ជាតិ
ករណី​ទេសចរ​ជប៉ុន​ម្នាក់​បាត់​កង់ ហើយ​អាជ្ញាធរ​រកឃើញ​វិញ ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក​
01, Aug 2016 , 11:00 pm        
រូបភាព
រូបថត៖ ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ
រូបថត៖ ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ
ដោយ: រួបរួម
ទីបំផុត​ទៅ​បុរស​ជនជាតិ​ជប៉ុន Shun Yanagisawa អាច​បន្តដំណើរ​ផ្សេង​ព្រេង​ជាមួយនឹង​កង់​សំណព្វ​របស់ខ្លួន​វិញ​ហើយ បន្ទាប់ពី​គាត់​បានទទួល​បាន​កង់​ពី​អាជ្ញាធរ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ ក្នុង​ពិធី​ប្រគល់​ផ្លូវការ​មួយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១ ខែសីហា​នេះ​។ រឿងរ៉ាវ​ទាក់ទង​នឹង​ការបាត់​កង់ និង​ការ​តាម​ដើររក​ពេញទី​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ របស់លោក Yanagisawa ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​



​តាមរយៈ​ការផ្សាយ​របស់​កាសែត​កោះសន្តិភាព លោក Shun Yanagisawa បានចេញ​ដំណើរ​ដោយ​កង់​ពី​ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់​ប្រទេសមួយ​ចំនួន​ដូចជា​កោះ​តៃវ៉ាន់ ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ មុននឹង​មកដល់​កម្ពុជា ដោយ​ចំណាយពេល​ជិត​១​ឆ្នាំ​។​

​កង់​សំណព្វ​របស់លោក​ត្រូវបាន​ចោរលួច​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ខណៈ​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្រោយ​ព្រះបរមរាជវាំង​។ ដោយសារ​តែមាន​អនុស្សាវរីយ៍​ដ៏​ធំធេង​ជាមួយនឹង​កង់​នោះ លោក Yanagisawa បាន​ត្រាច់ចរ​តាម​កន្លែង​លក់​កង់​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​រំពឹងថា អាច​រកឃើញ​វិញ​។​

​ដោយសារតែ​មើលឃើញ​អនុស្សាវរីយ៍​ដ៏​កម្សត់​បែបនេះ អ្នកកាសែត និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​ដុតដៃដុតជើង​យ៉ាងខ្លាំង ដោយ​អំពាវនាវ​ដល់​អ្នក​ដែល​បានឃើញ​កង់ ឬ​អ្នក​លួច​ផ្ទាល់ យក​កង់​ឲ្យ​លោក Yanagisawa វិញ រហូតដល់​អ្នកខ្លះ​ប្រកាស​ចេញ​សំណង​ថ្លៃ​ខូចខាត​ជំនួស​។​

​ដំណឹង​ល្អ​បានមក​ដល់ ដោយ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ​បានប្រកាស​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា កង់​របស់ Yanagisawa ត្រូវបាន​រកឃើញ​វិញ​ហើយ ដោយ​ចោរ​បាន​យកទៅ​ប្លុង​ចោល​នៅ​មូលដ្ឋាន​របស់ខ្លួន​។ ភ្ជាប់​ជាមួយ​រូបថត​កង់ នគរបាល​ស្ទឹងមានជ័យ បានប្រកាស​ឲ្យ​បុរស​ជនជាតិ​ជប៉ុន​ទៅយក​ទ្រព្យ​សំណព្វ​របស់ខ្លួន​វិញ​។​

​លោក Yanagisawa  បានទទួល​កង់​របស់​ខ្លួន​វិញ​ដោយ​ផ្ទាល់ដៃ​ពី​លោក ឯម ភា​រី នាយ រង​ប៉ុ​ស្ដ៍នគរ​បាល ស្ទឹងមានជ័យ ក្នុង​ពិធី​ដែល​រៀបចំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ជាមួយនឹង​ទឹកចិត្ត​សប្បាយរីករាយ និង​អរគុណ​ដល់​ពលរដ្ឋ​ខ្មែរ លោក Yanagisawa បាន​សម្រេចបាន​ទិដ្ឋាកា​របស់ខ្លួន​នៅ​កម្ពុជា ហើយ​អំពាវនាវ​អ្នក​ដែល​ចូលចិត្ត​ជិះ​កង់​ចូលរួម​ជិះ​កម្សាន្ត​ជាមួយ​លោក​៕


© រក្សាសិទ្ធិដោយ thmeythmey.com