ជាតិ
លោក ហង់ ជួនណា​រ៉ុ​ន នឹង​រៀបចំ​សន្និសីទកាសែត​ពី​ដំណើរការ​ប្រឡង​បាក់​ឌុប​
02, Aug 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណា​រ៉ុ​ន នឹង​រៀបចំ​សន្និសីទ​សារ ព័ត៌មាន ស្ដីពី​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នៅ​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​អប់រំ​។​



​សន្និសីទកាសែត​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ដំណើរ​ការរៀបចំ​ប្រឡង និង​បទ​ប្បញ្ញត្តិ​មួយចំនួន​ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២២ ខែសីហា ២០១៦​នេះ ជូន​ដល់​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់​សាធារណជន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​១ ខែសីហា​។​

​សម័យ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​បាក់​ឌុប​) នឹង​ប្រព្រឹត្តឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៦​។ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ត្រូវ​ប្រឡង ៧​វិញ្ញាសា​ដូចគ្នា​។​

​វិញ្ញាសា​ប្រឡង​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដី​និង​បរិស្ថានវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។  ចំណែកឯ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ពិត វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិវិទ្យា និង​ភាសាបរទេស​។​

​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ មាន​បេក្ខជន​សរុប​ចំនួន​៩៣.៧៥២​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទាប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ រីឯ​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ៕


Tag:
 ​ហង់ ជួនណា​រ៉ុ​ន​
  បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com