊ី ចោទ​មន្ត្រី​រូបនេះ​ថា បញ្ជា​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ចុច​Likes Page សម្តេច ហ៊ុន សែន​។ បណ្តឹង​ទី ៥ ដែលជា​បណ្តឹង​ទើបតែ​ដាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ទី ១ ខែសីហា​នេះ គឺជា​បណ្តឹង​របស់​សម្តេច ហ៊ុន សែន ប្តឹង​ឯកឧត្តម សម រង្ស៊ី ចំពោះ​ការចោទប្រកាន់​របស់​ប្រធាន​គណបក្ស​ឆាំង​ថា រដ្ឋាភិបាល​ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោក កែម ឡី​។

​ចេញពី​ករណី​ឯកឧត្តម សម រង្ស៊ី មក​ចាប់អារម្មណ៍​ពី​ករណី​ឯកឧត្តម កឹម សុខា វិញ​ម្តង​។ បច្ចុប្បន្ន​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស កំពុង​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​នៃ​បទល្មើស «​ការបដិសេធ​មិន​ចូលខ្លួន​» ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​កាល​ពី​ចុងខែ​ឧសភា ឆ្នាំ ២០១៦ កន្លងទៅ​។ ការចោទប្រកាន់​ឯកឧត្តម កឹម សុខា ដោយសារ​លោក​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ មិន​ព្រម​ចូលខ្លួន​ទៅ​ភ្លឺ​ក្នុងនាម​ជា​សាក្សី​ជុំវិញ​សំណុំរឿង​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ តាម​ការកោះហៅ​របស់​តុលាការ​។ មកដល់ពេលនេះ អស់​រយៈ​ជាង ២ ខែ​ហើយ ដែល​ឯកឧត្តម កឹម សុខា ឃុំ​ខ្លួនឯង​នៅក្នុង​ទីស្នាក់ការ​កណ្តាល​បក្ស​។

​បន្ត​មក​ចាប់អារម្មណ៍​ករណី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទី ៣ គឺ​ករណី​ឯកឧត្តម ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់ ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ ដោយសារ​រូបលោក​និយាយ​ទាក់ទង​នឹង  សន្ធិសញ្ញា​មិត្តភាព​រវាង​រដ្ឋាភិបាល​ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ទឹកដី ហើយ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម សម រង្ស៊ី​។ ទាក់ទង​នឹង​រឿង​ទឹកដី​នេះដែរ ក៏​ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​មួយរូប​ទៀត គឺ​លោក អ៊ុំ សំអាន ជាប់ពន្ធនាគា​រដែរ​។ លោក អ៊ុំ សំអាន ជា​មន្ត្រី​ទី ៤ ដែល​ពូកែ​រិះគន់​រឿង​ព្រំដែន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ញុះញង់​ឲ្យ​មានការ​រើសអើង កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០​ខែមេសា ឆ្នាំ​២០១៦ ដែល​ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ​ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក​។​

​មន្ត្រីជាន់ខ្ពស់​ទី ៥ គឺ​លោក មៀ​ច សុវណ្ណារ៉ា កំពុងតែ​ជាប់ពន្ធនាគារ​ព្រៃ​ស ដោយសារ​តុលាការ ចោទប្រកាន់​លោក ពីបទ​ដឹកនាំ​ធ្វើ​កុប្បកម្ម ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ផ្តើមគំនិត ក្នុង​អំពើហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា នៅលើ​ស្ពាន​នាគ កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅ​។ មន្ត្រីជាន់ខ្ពស់​ទី ៦ និង​ទី ៧ គឺ លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា កំពុង​ជាប់​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ពេស្យាចារ ក្នុងករណី​កញ្ញា​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ។ កាលពីពេល​ថ្មីៗ​នេះ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានដាក់​លិខិត​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​សុំ​ឲ្យ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ ក្នុង​គោលបំណង​បើកដៃ​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​តំណាងរាស្ត្រ​ទាំង​២​រូបនេះ​។​

​ករណី​ទី ៨ គឺ​អ្នកស្រី ថាក់ ឡា​នី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ទើប​ត្រូវបាន​សម្តេច ហ៊ុន សែន ប្តឹងទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ ទី ១ ខែសីហា​នេះ  ដោយសារ​សម្តេចនាយក​រដ្ឋមន្ត្រី​ទទួល​ព័ត៌មាន​ថា អ្នកស្រី​ចោទប្រកាន់​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។

​ទាក់​ទឹង​នឹង​បញ្ហា​នេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គនបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នកប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ធ្វើបាប​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់បាន​ការគាំទ្រ​ពី​ព្រ​ជា​ពលរដ្ឋ គណបក្ស​នេះ ប្រើ​អំណាច​ខ្លួន​ធ្វើអំពើ​ល្អ រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​វិញ​។ តែ​យ៉ាងណា​កន្លងមក​ទាំង​សម្តេច ហ៊ុន សែន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​អះអាងថា ករណី​មន្ត្រី​បក្សប្រឆាំង​ដែល​កំពុងមាន​ក្តីក្តាំ​នៅ​តុលាការ គឺជា​រឿង​បុគ្គល​ដែល​ធ្វើ​ខុស​នឹង​ច្បាប់​ប៉ុណ្ណោះ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​ធ្វើបាន​នរណាម្នាក់​នោះឡើយ​៕


Tag:
 CNRP
  សម រង្ស៊ី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com