ជាតិ
សេដ្ឋកិច្ច
ការហូរចូល​សាច់សត្វ​ខូចគុណភាព គំរាម​ដល់​សុខភាព​ពលរដ្ឋ​
01, Aug 2016 , 6:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​នាំចូល​សាច់សត្វ​ខូចគុណភាព​តាម​ច្រករបៀង​នានា ដែល​លោក​ថ្លែងថា​ត្រូវមាន​វិធានការ​រឹតបន្តឹង​លំហូរ​ផលិតផល​ទាំងនេះ​។



​លោក វេ​ង សាខុន មានប្រសាសន៍ថា ការ​នាំចូល​ផលិតផល​សាច់សត្វ​ខូចគុណភាព​ក្នុង​ទីផ្សារ​កម្ពុជា បាន​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ លោក​ថ្លែងថា​៖«​ចំណុច​នេះ (​ការហូរចូល​សាច់សត្វ​) គឺ​សំខាន់​ណាស់ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កសិករ​យើង​ខកចិត្ត​ពី​ការចិញ្ចឹម​សត្វ​នោះទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​សុខភាព​សាធារណជន​»​។ លោក​បន្តទៀតថា​៖«​ការនាំ​ចូល ដោយ​គ្មាន​ការត្រួតពិនិត្យ​ច្បាស់លាស់ វា​មិនអាច​ប្រាកដថា​សាច់សត្វ​ទាំងអស់នោះ ប្រកបដោយ​គុណភាព​នោះទេ​»​។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម នៅ​ថ្ងៃទី​១​ខែសីហា​នេះ នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខុន​។​

​លោក វេ​ង សាខុន គូសបញ្ជាក់​ជាពិសេស​លើ​ផលិតផល​ប្រហិត ក្នុងចំណោម​សាច់សត្វ​នាំចូល ដែល​អាច​ខូចគុណភាព​។ លោក​ប្រាប់ថា រូបលោក​ផ្ទាល់​ធ្លាប់​បរិភោគ​ហ​ត​ដក​នៅ ពេល​លោក​ទៅ​ខេត្តកោះកុង ដែល​ប៉ះ​ចំហ​ត​ដក​ខូចគុណភាព ដែល​ធ្វើទុក្ខ​ដល់​សុខភាព​របស់លោក​ភ្លាមៗ​។

​លោក​ថ្លែងថា  ការត្រួតពិនិត្យ​ការនាំ​ចូល​សាច់សត្វ​នៅតាម​ច្រកព្រំដែន នៅមាន​ភាពខ្វះ​ចន្លោះ​នៅឡើយ ដែល​ចាំបាច់​ត្រូវ​រឹតបណ្ដឹង​លើ​បញ្ហា​នេះ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញថា បច្ចុប្បន្ននេះ យើង​ច្បាស់​ជា ថា​មិន​បានគិត​ទៅដល់​ការត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​»​។ លោក​បន្ថែមទៀតថា​៖«​ខ្ញុំ​ចង់​រម្លឹក​ដល់​មន្ត្រី​យើង ដែលមាន​ខេត្ត​ជាប់​ព្រំដែន ត្រូវតែ​រឹតបណ្ដឹង​ឲ្យ​បាន​មែនទែន​ទាក់ទង​ចំណុច​នេះ​។ ខ្ញុំ​មើលឃើញថា មាន​បញ្ហា​គ្រោះថ្នាក់​ធំ​ណាស់​»​។​

​លោក វេ​ង សាខុន ក៏បាន​ក្រើនរម្លឹក​ដល់​មន្ត្រី ដែលមាន​សម្ថ​កិច្ច​ត្រួតពិនិត្យ​ការនាំ​ចូល​សាច់សត្វ​ទាំងនោះ ឲ្យ​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ លោក​ថ្លែង​ដូចនេះ​ថា​៖« ត្រូវតែមាន​វិធានការ​តឹងរ៉ឹង​មែនទែន កុំ​ឲ្យ​យក​បញ្ហា​ដោះស្រាយ​ជីវភាព ឬ​បញ្ហា​លុយកាក់​ជាធំ​ឲ្យ​សោះ​»​។​

​លោក វេ​ង សាខុន អះអាងថា កន្លងមក ក្រសួង​បាន​ជំរុញ​ឲ្យ​មាន​មន្ទីរ​ភូ​តគា​ម​អនាម័យ​នៅតាម​ច្រកព្រំដែន​សំខាន់ៗ ដើម្បី​ពិនិត្យ​គុណភាព​សាច់សត្វ​នាំចូល​ទាំងនោះ​៕


Tag:
 វេ​ង សាខុន​
  សាច់សត្វ​ខូចគុណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com